សាលាជាច្រើននៅក្នុងប្រទេសឥណ្ឌូណេស៊ីត្រូវបានបិទ ដោយសារឥទ្ធិពលផ្សែងពីភ្លើងឆេះព្រៃ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩​ — ប្រទេសឥណ្ឌូណេស៊ីបានបិទសាលារៀនជាច្រើនដោយសារគុណភាពខ្យល់អាកាសកាន់តែអាក្រក់ដែលបង្កឡើងដោយផ្សែងកាន់តែខ្លាំងពីភ្លើងឆេះព្រៃ។

ទីភ្នាក់ងារអាកាសធាតុឥណ្ឌូណេស៊ីបាននិយាយថា ចំនួនចំណុចក្តៅនៅផ្នែកខ្លះនៃកោះស៊ូម៉ាត្រា និងកោះ Borneo បានកើនឡើង បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ហើយគេបានព្រមានដល់ប្រជាជនឥណ្ឌូណេស៊ីគួរតែបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាផ្សែងអ័ព្ទ។

ភ្នាក់ងារនេះបាននិយាយថា ចំណុចក្តៅសរុបមានចំនួន ១.៥៤៧ចំណុច ដែលបង្ហាញអំពីអគ្គិភ័យ ឬហានិភ័យខ្ពស់នៃអគ្គិភ័យត្រូវបានគេរកឃើញនៅក្នុងខេត្តចំនួន ៦ ដោយគេបាននិយាយបន្ថែមថា ផ្សែងចេញពីតំបន់ទាំងនោះអាចប៉ះពាល់ដល់ខេត្តជាច្រើនផ្សេងទៀតអាស្រ័យលើទិសដៅខ្យល់បក់។

សាលារៀនមួយចំនួនដែលបានបើកដំណើរការឡើងវិញបន្ទាប់ពីគុណភាពខ្យល់មានភាពប្រសើរឡើងនៅក្នុងសប្តាហ៍នេះ។

អស់រយៈពេលជាច្រើនខែមកនេះ ប្រទេសឥណ្ឌូណេស៊ីបានពង្រាយបុគ្គលិករាប់ពាន់នាក់​ ដើម្បីប្រ​យុទ្ធ​ប្រឆាំងនឹងអគ្គិភ័យនេះ ដោយប្រើប្រាស់យន្ដហោះរាប់សិបគ្រឿងដើម្បីធ្វើការបំផ្ទុះគ្រាប់បែកទឹក និងការព្យាយាមបង្កើតពពកដើម្បីបង្កជាភ្លៀង។

ទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូណេស៊ីកាលពីខែមុនបាននិយាយថា ខ្លួនរំពឹងថា ការមកដល់នៃរដូវវស្សានឹងបញ្ចប់អគ្គិភ័យដែលបានប៉ះពាល់ព្រៃឈើជាង ៣២០.០០០ហិកតា៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)