AKP កំពង់ឆ្នាំង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ –កាលពីថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ស្ថិតក្នុងស្រុកជលគិរី ក្រោមអធិបតីភាពឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរមួយចំនួន អភិបាល អភិ បាលរងស្រុក មេឃុំ និងប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកជាច្រើននាក់ផងដែរ។ ឯកឧត្តម ឡុង ឈុន ឡៃ បានមានប្រសាសន៍ថា ការធ្វើវេទិកានេះ ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្តកំពង់ឆ្នាំង​ រួម​ជាមួយ​រដ្ឋបាល​ក្រុង​-ស្រុក រដ្ឋបា​លឃុំ-សង្កាត់ ប្រជាពលរដ្ឋ មន្ត្រី​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ជាដើម បាន​ចូលរួម​ចែករំលែកនូវ​បទពិសោធន៍ និង​ផ្ដល់​ប្រឹក្សា អំពី​អាទិភាព​នៃ​ការអភិវឌ្ឍ​មូលដ្ឋានខេត្តឱ្យមាន​សន្ទុះ​រីកចម្រើន និង​មាន​ប្រសិទ្ធភាព​ថែមទៀត​នៅ​ថ្ងៃ​អនាគត​។ ​ឯកឧត្តម បានមានប្រសាសន៍ទៀតថា សមាជិកក្រុមប្រឹក្សា មានពីតួនាទីភារកិច្ចទំនាក់ទំនងការងាររវាងក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត។ ជាមួយគ្នានោះ ក្នុងវេទិកានេះសូមឱ្យប្រជាពលរដ្ឋដែលមានកង្វល់ក្នុងចិត្ត និងមានបញ្ហាដែលជួបប្រទះ ក៏ដូចជាសំណូមពរ សូមលើកឡើងជាព័ត៌មាន និងឱ្យក្រុមប្រឹក្សាដោះស្រាយផងដែរ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបន្តថា ការស្នើសុំពីប្រជាពលរដ្ឋ ដោយសុំឱ្យអាជ្ញាធរជួយអន្តរាគមន៍បើកផ្លូវ ពង្រីកផ្លូវ និងលូបង្ហូរទឹកស្អុយ គួររៀបចំឱ្យមានប្រព័ន្ធជាពិសេសនៅតាមបណ្ដាលំនៅឋានជាប់ថ្នល់ជាតិ និងជាប់ផ្សារ មានការកកស្ទះសំរាម ទឹកភ្លៀងជារឿយៗនៅពេលមានភ្លៀងធ្លាក់ម្តងៗ ។ ឯកឧត្តមបានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនវេទិកាសាធារណៈ ចុះឱ្យដល់មូលដ្ឋាន ដើម្បីទទួលយកនូវទុក្ខកង្វល់របស់ប្រជាពល រដ្ឋ និងឆ្លើយតបតាមសំណូមពរឱ្យបានទាន់ពេលវេលា ទោះបីជាមានព័ត៌មានបានរិះគន់ថា ពិធីនេះគ្រាន់ជាការគម្រប់កិច្ចយ៉ាងណាក៏ដោយ យើងត្រូវទទួលស្គាល់ថាការរៀបចំវេទិកានេះ ក៏មិនបានគ្រប់ជ្រុងជ្រោយដែរ លុះត្រាតែយើងចុះមូលដ្ឋានជាក់ស្តែង៕ ដោយ បៃ ស៊ីថុន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ —