រដ្ឋបាលខេត្តកំពង់ស្ពឺត្រៀមរួចរាល់ក្នុងការរៀបចំព្រឹត្តិការណ៍ទទួលទានអំបុកសាមគ្គី នៅថ្ងៃ៩វិច្ជិកាខាងមុខនេះ

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ស៊ឹង សុផារី
MC រដ្ឋបាលខេត្តកំពង់ស្ពឺត្រៀមរួចរាល់ក្នុងការរៀបចំព្រឹត្តិការណ៍ទទួលទានអំបុកសាមគ្គីនៅថ្ងៃ៩វិច្ជិកាខាងមុខនេះ ក្នុងអត្ថន័យដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ។
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា អាជ្ញាធរខេត្តបានណែនាំរួចជាស្រេចនៅតាមបណ្ដាក្រុង ស្រុក ឃុំសង្កាត់ ឲ្យទទួលទានអំបុកទាំងអស់គ្នាក្រោយប្រារព្ធពិធីបុណ្យខួបអនុស្សវរីយ៍លើកទី៦៤នៃទិវាបុណ្យ ឯករាជ្យជាតិថ្ងៃ៩វិច្ជិកាឆ្នាំ២០១៩។
ឯកឧត្តមអភិបាលខេត្តបានបន្តថា សំរាប់នៅក្នុងទីរួមខេត្តវិញពិធីទទួលទានអំបុក ធ្វើឡើងនៅទីលានសួនច្បារសម្ដេចព្រះសង្ឃរាជជួនណាត ដោយមានការចូលរួមពីមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋចំនួនជាង ៦០០០នាក់ ។
ឯកឧត្តមបានបន្ថែមទៀតថា ការទទួលទានអំបុកនេះ ជាការបង្ហាញឲ្យឃើញពីការួបរួមសាមគ្គី គោរព ស្រលាញ់ ថែរក្សា ការពារជាតិ នឹងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ឯករាជ្យជាតិពេញលេញ នឹងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។
សំលេង ៖នាំគ្នាញ៉ាំអំបុកជុំគ្នា ថ្ងៃនោះដើម្បីបញ្ជាក់ពីសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាតិ ដែលយើងបញ្ជាក់នៅក្នុងជំហរមួយ គឺការសាមគ្គីឯកភាពផ្ទៃក្នុងជាតិ ក្នុងន័យថែរក្សាសុខសន្តិភាពការពាររាជរដ្ឋាភិបាល ការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញរបស់យើង។
អញ្ចឹងសូមឲ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់គាំទ្រមេដឹកនាំរបស់យើងដែល៥០០ទៅ ៦០០ឆ្នាំហើយយើងមិនដែលធ្លាប់មានសន្តិភាពពេញលេញ ដែលពេលនេះមានសម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាពមានការឯកភាពជាតិពេញលេញទូទាំងប្រទេស ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថាយកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះដែលត្រូវនឹងថ្ងៃបុណ្យឯករាជ្យជាតិ ឲ្យប្រជាជនទូទាំងប្រទេសកម្ពុជា ទទួលទានអំបុកទាំងអស់គ្នា ក្នុងអត្ថន័យ ហូបអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ៕