វគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងអភិបាលកិច្ចលើ ការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅកម្ពុជា បានបិទបញ្ចប់

វិទ្យុជាតិកម្ពុជា
វគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងអភិបាលកិច្ចលើ ការងារព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅកម្ពុជា ដែលជាជំនួយLOAប្រចាំឆ្នាំ២០១៩ បានបិទបញ្ចប់ នៅថ្ងៃ ទី ១៨ ខែតុលា ឆ្នាំ ២០១៩ ដោយមានការអញ្ជើញចូលរួមពីតំណាងវិស័យ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្រ្តីអនុវត្តច្បាប់ ពន្ធនាគារ មណ្ឌលបណ្តោះអាសន្នរដ្ឋ-ឯកជន ព្យាបាលស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនសរុប៥០នាក់។
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរង និងជាអនុប្រធានអចិន្រ្តែយ៍លេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្តាលបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល នេះពិតជាមានសារសំខាន់ស្នើសុំឲ្យវគ្គបណ្តុះបណ្តាលបែបនេះក្រោយៗទៀតដើម្បីធ្វើអោយប្រសើរឡើងនូវប្រសិទ្ធភាពការងារព្យាបាលស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀននៅកម្ពុជា។
លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការ រងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន បានពង្រឹងនិងពង្រីកការងារព្យាបាល សហការកាន់តែល្អប្រសើររវាងក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ពិសេសរវាងអង្គភាពអនុវត្ត ច្បាប់ ព្រះរាជអាជ្ញា តុលាការ និងមូលដ្ឋានផ្តល់សេវាសុខភាព ជាមួយនឹងការកើនឡើងនូវការយល់ដឹង និងភ្ញាក់រលឹករបស់ប្រជាពលរដ្ឋ ក្នុងការជំរុញ កូនចៅដែលប្រើប្រាស់ ឬញៀនគ្រឿងញៀនឲ្យទៅទទួលយកសេវាព្យាបាល និងស្តារនីតិសម្បទា ។
លោក ជំទាវ បាន បន្តថាទោះបី សម្រេចបាននូវលទ្ធផលការងារ យ៉ាងណាក្ដីក៏ប៉ុន្តែក៏នៅមាន បញ្ហា ប្រឈមដែរ ពោល គឺអ្នកញៀនគ្រឿងញៀនមួយចំនួននៅមិនទាន់ភ្ញាក់រលឹកស្ម័គ្រចិត្តទៅទទួលសេវាព្យាបាលនិងស្តារ នីតិសម្បទានៅឡើយ។ដូច្នេះ តម្រូវឲ្យយើងទាំងអស់គ្នាដែលជាអ្នកពាក់ព័ន្ធត្រូវខិតខំបន្ថែមទៀតឈរលើស្មារតីរួមសហការគ្នាក្នុងគោលបំណងតែមួយជួយអ្នកប្រើនិងអ្នកញៀនគ្រឿងញៀនឲ្យទទួលបានការព្យាបាល ស្តារនីតិសម្បទា ដោយមិនត្រូវទុក ឲ្យអ្នកញៀន គ្រឿងញៀន ណាម្នាក់នៅក្រៅពីការព្យាបាលឡើយ៕