លោក ពូទីន និងលោក Erdogan ពិភាក្សាគ្នាពីស្ថានការណ៍ ​នៅប្រទេសស៊ីរីក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ — សេវាសារព័ត៌មានវិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអង្គារថា ស្ថានភាព​បច្ចុប្បន្ន​នៅក្នុងប្រទេសស៊ីរី គឺផ្តោតលើការសន្ទនាតាមទូរស័ព្ទ​រវាងប្រធានាធិបតីលោក វ្លាឌីមៀ​ ពូទីន នៃប្រទេសរុស្ស៊ី និងលោក Recep Tayyip Erdogan នៃប្រទេសតួកគី។

ប្រេសិតរុស្ស៊ីបាននិយាយថា លោក Erdogan សន្យាដកកងទ័ពចេញពីប្រទេសស៊ីរី បន្ទាប់ពីកម្ចាត់ពួកភេរវករ។

សេវាកម្មសារព័ត៌មានបាននិយាយថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីស្ថានភាព​នៅ​ភាគខាងជើង​ប្រទេសស៊ីរី ដែលតួកគី​កំពុង​ធ្វើប្រតិបត្តិការយោធានិទាឃរដូវសន្តិភាព។ ពួកគេបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការការពារជម្លោះរវាងអង្គភាពកងទ័ពតួកគី និងកង​កម្លាំង​រដ្ឋាភិបាលស៊ីរី។

យោងតាមសេវាកម្មសារព័ត៌មានវិមានក្រឹមឡាំង មេដឹកនាំរុស្ស៊ីបានផ្តោតការ​យកចិត្ត​ទុក​ដាក់​លើការធ្វើឱ្យប្រសើរឡើងនៃស្ថានភាពមនុស្សធម៌នៅតាមតំបន់នានា នៅតាម​បណ្តោយ​ព្រំដែនស៊ីរី-តួកគី។ វិមានក្រឹមឡាំងបានកត់សម្គាល់ថា  « ប្រមុខរដ្ឋគិតថា ​មិនអាច​អនុញ្ញាតឱ្យពួកសកម្មប្រយុទ្ធពីអង្គការភេរវករ រួមទាំងរដ្ឋអ៊ិស្លាម ដែលត្រូវបានការពារដោយ​អង្គភាព​ប្រដាប់អាវុធឃឺដប្រើស្ថានភាពនេះទេ »។

ប្រធានាធិបតីរុស្ស៊ី និងតួកគីបាននិយាយដោយគាំទ្រដល់ការបន្តដំណើរការ​ នៃដំណោះ​ស្រាយនយោបាយនៅស៊ីរី នឹងបានបង្ហាញពីចេតនាសម្រួលដល់ការរៀបចំសម័យប្រជុំ​គណៈ​កម្មាធិការធម្មនុញ្ញក្រោមការឧបត្ថម្ភរបស់ អ.ស.ប នៅចុងខែតុលាខាងមុខនេះ នៅទីក្រុងហ្សឺ​ណែវ។ សេវាកម្មសារព័ត៌មានបាននិយាយថា មេដឹកនាំទាំងពីរ បានបញ្ជាក់ពីការប្រកាន់យក​របស់ពួកគេ ដើម្បីធានានូវបូរណភាពទឹកដីនៃសាធារណរដ្ឋអារ៉ាប់ស៊ីរីមួយនេះដល់ទីបញ្ចប់។

នៅក្នុងកិច្ចពិភាក្សាគ្នានេះដែរ លោក ពូទីន ក៏បានអញ្ជើញលោក Erdogan ទៅបំពេញ​ទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត។ មានសេចក្តីរាយការណ៍ថា ​ប្រធានាធិបតីតួកគីបានទទួលយកការអញ្ជើញនេះ។

កាលពីថ្ងៃទី៩ ខែតុលា ទីក្រុងអង់ការ៉ា បានបើកប្រតិបត្តិការយោធានិទាឃរដូវ​សន្តិភាព​របស់ខ្លួននៅភាគខាងជើងប្រទេសស៊ីរី។ ប្រតិបត្ដិការនេះ ត្រូវបានបង្កើតឡើង ដើម្បីបង្កើត​តំបន់​ទ្រនាប់មួយនៅក្នុងតំបន់ភាគខាងជើងរបស់ប្រទេសស៊ីរី នៅតាមបណ្តោយព្រំដែនតួកគី ​ដែលជាកន្លែងដែលជនភៀសខ្លួនស៊ីរីអាចវិលត្រឡប់មកពីប្រទេសតួកគីវិញ។

ទីភ្នាក់ងារសារព័ត៌មានសាណា របស់ប្រទេសស៊ីរី បានរិះគន់ប្រតិបត្តិការរបស់ទីក្រុង​អង់ការ៉ាថា ជាសកម្មភាពនៃការឈ្លានពានមួយ។ សហគមន៍ពិភពលោកបានថ្កោលទោស​សកម្មភាពរបស់ទីក្រុងអង់ការ៉ា។ ចក្រភពអង់គ្លេសអាល្លឺម៉ង់ និងបារាំងបានស្នើឱ្យមានកិច្ច​ប្រជុំ​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបន្ទាន់មួយ៕

( ប្រភព TASS: បកប្រែដោយលោក មាស សំអុល)