រាជធានីភ្នំពេញ នឹងខេត្តបារៀ-វង់តាវ នៃប្រទេសវៀតណាមជំរុញកិច្ចការតភ្ជាប់វិស័យទេសចរណ៍ជាមួយគ្នា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

​ អភិបាលរាជធានីភ្នំពេញជំរុញការតភ្ជាប់វិស័យទេសចរណ៍រវាងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងខេត្តបារៀ-វង់តាវ នៃប្រទេសវៀតណាម ដើម្បីទាក់ទាញភ្ញៀវទេសចរ នៃប្រទេសទំាង២ឲ្យទៅទស្សនាកម្សាន្តទៅវិញទៅមកឲ្យកាន់តែច្រើន។
ឯកឧត្ត ឃួង ស្រេង អភិបាលរាជធានីភ្នំពេញចងឲ្យមានការភ្ជាប់ទំនាក់ទំនងរវាងវិស័យ ដឹកជញ្ជូនអ្នកដំណើរតាមរយៈរថយន្តក្រុងពីរាជធានីភ្នំពេញទៅខេត្តបារៀ-វង់តាវ នៃប្រទេសវៀតណាម ឬពីខេត្តខេត្តបារៀ-វង់តាវ មកកាន់រាជធានីភ្នំពេញវិញ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកទេសចរនៃប្រទេសទំាង២បានទៅទស្សនាកម្សាន្តនៅតំបន់ទេសចរណ៍សំខាន់ៗទំាងនៅ រាជធានីភ្នំពេញ និងខេត្ត បារៀ-វង់តាវជាដើម។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានថ្លែងដូច្នេះក្នុងឱកាសទទួលស្វាគមន៍ក្រុមគណៈប្រតិភូវៀតណាមដែលដឹកនាំដោយឯកឧត្តម ង្វៀន ហុងលិញ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាម និងប្រធានក្រុមប្រឹក្សាប្រជាជន ខេត្តបារៀ-វង់តាវ​ នៃប្រទេសវៀតណាម នៅព្រឹកថ្ងៃទី២១ ខែតុលានេះ ដើម្បីពិភាក្សាគ្នាលើគម្រោងភ្ជាប់កិច្ចសហប្រតិបត្តិការលើវិស័យ ជាច្រើន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនទំាងសងខាង។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានអៈអាងថា គម្រោងតភ្ជាប់វិស័យទេសចរណ៍រវាងរាជធានី ខេត្តនៃប្រទេសទំាង២នេះ និងជាកញ្ចប់ផលិតផលថ្មីក្នុងការទាក់ទាញភ្ញៀវទេសចរ ខណៈដែរ រាជធានីភ្នំពេញ និងបារៀ-វង់តាវ​នៃប្រទេសវៀតណាម សម្បូរទៅដោយតំបន់ទេសចរណ៍ ធម្មជាតិ ប្រវត្តិសាស្រ្ត ដ៏ច្រើនដូចគ្នា។ស្របពេលដែលទីក្រុងបារៀ-វង់តាវ នៃប្រទេសវៀតណាមនិងរាជធានីភ្នំពេញ សម្បូរទៅដោយតំបន់ទេសចរណ៍ដូច្នេះត្រូវតែផ្លាស់ប្តូរវិស័យទេសចរណ៍ទៅវិញទៅមក ពិសេសការភ្ជាប់សេវារថយន្តក្រុងដោយផ្ទាល់ពីរាជធានីភ្នំពេញទៅបារៀ-វង់តាវ​ឬពីបារៀ-វង់តាវ​ មកកាន់រាជធានីភ្នំពេញវិញ។ បន្ថែមពីនេះទៀតគឺការផ្លាស់ប្តូរវិនិយោគលើវិស័យទេសចរណ៍ ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាជននៃប្រទេសទំាង២បានធ្វើដំណើរកម្សាន្តទៅវិញទៅ មក។
ឯកឧត្តម ង្វៀន ហុងលិញ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាម និងប្រធានក្រុមប្រឹក្សាប្រជាជន ខេត្តបារៀ-វង់តាវ​ នៃប្រទេសវៀតណាមបានគាំទ្រចំពោះ គម្រោងពង្រីកកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរវិស័យទេសចរណ៍នេះថា នឹងជួយទាក់ទាញ ភ្ញៀវទេសចរទំាងសងខាងបានកាន់តែច្រើន៕