ប្រធានាធិបតីឥណ្ឌូណេស៊ីស្បថចូលកាន់តំណែងសម្រាប់អាណត្តិទី ២

AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩​ — ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានស្បថចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ សម្រាប់អាណត្តិទី២ និងជាអាណត្តិចុងក្រោយរបស់លោក ដែលមានរយៈពេល៥ឆ្នាំ ដោយលោកបានសន្យាថា នឹងចាត់វិធានការខ្លាំងក្លាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

លោកបានសន្យាធ្វើការវិនិយោគខ្លាំងទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍមណ្ឌលទេសចរណ៍ និងកសិកម្ម ដែលតភ្ជាប់កំពង់ផែសមុទ្រ និងអាកាសយានដ្ឋានទូទាំងប្រទេស។ លោកបាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងផ្តោតទៅលើការកែលំអធនធានមនុស្សរបស់ប្រទេសនេះនៅក្នុងបរិបទដែលប្រទេសឥណ្ឌូណេស៊ីកំពុងដើរយឺតជាងប្រទេសជិតខាងទាក់ទងនឹងកម្មករជំនាញ។

លើសពីនេះទៅទៀត លោកបានប្តេជ្ញាចិត្តក្នុងការក្រាលព្រំក្រហមទៅកាន់វិនិយោគិនទាំងក្នុងស្រុក និងបរទេស ដោយចាត់ទុកពួកគេជាប្រភពដ៏សំខាន់ដើម្បីបង្កើតការងារបន្ថែមទៀតនៅក្នុងប្រទេស។ លោកបានចង្អុលបង្ហាញថា អំពើពុករលួយ និងផលប្រយោជន៍ក្រុម គឺជាឧបសគ្គចម្បងសម្រាប់លំហូរមូលធនបរទេសចូលទៅក្នុងសេដ្ឋកិច្ចឥណ្ឌូណេស៊ី។

លោកបានស្បថចូលកាន់តំណែងនៅសភាក្រោមសន្តិសុខដ៏តឹងរ៉ឹង ដោយមានបុគ្គលិកសន្តិសុខជាង ៣០.០០០នាក់ត្រូវបានដាក់ពង្រាយនៅក្នុងទីក្រុងហ្សាការតា បន្ទាប់ពីមានបាតុកម្មនិស្សិតកាលពីពេលថ្មីៗនេះ និងបន្ទាប់ពីរដ្ឋមន្រ្តីសន្តិសុខរបស់ប្រទេសនេះត្រូវបានចាប់ខ្លួនដោយជនសង្ស័យម្នាក់ជាក្រុមសកម្មប្រយុទ្ធអ៊ិស្លាមនៅក្នុងខែនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)