ក្រសួងធនធានទឹកប្រកាសថាចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៤ខែតុលាឆ្នាំ២០១៩នេះកម្រិតទឹកភ្លៀងនឹងធ្លាក់ចុះពីតិចទៅបង្គួរ

វិទ្យុជាតិកម្ពុជា៖ ស្រីផល ៖

ក្រសួងធនធានទឹក បានប្រកាសថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ តុលាឆ្នាំ២០១៩នេះ កម្រិតទឹកភ្លៀងនិង ធ្លាក់ចុះពីតិច ទៅបង្គួរ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា ឥទ្ធិពលនៃជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន បាននិងកំពុងរំកិលអូសបន្លាយ មកលើភាគខាងជើង និងភាគឦសានកម្ពុជា ខណៈនៅភាគខាងក្រោម ទទួលរងនូវខ្យល់នាំមកនូវសំណើម បក់ពីសមុទ្រចិនខាងត្បូង។
ប្រភពដដែល បានបន្តថា ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៤ខែតុលា ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តក្រចេះ កម្រិតទឹកភ្លៀងនឹងចុះពីតិច មកខ្សោយ។ ចំពោះ ខេត្តបាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ ពោធិ៍សាត់ និងកំពង់ឆ្នាំង នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២១ខែតុលា ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ កណ្តាល ព្រៃវែង ស្វាយរៀង តាកែវ កំពត ព្រះសីហនុ កែប កោះកុង និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ។ទន្ទឹមនោះអាចមានភ្លៀងធ្លាក់ច្រើននៅផ្នែកខ្លះ និងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី ២៤ ខែតុលា កម្រិតទឹកភ្លៀងនឹងបន្តពីកម្រិតតិចទៅមធ្យម។
ក្រសួងធនធានទឹកនិងឧតុនិយម បានអំពាវនាវឲ្យសាធារណៈជនទាំងអស់សូមមានការប្រុងប្រយ័ត្នចំពោះបាតុភូតខ្យល់កន្ត្រាក់ផ្គររន្ទះ ដែលអាចនិងកើតមានជាយថាហេតុ ពិសេសបណ្តាខេត្តតំបន់វាលទំនាប។