មន្ត្រីជំនាញកាំកុងត្រួលខេត្តតាកែវចុះផ្សព្វផ្សាយ និងត្រួតពិនិត្យទំនិញនៅផ្សារអង្គតាសោម

AKP តាកែវ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ –កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ មន្ត្រីជំនាញសាខាកាំកុងត្រួលខេត្តតាកែវ ដឹកនាំដោយលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រួលខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរ មូលដ្ឋាន និងកម្លាំងសមត្ថកិច្ចបានចុះផ្សព្វផ្សាយ ត្រួតពិនិត្យ និងធ្វើតេស្តបឋមទៅលើមុខទំនិញជាប្រភេទចំណីអាហារ គ្រឿងកំប៉ុង និងបន្លែបង្កាមួយចំនួន ដែលដាក់លក់នៅផ្សារអង្គតាសោម ស្ថិតក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

លោក ប៉ោ លាងគង់​ បានឱ្យដឹងនៅក្នុងការចុះត្រួតពិនិត្យមុខទំនិញដែលដាក់លក់ នៅលើទីផ្សារអង្គតាសោមនេះថា មន្ត្រីជំនាញកាំកុងត្រួលក៏បានធ្វើតេស្តបឋមទៅលើទំនិញប្រភេទចំណីអាហារ ដូចជាបន្លែខ្ញី គ្រឿងសមុទ្រ ប្រហិត សរសៃគុយទាវ បាញ់កាញ់ ប៉ុន្តែរកពុំឃើញសារធាតុគីមីនៅលើចំណីអាហារទាំងនោះទេ។ ដោយឡែកការធ្វើតេស្តទៅលើអំបិល គឺ លទ្ធផលអំបិលពុំមានសារធាតុអ៊ីយ៉ូតនោះទេ ហើយមន្ត្រីជំនាញបានធ្វើការណែនាំដល់បងប្អូនអាជីវករ ឱ្យដាក់លក់អំបិលដែលមានជាតិអ៊ីយ៉ូត ដែលវានឹងជួយដល់ការរីកលូតលាស់នៃរាងកាយរបស់មនុស្ស។

លោក ប៉ោ លាងគង់ មានប្រសាសន៍បន្តថា ក្រៅពីការរកឃើញអំបិលគ្មានជាតិអ៊ីយ៉ូត មន្ត្រីជំនាញកាំកុងត្រួលក៏បានពិនិត្យរកឃើញប្រហិតហតដក មួយចំនួនដែលហួសកាលបរិច្ឆេទប្រើប្រាស់ នឹងបានរឹបអូសយកមកដុតបំផ្លាញចោលផងដែរ។​ ម៉្យាងទៀតមន្ត្រីជំនាញសាខាកាំកុងត្រួលក៏បានធ្វើការអប់រំផ្សព្វផ្សាយដល់បងប្អូនអាជីរករលក់ដូរក្នុងផ្សារអង្គតាសោម ត្រូវចេះចូលរួមទាំងអស់គ្នាដោយដាក់លក់ទំនិញដែលមានគុណភាព មានអនាម័យល្អ គ្មានជាតិគីមី។ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងធ្វើយ៉ាងណាឱ្យអតិថិជនមានជំនឿលើកការលក់ដូរត្រឹមត្រូវរបស់បងប្អូនអាជីវករយើង។

លោកប្រធានសាខាកាំកុងត្រួលខេត្តតាកែវ មានប្រសាន៍បន្ថែមថា ការចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារកន្លងមក៏ដូចជាពេលនេះ គឺមន្ត្រីជំនាញរបស់យើងរកឃើញភាគតិចបំផុតចំពោះទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងចំណីអាហារមានដាក់សារធាតុគីមី។ នេះដោយសារមានការចូលរួមសហការយ៉ាងល្អពីអាជីរករ រួមផ្សំនឹងសកម្មភាពចុះត្រួតពិនិត្យក៏ដូចជាការចុះអប់រំផ្សព្វផ្សាយដល់អាជីវករ ពីមន្ត្រីជំនាញកាំកុងត្រួលឱ្យពួកគាត់បានយល់ដឹងកាន់តែទូលំទូលាយ ពីសុវត្ថិភាពចំណីអាហារនេះ៕​

អ៊ុច  សៀង