មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញឲ្យមន្រ្តីគ្រប់ជំនាញដែលទទួលខុសត្រូវការងារ ព្យាបាលអ្នកញៀនគ្រឿងញៀនទាំងអស់ត្រូវតែរួមគ្នាដូចជាវង់តន្រ្តីដើម្បីការងារជោគជ័យ

វិទ្យុជាតិកម្ពុជា៖ដោយ លោកស្រី ផន វាសនា

លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំង គ្រឿងញៀន បានប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមសហការ ជាមួយ បណ្តា ប្រទេសជាប់ព្រំដែន និង អន្តរជាតិ ទាំងមូល ដើម្បីតស៊ូប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព និងការភិវឌ្ឍន៍សង្គម ។
ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងអភិបាលកិច្ចលើការងារព្យាបាលនិងស្តារនីតិ សម្បទាអ្នកញៀនគ្រឿងញៀននៅកម្ពុជា នៅខេត្តសៀមរាប នៅថ្ងៃទី១៦ ខែតុលា លោកជំទាវ បន្តថា ការព្យាបាលនិង ស្តារនីតិសម្បទា អ្នកញៀន គ្រឿង ញៀន គឺជាចំណុចអាទិភាពដែលបាននឹងកំពុងទទួល បានការយកចិត្តទុកដាក់ និងដោះស្រាយចំពោះមុខដើម្បីឈានទៅកាត់បន្ថយនូវតម្រូវការគ្រឿងញៀន។
ជាមួយគ្នានេះ លោក ចារ៉េ ប៉ុកប៉ា តំណាងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន ថៃ បានបញ្ជាក់ថា ក្រុមប្រឹក្សា ត្រួតពិនិត្យ គ្រឿងញៀន ថៃ(ONCB)បានត្រៀមខ្លួនជាស្រេចដើម្បីសម្របសម្រួលនិងធ្វើការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងនាមជាសមភាគីគាំទ្រការងារត្រួតពិនិត្យគ្រឿងញៀននៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម ឈុំ វណ្ណារិទ្ធិ អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការងារព្យាបាលអ្នកញៀនគ្រឿងញៀន មានភាពស្មុគស្មាញដោយអ្នកញៀនគ្រឿងញៀន គឺមានជំងឺផ្នែកខួរក្បាល ធ្វើឲ្យភ្លើតភ្លើនសប្បាយ មិនខ្វល់និងរកសេវាព្យាបាល ខុសប្លែកអ្នកជំងឺទូទៅ ពេលដែលឈឺគឺរត់ទៅរកទទួលសេវាព្យាបាល ដើម្បីបានជាសះស្បើយ។ ឯកឧត្តម បានជំរុញឲ្យ គ្រប់ជំនាញទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងអស់ត្រូវតែរួមគ្នា ដឹកដៃគ្នា ជួយគ្នា បំពេញឲ្យគ្នាទៅវិញទៅមកដោះស្រាយព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដើម្បីសុវត្ថិភាពសហគមន៍និងភាពសុខសាន្តជូនប្រជាពលរដ្ឋប្រៀបដូចជាវង់តន្រ្តីដែលតម្រូវឲ្យប្រគំរួមគ្នាតាមជំនាញទើបពិរោះ។
ជាមួយគ្នានេះ ឯកឧត្តម បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំរៀនសូត្រ និងចែករំលែកនូវបទពិសោធន៍ទៅវិញទៅមកទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែងបន្តរុករកនិងដោះស្រាយបញ្ហាគ្រឿងញៀនឲ្យបានជោគជ័យ៕