អាជ្ញាធរខេត្តកំពង់ស្ពឺ ត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ

អត្ថបទ៖ លោកស្រី ប៉ុង សុភាវី

MC៖ អាជ្ញាធរខេត្តកំពង់ស្ពឺ បានត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ ដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ មកកំសាន្ត។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៏ប្រាប់ វិឡុជាតិកម្ពុជា អោយដឹងថា ព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ដែលខេត្តកំពង់ស្ពឺនឹងរៀបចំនៅដើមខែវិច្ឆិកា ខាងមុខនេះ គឺអាជ្ញាធរ បានតៀមរួចរាល់ នូវការរៀបចំ សន្តិសុខ សណ្ដាប់ធ្នាប់ កម្មវិធីកំសាន្ត សប្បាយរីករាយនានា ដូចជា ការបាញ់កាំជ្រួច កីឡាប្រដាល់គុណខ្មែរ ការតាំងពិព័ណ៏ផលិតផលផ្សេងៗទាំងក្នុងស្រុកនិងក្រៅស្រុក និងការប្រគំតន្ត្រី ជាដើម សម្រាប់បងប្អូនប្រជាពលរដ្ឋដែលទៅកំសាន្ត។
សម្លេង៖ ការរៀបចំសណ្ដាប់ធ្នាប់យើងធ្វើដូច រាល់ឆ្នាំគឺយើងមានគណៈបញ្ជាការឯកភាព បានប្រជុំដាក់រួចហើយមានទាហ៊ានប៉ូលីសប៉េអឹមសម្រាប់រៀបចំសណ្ដាប់ធ្នាប់សាធារណៈជនជូនបងប្អូនដែលមកកម្សាន្តត្រៀមពេទ្យសម្រាប់បងប្អូនអញ្ជើញមកហើយមានជំងឺឈឺថ្កាត់អញ្ចឹងគឺជួយសង្គ្រោះគាត់យើងមានឡានពេទ្យសម្រាប់អន្តរាគមន៍ដឹកជូនគាត់មានត្រៀមឡានទឹកនិយាយរួមគឺយើងបានរៀបចំរួចអស់ហើយ។
ឯកឧត្តម បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងខេត្ត ក៏ដូចជា តាមបណ្តាខេត្តផ្សេងៗ សូមអញ្ជើញទៅទស្សនាការប្រណាំងទូក នៅខេត្តកំពង់ស្ពឺ ដែលរៀបចំឡើង រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០២ដល់ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្ដោយនៃដងស្ទឹងព្រែកត្នោត មុខសួនច្បារ សម្ដេចសង្ឃ ជួន ណាត ទាំងអស់គ្នា ដើម្បីចូលរួមអបអរសារទ ព្រះរាជពិធីបុណ្យអុំទូក ដែលជាពិធីបុណ្យជាតិរបស់យើង៕