សំណុំរឿងករណ៏ ០០២/១ ត្រូវបានប្រគល់មកឱ្យ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

វិទ្យុជាតិកម្ពុជា៖ លោក វ៉ាង ភក្តី

ឯកសារសាធារណៈប្រមាណ ២០០.០០០ទំព័រ ទាក់ទងនឹងសំណុំរឿង ០០២/១ ត្រូវបានផ្ទេរទៅឱ្យមណ្ឌលឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ម.ត.ឯ.ច.) នៅថ្ងៃទី៨ ខែតុលាឆ្នាំ ២០១៩។
លោកស្រីជា សាវ៉ុន នាយិកាមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ មានប្រសាសន៍ថា “យើងទទួលបានឯកសារសាធារណៈនៃសំណុំរឿង០០២វគ្គ១ ចំនួន ១៧.២៦៧សំណុំ ដែល មានសរុបចំនួន ១៧៥.២៤៦ទំព័រជាភាសាខ្មែរ
អង់គ្លេស បារាំង និងភាសាមួយចំនួនទៀត។ នាពេលខាងមុខនេះ យើងនឹងបញ្ចូលឯកសារទាំងនោះទៅក្នុង
ប្រព័ន្ធអេឡិចត្រូនិច ដើម្បីដាក់បម្រើការស្រាវជ្រាវសម្រាប់អ្នកសិក្សាស្រាវជ្រាវ ដើមបណ្តឹងរដ្ឋប្បវេណី និង
សាធារណជនទូទៅ ដូចក្នុងសំណុំរឿង០០១ ដែលបានផ្ទេរមកឱ្យមជ្ឈមណ្ឌលយើងរួចមកហើយ កាលពីថ្ងៃទី
៩ ខែធ្នូ ឆ្នាំ២០១៦ (ឯកសារសំណុំរឿង០០១ មានចំនួន ៧.០២៦សំណុំ ជាបីភាសាគឺខ្មែរ អង់គ្លេស និង
បារាំង)”ฯ
សំណុំឯកសារទាំងនេះត្រូវបានប្រគល់ឱ្យដោយអង្គភាពកំណត់ត្រា និងបណ្ណសារនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដោយអនុលោមតាមបេសកកម្មរបស់ ម.ត.ឯ.ច. ដែលមានតួនាទីជាឃ្លាំងសម្រាប់តម្កល់ឯកសារច្បាប់ និងឯកសារនានាពាក់ព័ន្ធនឹងនីតិវិធីជំនុំជម្រះរបស់អ.វ.ត.ក និងដោយអនុលោមតាមការផ្លាស់ប្តូរលិខិតរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ។
នៅឆ្នាំ២០១៨ អង្គជំនុំជម្រះសាលាដំបូងនៃអ.វ.ត.ក. បានទទួលស្គាល់មជ្ឈមណ្ឌល (ម.ត.ឯ.ច.) ជាគម្រោងសំណងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿង ០០២ ឆ្លើយតបទៅនឹងសំណើរបស់ដើមបណ្តឹងរដ្ឋប្បវេណី។
សូមរំឭកថា អគារមជ្ឈមណ្ឌលត្រូវបានសាងសង់ និងបំពាក់ហេដ្ឋារចនាសម្ព័ន្ធអេឡិចត្រូនិកដោយជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាលជប៉ុន និងត្រូវបានបង្កើតឡើងជាអង្គភាពនៃទីស្តីការគណៈរដ្ឋមន្ត្រីដោយអនុក្រឹត្យលេខ ១៩៥ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥។
មជ្ឈមណ្ឌលបើកជាសាធារណៈចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ (លើកលែងថ្ងៃឈប់សម្រាកសាធារណៈ)ចាប់ពីម៉ោង ៨.៣០ ព្រឹកដល់ ៣.៣០ រសៀល។
បច្ចុប្បន្ននេះមជ្ឈមណ្ឌលមានទីតាំងនៅតាមបណ្តោយផ្លូវឧកញ៉ាម៉ុង រឹទ្ធី ផ្លូវលេខ១៩២៨ និង១១២៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មជ្ឈមណ្ឌលនឹងត្រូវប្តូរទីតាំងទៅអគារថ្មីក្នុងពេលឆាប់ខាងមុខនេះ ស្ថិតតាមបណ្តោយផ្លូវភ្លោះសហព័ន្ធរុស្ស៊ី ចន្លោះក្រសួងអភិវឌ្ឍន៍ជនបទ និងទីស្តីការគណៈរដ្ឋមន្ត្រី៕