រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការបន្ដ កិច្ចសហប្រតិបត្តិការល្អជាមួយជប៉ុន ក្នុងដោះស្រាយនូវបញ្ហានានា

វិទ្យុជាតិកម្ពុជា៖លោក អាត ចន្ធូ
MC៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបាន ប្រកាសថា កម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការបន្ដកិច្ចសហប្រតិបត្តិការល្អជាមួយជប៉ុន និងត្រៀមខ្លួនក្នុងការដោះស្រាយនូវបញ្ហានានា ប្រសិនបើមានសំណើពីភាគីជប៉ុន។
អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម…
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយ ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (H.E. Mr. MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចំាព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា សម្ដេចក្រឡាហោម បានស្វាគមន៍ចំពោះ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ដែលតែងតាំងថ្មី ហើយសម្ដេចក៏សូមចូលរួមសម្តែងនូវសេចក្តីសោកស្តាយ និងមរណទុក្ខចំពោះប្រជាជនជប៉ុនដែលជួបនូវគ្រោះធម្មជាតិដែលកំពុងតែកើតឡើងនៅប្រទេសជប៉ុន ដែលធ្វើឱ្យប្រជាជនជប៉ុនជាច្រើន ដែលបានរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិនេះ។ សម្ដេចក្រឡាហោម សង្ឃឹមថាស្មារតីរបស់ប្រជាជន និង រដ្ឋាភិបាលជប៉ុន នឹងបន្តរួបរួមគ្នាដើម្បីដោះស្រាយនូវបញ្ហាទាំងនេះដោយទទួលបានជោគជ័យ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជា និងជប៉ុន ដែលមានកន្លងមក ហើយសម្ដេច សង្ឃឹម និងជឿជាក់ថាកិច្ចសហប្រតិបត្តិការដ៏ល្អនេះនឹងបន្តរីកចម្រើនលូតលាស់ទៅមុខជាដរាប។
ក្នុងនោះដែរ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ដែលបានបន្តជួយគាំទ្រដល់បុព្វហេតុនៃការកសាងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម នៃព្រះរាជាណាចក្រកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ។ សម្ដេចក្រឡាហោម បញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្តេច បានត្រៀមខ្លួនជានិច្ចក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អជាមួយជប៉ុន។
សំឡេង៖ សម្តេចក្រឡាហោម មានប្រសាសន៍បន្តថា ក្នុងនាមសម្ដេច ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គឺបានត្រៀមខ្លួនជានិច្ចក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អជាមួយជប៉ុន និងត្រៀមខ្លួនដោះស្រាយនូវបញ្ហានានាដែលមានសំណើ ឬក៏តម្រូវការផ្សេងៗពីស្ថានទូតជប៉ុន នៅក្នុងអាណត្តិការងាររបស់ឯកឧត្តមឯកអគ្គរាជទូត។
ជាកិច្ចឆ្លើយតបនៅក្នុងជំនួបនោះដែរ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់ សម្ដេចក្រឡាហោម ស ខេង ដែលបានយកចិត្តទុកដាក់ និងបំពេញភារកិច្ចក្នុងការថែរក្សាសន្តិភាព សន្តិសុខជូនដល់ស្ថានទូតជប៉ុន ក៏ដូចជាប្រជាពលរដ្ឋជប៉ុនដែលចេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏បានសម្ដែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាល ពិសេសក្រសួងមហាផ្ទៃក្នុងការបន្តយកចិត្តទុកដាក់ពង្រឹងនិងលើកស្ទួយនូវកិច្ចសន្ទនាជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិលនានា តាមរយៈការរៀបចំវេទិកា ស្ដីពីភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៣ កាលពីខែសីហា ឆ្នាំ២០១៩កន្លងទៅ។ឯកឧត្តមក៏បានសម្ដែងនូវការរីករាយ និងជំរុញលើកទឹកចិត្តឲ្យក្រសួងមហាផ្ទៃបន្តសហការជាមួយនឹងអង្គការចៃកា (Jica) ដើម្បីពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលមានសម្ដេចក្រឡាហោម ជាប្រធានដឹកនាំកំណែទម្រង់នេះផ្ទាល់៕