សភាកម្ពុជា អះអាងថា ទណ្ឌិត សម រង្ស៊ី មិនត្រូវបានសហគមន៍អន្តរជាតិស្វា

វិទ្យុជាតិកម្ពុជា៖លោកវ៉ាង ភក្តី
MC: សភាកម្ពុជា អះអាងថា ទណ្ឌិត សម រង្ស៊ី មិនត្រូវបានសហគមន៍អន្តរជាតិស្វាគមន៍ទៀតនោះទេ បន្ទាប់ពីបានបន្លំខ្លួនចូលរួមមហាសន្និបាតសហភាពអន្តរសភា(IPU)លើកទី១៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី កាលពីថ្ងៃទី១៣-១៧ ខែតុលា ឆ្នាំ២០១៩។
ឯកឧត្តម ឈាង វុន ប្រធានគណកម្មការកិច្ចការបរទេស ទំនាក់ទំនងអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានបញ្ជាក់ថា នៅក្នុងវេទិកានៃIPU ត្រូវបានទទួលនូវភាពអាម៉ាស់ដោយការបណ្តេញចេញពីសាលាប្រជុំដែលមានអ្នកចូលរួមចំនួនជាង២.០០០នាក់ មកពី១៤៩ប្រទេស ក្នុងនោះមានប្រធាន សភាចំនួន៧០នាក់ និងអនុប្រធានសភាចំនួន៤០នាក់។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯព្រលានយន្តហោះអន្តរជាតិ ដោយដំណើរនិវត្តន៍របស់គណៈប្រតិភូជាន់សភាកម្ពុជា ដឹកនាំដោយ លោកជំទាវ កិត្តិសង្គហ បណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី ដោយមកពីចូលរួមមហាសន្និបាតសហភាពអន្តរសភា នៅព្រឹកថ្ងៃទី១៩ ខែតុលានេះ ឯកឧត្តម ឈាង វុន បានពន្យល់ថា ករណី IPU លុបឈ្មោះ ទណ្ឌិត សម រង្ស៉ី ចេញពីបញ្ជីអ្នកឡើងថ្លែងសុន្ទរកថា ក្រៅពីការចូលរួមមហាសន្និបាតសហភាពអន្តរសភា និងកិច្ចប្រជុំពាក់ព័ន្ធ គណៈប្រតិភូសភាកម្ពុជា បានដាក់សំណើ ដើម្បីសុំដកឈ្មោះ ទណ្ឌិត សម រង្ស៉ី ចេញពីបញ្ជីអ្នកឡើងថ្លែងសុន្ទរកថា ទៅកាន់ ប្រធានដឹកនាំ IPU ដែលក្នុងនោះមាន លោកជំទាវ កាប្រ៊ីយ៉ែលឡា គូអេវ៉ាស បារ៉ុន ប្រធានសហភាពអន្តរសភា IPU និងលោកស្រី ម៉ាចា ហ្សកកូវិច ប្រធានរដ្ឋសភាស៊ែប៊ី និងជាប្រធានមហាសន្និបាត IPU លើកទី១៤១ ។ ឈ្មោះរបស់ទណ្ឌិត សម រង្ស៉ី ដោយដាក់ត្រឹមតែ (R. Sam) ដែលជ្រកក្រោមចលនាសេរីនិយមអន្តរជាតិ (Liberal International) ត្រូវបានឃើញបញ្ចូលនៅក្នុងបញ្ជីអ្នកឡើងថ្លែងសុន្ទរកថា នៅលេខរៀងទី៦៤ ដែលជាលេខរៀងចុងក្រោយគេ មួយថ្ងៃមុនកិច្ចប្រជុំចាប់ផ្តើមជាផ្លូវការ ដើម្បីជ្រៀតចូលក្នុងមហាសន្និបាតលើកទី ១៤១។ ប៉ុន្តែបន្ទាប់ពីមានសំណើរបស់គណៈប្រតិភូសភាពេញសិទ្ធិកម្ពុជា ដែលបញ្ជាក់អំពីពិរុទ្ធភាពជននេះ ទើបឈ្មោះរបស់ទណ្ឌិត សម រង្ស៉ី (R. Sam) នេះ ត្រូវបានលុបចេញពីបញ្ជីអ្នកដែលត្រូវឡើងថ្លែងសុន្ទរកថា តាំងពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ រហូតមកតែម្តង។
សូមបញ្ជាក់ថា មហាសន្និបាតសហភាពអន្តរសភាលើកទី១៤១នេះ ធ្វើឡើងក្រោមមូលបទ “ការពង្រឹងច្បាប់អន្តរជាតិ៖ តួនាទី យន្តការសភា និងការចូលរួមចំណែកកិច្ចសហប្រតិបត្តិការក្នុងតំបន់”។
