អាជ្ញាធររាជធានីចុះពន្លឿនគម្រោងពង្រីកដេីមផ្លូវតភ្ជាប់ពីផ្លូវ៦០ម៉ែត្រជាមួយនឹងផ្លូវ២៧១ អោយហើយនៅចុងឆ្នាំ២០១៩នេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​ និង​ លោក​ ចន​ ណារិទ្ធ​៖

អាជ្ញាធររាជធានីភ្នំពេញចុះពន្លឿនគម្រោងពង្រីកលំហផ្លូវតភ្ជាប់ពីផ្លូវ៦០ម៉ែត្រ ផ្លូវសម្ដេចតេជោ ហ៊ុន សែន ជាមួយនឹងផ្លូវ២៧១ អោយហើយនៅចុងឆ្នាំ២០១៩នេះ ដើម្បីបង្កលក្ខណៈងាយ ស្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំដល់ក្រុមកម្មករជំនាញត្រូវសម្រុកការស្ថាបនាផ្លូវតភ្ជាប់ពីផ្លូវ៦០ម៉ែត្រឬផ្លូវសម្ដេចតេជោ ហ៊ុន សែន ជាមួយនឹងផ្លូវ២៧១ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យអោយហើយតាមផែនការ កំណត់ ខណៈបច្ចុប្បន្ន ផ្លូវខាងលើនេះ មានលក្ខណៈតូចចង្អៀតពិបាកធ្វើដំណើរប្រឈមការ កកស្ទះចរាចរណ៍ជាប្រចាំ។ ការសម្រុកស្ថាបនាគម្រោងពង្រីកច្រកចូលផ្លូវ២០ម៉ែត្រអោយកាន់ តែធំនេះ បានធ្វើឡើងបន្ទាប់ពីអាជ្ញាធរនិងក្រុមហ៊ុនអភិវឌ្ឍន៍បានដោះស្រាយផលប៉ៈពាល់ជូនប្រជាពលរដ្ឋដែលលំនៅដ្ឋាន នៅទីនោះរួចរាល់ ដោយអនុវត្តតាមរូបមន្តឈ្នះឈ្នះរបស់សម្តេចតេជោ។
ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអៈអាងថា ផ្លូវនេះជាប្រព័ន្ធផ្លូវយុទ្ធសាស្រ្តដ៏សំខាន់ដែលជួយ រំដោះចរាចរណ៍ចេញចូលក្នុងក្រុងយ៉ាងសំខាន់ ហើយបច្ចុប្បន្នប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ផ្លូវនេះយ៉ាងមមាញឹក។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថាតាមការចុះពិនិត្យមើលជាក់ស្ដែងការបើកលំហរមហាវិថីសម្ដេចតេជោហ៊ុនសែន ឬហៅ ផ្លូវ៦០ម៉ែត្រ នៅចំណុចប្រសព្វផ្លូវលេខ២៧១ និងផ្លូវមុនីវង្សនេះ ឯឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យក្រុមហ៊ុន ING ជំរុញការស្ថាបនាផ្លូវនេះឱ្យរួចមុនថ្ងៃបុណ្យឯករាជ្យ ៩វិច្ឆិកា។ លោកប្រធានមន្ទីរបានបន្តថា ចំពោះផលប៉ៈ ពាល់ផ្ទះ ប្រជាជនបានឯកភាពទទួលយកផ្ទះថ្មថ្មីដែលក្រុមហ៊ុនសង់ចែកជូនដោយសេចក្តីរីករាយ ដើម្បីបានបើកការដ្ឋានផ្លូវអ៊ុតកៅស៊ូ ដាក់ឱ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរនៅចុងឆ្នាំ២០១៩នេះ ។
លោក កែវ សូថា តំណាងក្រុមហ៊ុន អាយ អេន ជី (ING )នៅក្នុងខណៈ ចុះពិនិត្យ នោះបានបញ្ជាក់ថា៖ ការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋនេះ គឺខាងក្រុមហ៊ុនអនុវត្តទៅតាមយុទ្ធសាស្រ្តឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែនគឺប្រជាពលរដ្ឋបានទទួលយកនូវសំណងរបស់ក្រុមហ៊ុនដោយសប្បាយរីករាយក្នុងចិត្ត ដោយសារតែក្រុមហ៊ុនសាងសង់លំនៅដ្ឋានជូនពួកគាត់ក្នុងតំបន់អភិវឌ្ឍន៍នៅនឹងកន្លែង។
អ្នកស្រី ថេង រំដួល ប្រជាពលរដ្ឋរស់នៅក្នុងក្រុងតាខ្មៅខេត្តកណ្តាលដែលតែងតែធ្វើ ចរាចរណ៍ត្រង់ចំណុចនេះជារៀងរាល់ថ្ងៃ បានបង្ហាញអារណ៍សប្បាយរីករាយ ដោយសារតែផ្លូវ នេះនឹងត្រូវរីកធំនាពេលខាងមុខងាយស្រួលដល់ការធ្វើចរាចរណ៏​។
សូមបញ្ជាក់ថា គម្រោងបើកលំហរមហាវិថី សម្ដេចតេជោ ហ៊ុន សែន ហៅផ្លូវ៦០ម៉ែត្រតភ្ជាប់ជាមួយនឹងផ្លូវ២៧១បានធ្វើឡើងក្រោមកិច្ចសហការគ្នារវាងក្រុមហ៊ុន អាយ អេន ជី (ING) និងជាអាជ្ញាធររាជធានីភ្នំពេញ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ បានធ្វើដំណើរដោយងាយស្រួល៕