មន្រ្តីទីក្រុងសេអ៊ូល៖ នាយករដ្ឋមន្រ្តីលោក Lee ទំនងជានឹងជួបពិភាក្សា ជាមួយលោក អាបេ នៅសប្តាហ៍ក្រោយនេះ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ — មន្ត្រីទីក្រុងសេអ៊ូលមួយរូបបាននិយាយកាលពីថ្ងៃពុធថា នាយករដ្ឋមន្រ្តីលោក Lee Nak-yon ទំនងជានឹងជួបផ្ទាល់តែម្តងជាមួយនាយករដ្ឋមន្រ្តី​ជប៉ុន​លោក ស៊ីនហ្សូ អាបេ ក្នុង​ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូនៅសប្តាហ៍ក្រោយ​នេះ បើ​ទោះបីជាផែនការមិនទាន់ត្រូវ​បានបញ្ចប់ក៏ដោយ។

លោក លី ​គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងតូក្យូ ដើម្បីចូលរួមពិធីគ្រងរាជ្យសម្បត្តិ​របស់​អធិរាជជប៉ុន ព្រះអង្គម្ចាស់ ណារុតូ (Naruhito)​ដែលគ្រោងធ្វើនៅថ្ងៃអង្គារ សប្តាហ៍ក្រោយ​នៅក្នុងដំណើរមួយដែលអ្នកសង្កេតការណ៍និយាយថា អាចបង្កើនកម្លាំងចលករសម្រាប់កិច្ច​ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលត្រូវបានបំភាន់ដោយសារការរឹតត្បិតការនាំចេញ​របស់​តូក្យូ​ និងពលកម្មដោយបង្ខំពេលសង្គ្រាម។

មន្ត្រីនៅក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បានប្រាប់អ្នកយកព័ត៌មានក្នុង​លក្ខ​ខណ្ឌ​អនាមិក ក្នុងការឆ្លើយតបទៅនឹងសំណួរ ថាតើលោក លី គ្រោងនឹងធ្វើកិច្ចចរចាជាមួយ​លោក អាបេ​ ជាផ្លូវការទេ។

លោកបានបន្ថែមថា សម្រាប់ពេលនេះយើងគិតថា វានឹងកើតឡើងប៉ុន្តែភាគីម្ខាងទៀត​មិនទាន់បាន ផ្តល់ពេលវេលាជាក់លាក់នៅឡើយទេ។

ប្រភពការទូតនៅទីក្រុងសេអ៊ូល​ បាន​ប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា​ លោក​ លី​ និងលោក អាបេ អាចជួបគ្នាទ្វេភាគីទាំងនៅថ្ងៃពុធ ឬ ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីពិធីចូលកាន់​តំណែង នឹងរៀបចំពិធីជប់លៀង។

មន្ត្រីមួយរូបនៅឯស្ថានទូតជប៉ុនប្រចាំនៅទីក្រុងសេអ៊ូលបាននិយាយថា នៅមិនទាន់​មាន​​ការ​​សម្រេចចិត្ត​ណាមួយ ត្រូវបានធ្វើឡើងនៅក្នុងកាលបរិច្ឆេទជាក់លាក់​នៅឡើយទេ​សម្រាប់​កិច្ចពិភាក្សា​នេះ។

នៅព្រឹកថ្ងៃដដែលនេះដែរ លោក គីម ជុង-ហន អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី និង​ប៉ាស៊ីហ្វិកនៅឯក្រសួងការបរទេសបានជួបប្រជុំជាមួយសមភាគីជប៉ុនរបស់លោក គឺលោក Shigeki Takizaki នៅទីក្រុងសេអ៊ូល ដើម្បីពិភាក្សាពីកិច្ចចរចាដែលអាចកើតមាន​រវាង​លោក លី និងលោក អាបេ ព្រមទាំងពិភាក្សាគ្នាពីបញ្ហាផ្សេងៗទៀត។

របៀបវារៈនៃការពិភាក្សាកម្រិតការងារ គឺជាវិធានការណ៍ដាក់ចេញថ្មីរបស់ជប៉ុន ដែល​ត្រូវបានគេមើលឃើញថា ជាការសងសឹកនយោបាយសម្រាប់សេចក្តីសម្រេចរបស់​តុលាការ​កំពូលកូរ៉េ​ខាងត្បូងកាលពីឆ្នាំមុន ដែលបានបញ្ជាឱ្យក្រុមហ៊ុនជប៉ុនសងសំណង​ដល់ជនរង​គ្រោះ ​នៃពលកម្មដោយបង្ខំក្នុងអំឡុង អាណានិគមកិច្ចរបស់ជប៉ុននៅឆ្នាំ ១៩១០-៤៥ សម្រាប់​ឧបទ្វីប​កូរ៉េ៕

(ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)