វៀតណាម និងសហភាពអឺរ៉ុបចុះហត្ថលេខាលើកិច្ចព្រមព្រៀងចូលរួមក្របខ័ណ្ឌ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩​ប្រទេសវៀតណាម និងសហភាពអឺរ៉ុប ( EU ) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតក្របខ័ណ្ឌសម្រាប់ការចូលរួមរបស់វៀតណាមក្នុងសកម្មភាពគ្រប់គ្រងវិបត្តិរបស់ EU ។

ក្នុងនាមរដ្ឋាភិបាលវៀតណាម នាយឧត្តមសេនីយ៍ Ngo Xuan Lich សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកស្រី Federica Mogherini អនុប្រធានគណៈកម្មការអឺរ៉ុប និងជាតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខនៃសហភាពអឺរ៉ុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចូលរួមក្របខ័ណ្ឌ (FPA) នៅរដ្ឋធានីប៊្រុចសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង FPA នេះ ជាការកត់សម្គាល់នូវព្រឹត្តិការណ៍អភិវឌ្ឍន៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងការពារជាតិទ្វេភាគី ការរួមចំណែកក្នុងការលើកកម្ពស់ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅកិច្ចព្រមព្រៀងក្របខ័ណ្ឌវៀតណាម – អឺរ៉ុប ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ (PCA) ។

កិច្ចព្រមព្រៀង FPA ដើរតួជាមូលដ្ឋានគ្រឹះសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃកិច្ច- សហប្រតិបត្តិការជាក់លាក់ផ្សេងៗទៀតរវាងភាគីទាំងពីរ។

វាក៏បានត្រួសត្រាយផ្លូវសម្រាប់វៀតណាមក្នុងការចូលរួមសកម្មភាពគ្រប់គ្រងវិបត្តិមនុស្សធម៌ដោយឈរលើគោលការណ៍គ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដែលគោលការណ៍សំខាន់បំផុត គឺសិទ្ធិក្នុងការជ្រើសរើសតំបន់ និងកម្រិតនៃការចូលរួមសមស្របជាមួយគោលនយោបាយខាងក្រៅរបស់ដៃគូរៀងៗខ្លួន តាមការទាមទារ និងសមត្ថភាពផងដែរ។

ផ្អែកលើគោលការណ៍នោះ ក្រសួងការពារជាតិវៀតណាមបានជ្រើសរើសធ្វើការងារជាមួយសហភាពអឺរ៉ុបក្នុងការបង្កើតកិច្ចសន្ទនាគោលនយោបាយការពារជាតិ ជាមួយសេវាសកម្មភាពខាងក្រៅអឺរ៉ុប បណ្តុះ       បណ្តាលចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការដោះស្រាយផលវិបាកក្រោយសង្គ្រាម។

សម្រាប់សហភាពអឺរ៉ុប ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង FPA នឹងជួយជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាមដែលធ្វើឱ្យសហជីពកាន់តែមានភាពងាយស្រួលក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)