ឡាវ គ្រោងនឹងចាប់ផ្តើមការងារកសាងខ្សែរថភ្លើង រវាងឡាវ និងវៀតណាម ក្នុងឆ្នាំ ២០២១

AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៩​ — រដ្ឋាភិបាលឡាវបានប្រគល់ឱ្យក្រុមហ៊ុនសាជីវកម្មប្រេងឥន្ធនៈឡាវ (Petro Trade) ធ្វើការសិក្សាអំពីលទ្ធភាពលើគម្រោងផ្លូវដែករវាងឡាវ – វៀតណាម។

ក្នុងនាមរដ្ឋាភិបាលឡាវ ក្រសួងផែនការនិងវិនិយោគ និងក្រុមហ៊ុន(Petro Trade)បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០១៩ ដើម្បីសិក្សានិងបញ្ចប់ការរចនាប្លង់ផ្លូវដែកលម្អិត។

ផ្លូវនេះនឹងរត់ចេញពីស្រុកThakhaetខេត្តKhammuanប្រទេសឡាវទៅកាន់ព្រំដែនប្រទេសវៀតណាម ដើម្បីភ្ជាប់ជាមួយកំពង់ផែ Vung Ang ដែលស្ថិតនៅខេត្ត Ha Tinh ភាគកណ្តាលប្រទេសវៀតណាម។ ផ្លូវនេះនឹងតភ្ជាប់ប្រទេសឡាវទៅតំបន់អាស៊ាន នឹងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្របសម្រួលដល់ការវិនិយោគ ពាណិជ្ជកម្ម និងកសិកម្ម ដែលផ្តល់សក្តានុពលដល់ប្រទេសឡាវ ដើម្បីក្លាយជាប្រទេសឧស្សាហកម្មទំនើបមួយ។

ប្រធានក្រុមហ៊ុន PetroTrade លោក Chanthone Sitthixay បាននិយាយថា ផ្លូវដែកនេះនឹងមានចម្ងាយពី ២៤០គីឡូម៉ែត្រ ទៅ ២៧០គីឡូម៉ែត្រ ដែលក្នុងនោះមានប្រហែល ១៥០គីឡូម៉ែត្រនៅខាងភាគីឡាវ និង ១២០គីឡូម៉ែត្រទៀតនៅខាងភាគីវៀតណាម។ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល វៀតណាម ក្រុមហ៊ុននឹងបន្តការស្ទង់មតិពីព្រំដែនវៀតណាមដល់កំពង់ផែ Vung Ang ។

លោកបានកត់សម្គាល់ថា ការស្ទង់មតិ និងការរចនា នឹងត្រូវបញ្ចប់ក្នុងរយៈពេលពី ៨ខែ ទៅ១២ខែ។ ក្រោយមក ប្រសិនបើក្រុមហ៊ុនទទួលបានការអនុញ្ញាតជាផ្លូវការពីរដ្ឋាភិបាលឡាវ និងវៀតណាម ការសាងសង់ផ្លូវដែកនេះនឹងត្រូវបានចាប់ផ្តើមនៅចុងឆ្នាំ ២០២១ ហើយរំពឹងថា នឹងបញ្ចប់នៅឆ្នាំ ២០២៤ ។

លោកបាននិយាយបន្តថា វានឹងក្លាយជាផ្លូវដែកតែមួយខ្សែស្របតាមស្តង់ដារអន្តរជាតិ ដើម្បីដឹកជញ្ជូនទំនិញ និងដឹកអ្នកដំណើរដែលមានល្បឿនពី ៩០គីឡូម៉ែត្រក្នុងមួយម៉ោង ទៅ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើឧបករណ៍ និងបច្ចេកវិទ្យាពីប្រទេសឥណ្ឌូណេស៊ី។ លោកបាននិយាយបន្ថែមថា តម្លៃវិនិយោគគម្រោងនឹងត្រូវបានកំណត់ ហើយនឹងប្រកាសនៅឯសន្និសីទសារព័ត៌មាននាពេលអនាគត៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)