អាជ្ញាធរខេត្តស្ទឹងត្រែង រំលឹកឱ្យបងប្អូនជនជាតិដើមភាគតិចអភិរក្សប្រពៃណីផងអភិវឌ្ឍន៍មូលដ្ឋានផង

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

M.C អាជ្ញាធរខេត្តស្ទឹងត្រែងក្រើនរំលឹកឱ្យបងប្អូនជនជាតិដើមភាគតិច ចំនួន៥ អំបូរផ្សេងគ្នានៅស្រុកសៀមប៉ាងបន្តរួមគ្នាអភិរក្សប្រពៃណីរបស់ខ្លួន ព្រមទាំងបង្កើនការអភិវឌ្ឍន៍មូលដ្ឋាននិងបន្ថែមការអប់រំកូនចៅឱ្យនៅឆ្ងាយពីគ្រឿងញៀន ដើម្បីមូលដ្ឋានរស់នៅមានសុវត្ថិភាព។
ក្នុងពិធីអបអរសាទទិវាអន្តរជាតិ ជនជាតិដើមភាគតិចពិភពលោកលើកទី២៥និងលើកទី១នៅ កម្ពុជាធ្វើឡើងនៅឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង លោក ដួង ពៅ អភិបាលរងខេត្តមានប្រសាសន៍ថា៖កត្តាទាំងបីនេះ បងប្អូនជនជាតិដើមភាគតិចត្រូវប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនរក្សានូវកេរ្ត៍ដ៏ល្អបន្តទៀត ព្រោះបច្ចុប្បន្នបងប្អូនទទួលបាន ការលើកស្ទួយសិទ្ធជនជាតិដើមភាគតិចរស់នៅក្នុងសង្គម ពីអាជ្ញាធរមូលដ្ឋាននិងរាជរដ្ឋាភិបាលស្របច្បាប់។ លោកបន្ថែមថា៖ដើម្បីចូលរួមលើកគុណតម្លៃនេះមិនថាតែប្រជាពលរដ្ឋខ្មែរទេ បងប្អូនជនជាតិយើងក៍ត្រូវដើតួនាទីសំខាន់ដែរ ក្នុងការជួយសង្គមជាតិ ដូចនេះត្រូវបង្កើនការអប់រំកូនចៅឱ្យគោរពច្បាប់សង្គមនិងចាកឆ្ងាយពីគ្រឿងញៀន។
(សម្លេង ) គ្រួសារបងប្អូនប្រជាពលរដ្ឋយើងត្រូវខិតខំអប់រំកូនក្មួយទាំអអស់កុំឱ្យប្រើប្រាស់គ្រឿងញៀន ត្រូវចៀសឆ្ងាយពីគ្រឿងញៀន ការបើកបរត្រូវការប្រុងប្រយ័ត្នកុំប្រើប្រាស់គ្រឿងប្រវឹង នៅឱ្យឆ្ងាយពីការញួសញុងបង្កឱ្យមានអស្ថេរភាពនយោបាយ បានន័យថាយើង ធ្វើយ៉ាងណាអប់រំកូនចៅឱ្យយល់ពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរបស់យើងដែលធ្វើឱ្យប្រទេសជាតិយើងមានសុខសន្តិភាពមកដល់ថ្ងៃនេះ។
លោកស៊ូ ឆេង ជនជាតិគួយមកចូលរួមក្នុងពិធីនេះបានទទួលយកការដាស់តឿននេះព្រោះពួកកាត់ក៍យល់ថា ការប្រើប្រាស់គ្រឿងញៀនវាបានបំផ្លាញខ្លួនឯង និងនាំមកនូវភាពមហន្តរាយដល់សង្គម ហើយពុកម៉ែបងប្អូនជនជាតិ ចេះតែអប់រំកូនចៅឱ្យបោះបង់។
(សម្លេង)កុំឱ្យកូនចៅប៉ះពាល់គ្រឿងញៀនគឺដាច់ខាត ឱ្យដោយរោយទៅតាមគេអ្នកប្រព្រឹត្តអាក្រក់នេះដើម្បីដើរផ្លូវល្អកុំដើរផ្លូវវៀច ស្មោះត្រង់ចំពោះប្រជាពលរដ្ឋស្លូតត្រង់ទាំងអស់គ្នាកុំឱ្យមានភ្លឺតភ្លើនចូលជាក្មេងទំនើង។
លោក ហ៊ាន ប៊ុនហៀង នាយកប្រតិបត្តិអង្គការជនជាតិដើមភាគតិចកម្ពុជាបានគាំទ្រចំពោះការយល់ដឹងនេះព្រោះកន្លងមកក្រុមការងារអង្គការជនជាតិដើមភាកតិច បានចូលរួមធ្វើសកម្មភាពទាំងការអប់រំទាំងការដាស់ស្មារតីឱ្យបងប្អូនជនជាតិរួមគ្នាអភិរក្ស នូវ វប្បធ៌ម ប្រពៃណី -ឧបករណ៍ប្រើប្រាស់ -សម្លៀកបំពាក់-ភាសា-កុំឱ្យបាត់បង់ដើម្បីទុកបង្ហាញឱ្យកូនចៅជំនាន់ក្រោយបានស្គាល់និងមានប្រយោជន៍ បំរើឱ្យវិស័យទេសចរណ៍។
សូមបញ្ជាក់ថាៈនៅស្រុកសៀមប៉ាងមានអំបូរជនជាតិដើមភាគតិចរស់នៅចំនួន៥អំបូរ ក្នុងនោះមានជនជាតិ -កាវែត-លន់-គ្រឹង-កាចក់ និងចារាយ- សរុបមានចំនួន៩០១គ្រួសារ ស្មើនិងចំនួនមនុស្ស ៤.៥៨៣នាក់៕