សម្តេចតេជោ ហ៊ុន សែនអញ្ជើញទៅចូលរួមក្នុងពិធីស្បថចូលកាន់តំណែងថ្មីរបស់ប្រធានាធិបតី ឥណ្ឌូនេស៊ី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  កាលពីរសៀលថ្ងៃទី១៩តុលាឆ្នាំ២០១៩នេះ បាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីស្បថចូលកាន់តំណែងថ្មីរបស់ ឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ជា ប្រធានាធិបតី និងឯកឧត្តម ម៉ារូហ្វ អាម៉ីន (Ma’ruf Amin) ជា អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី  ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងហ្សាការតា។ ប្រមុខរដ្ឋ  ប្រមុខរដ្ឋរដ្ឋាភិបាល និងតំណាងប្រទេសសមាជិកអាស៊ានឯទៀត ក៏នឹងមានវត្តមាននៅក្នុងពិធីនោះផងដែរ។
អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី   រួមមាន ឯកឧត្តម  ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិ បាលមួយចំនួនផងដែរ។
តាមឯកឧត្តមស្រ៉ី ថាមរុង្ឡ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានអោយដឹងថា សម្តេចតេជោនាយករដ្ឋមន្រ្តី   នឹងជួបដោយឡែកជាមួយឯក ឧត្តម ចូកូ វីដូដូ ដើម្បីជូនពរជ័យដល់ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ហើយនិងធ្វើការផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និង ពហុភាគី និងបញ្ហានានាដែលមានការចាប់អារម្ម ណ៍ដូចគ្នា។       ឯកឧត្តម ចូកូ វីដូដូ ជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិទី២ នៅក្នុងការបោះឆ្នោតសកល កាលពី ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៩ កន្លងមកនេះ សម្រាប់អាណត្តិ២០១៩-២០២៤។
ការអញ្ជើញចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងឥស្សរជនអាស៊ានផ្សេងទៀត ក្នុងពិធីស្បថចូលកាន់តំណែងថ្មីជាផ្លូវការ របស់ប្រធានា ធិបតីឥណ្ឌូនេស៊ី ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិអាស៊ាន៕