អាជ្ញាធរចាប់ផ្តើមសិក្សាគម្រោងស្ថាបនាផ្លូវក្រោមដីថ្មីចំនួន២ខ្សែនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​ និង​ លោក​ ចន​ ណារិទ្ធ​៖

អាជ្ញាធររាជធានីភ្នំពេញចាប់ផ្តើមសិក្សាគម្រោងស្ថាបនាផ្លូវក្រោមដីថ្មីចំនួន២ខ្សែបន្ថែម ទៀតនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែល មិនឈមនឹងការកកស្ទះចរាចរណ៍។
អភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវក្រោមដីថ្មីទំាង២ខ្សែនេះ គឺស្ថិតក្រោមផ្លូវសហព័ន្ធរុស្ស៊ី គឺម្តុំមុខវិស្ថានភាសាបរទេស និង ម្តុំក្តាន់២ ខណៈដែរតំបន់ទំាង២ នេះកំពុងតែឈមការកកស្ទះចរាចរណ៍ជាប្រចាំស្ទើជារៀងរាល់ថ្ងៃ។
ថ្លែងក្នុងកិច្ចប្រជុំស្តីពីការរៀបចំធ្វើផ្លូវក្រោមដីជាមួយក្រុមអ្នកជំនាញ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការស្ថាបនាផ្លូវក្រោមដីនេះ គឺជាយន្តការ ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ជាលក្ខណៈយូរអង្វែរ ដែលជួយសម្រួលដល់ការចេញចូល របស់សិស្សនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ផងដែរ ខណៈដែរផ្លូវសហព័ន្ធរុស្ស៊ីនាពេលបច្ចុប្បន្ននេះមានសា្ថនភាពចរាចរណ៍មម៉ាញញឹកខ្លំាង ដែលប្រឈមការកកស្ទះចរាចរណ៍និងរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
«ក្នុងការកកស្ទះចរាចរណ៍នេះយើងដឹងហើយថា ក្នុងរាជធានីភ្នំពេញនៅតាមផ្លូវរបស់ យើងគឺបាត់បង់ចិញ្ចើមផ្លូវ ដោយត្រូវរៀបចំចិញ្ចើញផ្លូវឡើងវិញ ដើម្បីឲ្យមានការធ្វើដំណើរតាម ចិញ្ចើញផ្លូវនេះបានល្អប្រសើរ ហើយការចតយានយន្តនៅតាមដងផ្លូវត្រូវតែមានរបៀបរៀបរយ នេះជាកិច្ចការងារមួយដែលត្រូវប្រឹងប្រែង ចឹងហើយបានជាយើងត្រូវសិក្សាបញ្ហានេះមួយដូចជា សិក្សាផ្លូវក្រោយដីនៅ ផ្លូវសហព័ន្ធរុស្ស៊ី និងផ្លូវក្រោមដីត្រង់ចំណុចក្តាន់២ គម្រោងផ្លូវអែ១០ អែ៤នៅតំបន់បឹងកក់ និងគម្រោងកែលម្អផ្លូវថ្មើជើងនៅមហាវិថីម៉ៅសេទុង»។
លោកសំា ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនបានឲ្យដឹងថា ចំពោះគម្រោង ស្ថាបនាផ្លូវក្រោមដីត្រង់មុខវិទ្យាស្ថានភាសាបរទេសគឺរត់ពីក្រោមផ្លូវសហព័ន្ធរុស្ស៊ី ដោយតភ្ជាប់ពីផ្លូវលេខ២៦១ ឆ្ពោះចូលទៅក្នុងវិទ្យាស្ថានភាសាបរទេសម្តង់ដែលបង្កលក្ខណៈងាយស្រួលដល់ និស្សិតបានចេញចូលមិនប្រឈមនឹងការកកស្ទះឬគ្រោះថ្នាក់ចរាចរណ៍ជាដើម។ លោកបានបន្ថែមថា ចំណែកនៅតំបន់ក្តាន់ពីរវិញ ផ្លូវក្រោមដីនេះក៏ត្រូវរត់ពីក្រោមផ្លូវសហព័ន្ធរុស្ស៊ីផងដែរដោយភ្ជាប់ពីផ្លូវ១៦៩ឆ្ពោះផ្លូវបឹងកក ដើម្បីរំការកក់ស្ទះចរាចរណ៍នៅ តំបន់នេះ។
សូមបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញនឹងបន្តការសិក្សាគម្រោងស្ថាបនាផ្លូវក្រោមដីនេះឲ្យមាន លក្ខណៈលម្អិតបន្ថែម ដើម្បីឈានទៅស្ថាបនាជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ ដើម្បីជា ប្រយោជន៍សម្រាប់សង្គមជាតិ៕