អាជ្ញាធរជាតិអប្សរា ប្រកាសបិទចរាចរណ៍ឡើង-ចុះវង់ទស្សនាជាន់ទី៣ (ប្រាង្គកណ្តាល)នៃប្រាសាទបាយ័ន

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី
អាជ្ញាធរជាតិអប្សរា បានប្រកាសបិទចរាចរណ៍ឡើង ចុះវង់ទស្សានាជាន់ទី៣ (ប្រាង្គកណ្តាល) នៃប្រាសាទបាយ័ន ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ នេះតទៅ ដើម្បីជួសជុល និងពង្រឹងស្ថានភាពប្រាសាទឡើងវិញលើផ្នែកដែលប្រឈមនឹងគ្រោះថ្នាក់។ដូច្នេះ អាជ្ញាធរជាតិអប្សរា សូមឲ្យក្រសួងស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ អង្គភាព សហគមន៍ទីភ្នាក់ងារទេសចរណ៍ សហគមន៍មគ្គុទ្ទេសក៍ទេសចរណ៍ សហគមន៍ដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ អ្នកទេសចរជាតិ និងអន្តរជាតិ និងសាធារណជនទាំងអស់ ចូលរូមសហការផ្សព្វផ្សាយ និងអនុវត្តឲ្យបានល្អប្រសើរ ។ ដោយសារ បច្ចុប្បន្ននេះស្ថានភាពសិករិចរិលនៃជាន់ទី៣ (ប្រាង្គកណ្តាល) ប្រាសាទបាយ័ន កំពុងប្រឈមនឹងហានិភ័យយ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយកត្តាអាយុកាលនិងកត្តាផ្សេងៗជាច្រើនទៀត។ ក្នុងស្ថានភាពនេះ អ្នកជំនាញការអាដហុក ផ្នែកអភិរក្សនៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារអភិរក្ស និងអភិវឌ្ឍន៍ រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា ( I-C-C Angkor ) បានផ្ដល់អនុសាសន៍ឱ្យបិទការទស្សនាជាន់ទី3 នៃប្រាសាទបាយ័ន ដើម្បីធ្វើការសិក្សាអំពីការខូចខាត និងបញ្ហាប្រឈមនានា ដោយរៀបចំផែនទីហានិភ័យនិងកំណត់ទីតាំងអតិភាព ក្នុងការពង្រឹងស្ថានភាពប្រាសាទឡើងវិញ ដើម្បីជួសជុលលើផ្នែកដែលប្រឈមនឹងគ្រោះថ្នាក់ទាំងនោះ។ប្រភពពីអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ដើម្បីថែទាំ និងការពារប្រាសាទ ក៏ដូចជាការគិតគូរយ៉ាងយកចិត្តទុកដាក់ដល់សុវត្ថិភាពភ្ញៀវទេសចរជាតិ អន្តរជាតិ អាជ្ញាធរជាតិអប្សរានឹងធ្វើការបិទចរាចរណ៍ឡើង ចុះវង់ទស្សនាជាន់ទី៣ (ប្រាង្គកណ្តាល) នៃប្រាសាទបាយ័ន ដោយទុកលទ្ធភាពឲ្យក្រុមការងារជំនាញផ្នែកអភិរក្សបំពេញការងាររបស់ខ្លួន រហូតបានរួចរាល់ជាស្ថាពរ ៕