បើតាមការឲ្យដឹងរបស់ឯកឧត្តម ឈាង វុន បានបញ្ជាក់ថា លោកជំទាវ ឃួន សុដារី បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃច្បាប់អន្តរជាតិ ក្នុងការថែររក្សាសន្តិសុខ សន្តិភាព និងការអភិវឌ្ឍន៍ ជាពិសេសការពង្រឹងយន្តការពហុភាគី ដែល មានលក្ខណៈទូលំទូលាយ ប្រកបដោយបរិយាប័ន្ន និងមានប្រសិទ្ធភាព។ លោកជំទាវក៏បានលើកឡើងពីភាពចាំបាច់នៃការគោរពគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋណាមួយ ការគោរពអធិបតេយ្យគ្នាទៅវិញទៅមក ការពឹងពាក់គ្នាទៅវិញទៅមកជាវិជ្ជមាន ដើម្បីកសាងសណ្តាប់ធ្នាប់ពិភពលោកមួយដែលផ្អែកលើវិធានច្បាប់ និងតួនាទីរបស់សភានៅក្នុងការជំរុញកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
សភាកម្ពុជាបានប្តេជ្ញាបន្តចូលរួមយ៉ាងសកម្មថែមទៀតក្នុងការគោរពសមភាព បរិយាប័ន្ន គោរពគ្នាទៅវិញទៅមក ភាពថ្លៃថ្នូរ និងសាមគ្គីភាព។ ពិសេសកម្ពុជាបានស្នើបន្ថែមនូវគោលការណ៍ពីរទៀត គឺ “ពិពិធកម្ម និងការគោរពអធិបតេយ្យភាព” ដែលជាសសរស្តម្ភដ៏សំខាន់នៃសន្តិភាព និងវិបុលភាពសកលលោក។
ទាក់ទងនឹងបញ្ហាកម្ពុជា លោកជំទាវបានសង្កត់ធ្ងន់ថា បច្ចុប្បន្នសន្តិភាព និងការអភិវឌ្ឍដែលរកបានដោយលំបាក កំពុងមានភាពផុយស្រួយនៅឡើយ ដោយសារការកើនឡើងនៃនយោបាយប្រជាភិថុត ជ្រុលនិយម និងការជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់កម្ពុជាពីសំណាក់ប្រទេសមួយចំនួន។ សភាក៏ដូចជា រដ្ឋាភិបាលកម្ពុជា ឲ្យតម្លៃជាអាទិភាពលើសន្តិភាព សន្តិសុខ និងស្ថេរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ខណៈកម្ពុជាកំពុងតែអនុវត្តគោលនយោបាយការបរទេស ដែលមានភាពបត់បែន និងជាក់ស្តែងនិយម តាមទិសស្លោក៖ “កំណែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ដោយឈរលើស្មារតីឯករាជ្យ”។
ឯកឧត្តមបន្តថា សភាកម្ពុជាកំពុងបន្តជំរុញកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិ ជាអាទិ៍ នាឆ្នាំក្រោយនេះ សភាកម្ពុជានឹងរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP-11) ក្នុងគោលដៅពង្រឹងយន្តការពហុភាគី និងភាពជាដៃគូរ ដើម្បីថែរក្សាសនិ្តភាព និងសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្ន។
ឯកឧត្តម ឈាង វុន អះអាងថា រាល់ការលើកឡើងរបស់គណៈប្រតិភូសភាកម្ពុជានេះ ត្រូវបានប្រធានសភា និងសមាជិកIPU គាំទ្រទាំងស្រុង ខណៈកិច្ចពិភាក្សាបានជំរុញឲ្យមានការពង្រឹងច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងការថែររក្សាសន្តិសុខ សន្តិភាព និងការអភិវឌ្ឍក៏ដូចជាការពង្រឹងយន្តការពហុភាគី ដែលមានលក្ខណៈទូលំទូលាយ ប្រកបដោយបរិយាប័ន្ន និងមានប្រសិទ្ធភាពទៅលើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ
បញ្ហាឧក្រិដ្ឋកម្មនីយកម្មនៃការលាងលុយកខ្វក់ និងការចាត់វិធានការផ្លូវច្បាប់ ដើម្បីទប់ស្កាត់ អំពើឧក្រិដ្ឋកម្មអន្តរជាតិមួយនេះ ជាដើម៕