សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញដល់អាកាសយានដ្ឋានអន្តជាតិ សូកាណូហាតា តីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្តិភាព

សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញដល់អាកាសយានដ្ឋានអន្តជាតិ សូកាណូហាតា តីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្តិភាព ដើម្បីចូលរួមជាកិត្តិយស ក្នុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតី និងអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង គណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្តិភាព ដើម្បីចូលរួមផ្តល់ជាកិត្តិយស ក្នុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតី និងអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលគ្រោងធ្វើឡើងនៅរសៀលថ្ងៃទី២០ខែតុលា។ យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ ០០១ បានធ្វើការចុះចត នៅអាកាសយានដ្ឋានអន្តរជាតិ សូកាណូហាតា តីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៨ល្ងាច ថ្ងៃទី១៩តុលានេះ ក្រោមវត្តមាននៃការអញ្ជើញទទួលបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងស្និទ្ធស្នាល និងរាក់ទាក់បំផុត ពីសំណាក់ឯកឧត្តម សូហ្វីយ៉ាន់ ចាលីស រដ្ឋមន្រ្តីក្រសួងកសិកម្ម និងនគរូបនីយកម្មឥណ្ឌូនេស៊ី ឯកឧត្តមប្រធានពិធីការក្រសួងការបរទេសឥណ្ឌូនេស៊ី ឯកឧត្តម ហោ ណាំបូរ៉ា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ប្រចាំអាស៊ាន ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលឥណ្ឌូនេស៊ី និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌនេស៊ី ជាច្រើនរូប។