ប្រទេសថៃត្រៀមខ្លួនសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ នៅខែក្រោយ  

AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ — គណៈរដ្ឋមន្រ្តីថៃបានអនុម័តការឈប់សម្រាករយៈពេល២ថ្ងៃ សម្រាប់ការិយាល័យ​រដ្ឋាភិបាល​ទាំងអស់នៅក្នុងទីក្រុងបាងកក និងខេត្តណុនបូរី ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ច​ប្រជុំពាក់ព័ន្ធ ដែលនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ២-៤ ខែវិច្ឆិកាខាងមុខនេះ។

អ្នកនាំពាក្យរដ្ឋាភិបាលរងលោកស្រី Traisulee Traisoranakul បាននិយាយថា គណៈរដ្ឋ​មន្រ្តី​បានយល់ ព្រមលើសំណើរបស់ក្រសួងការបរទេសសម្រាប់ថ្ងៃទី៤ និងទី៥ ខែ​វិច្ឆិកា ដើម្បី​ឈប់​សម្រាកបន្ថែមសម្រាប់ការិយាល័យរដ្ឋនៅក្នុងរដ្ឋធានី និងខេត្ត Nonthaburi ខណៈដែល​មជ្ឈ​មណ្ឌល​សន្និបាត Muang Thong Thani នឹងក្លាយជាកន្លែងសម្រាប់កិច្ចប្រជុំ​កំពូល​​របស់​មេដឹកនាំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាផ្សេងទៀត។

លោកស្រីបាននិយាយថា ការឈប់សម្រាករយៈពេល២ថ្ងៃ ដែលផ្តល់ឱ្យកម្មករ​និយោ​ជិក​​​​នៅចុង សប្តាហ៍រយៈពេល៤ ថ្ងៃ ដែលនឹងជួយសម្រួលការកកស្ទះចរាចរណ៍ និងបង្កភាព​ងាយស្រួលដល់មេដឹកនាំ អាស៊ាន និងអ្នកចូលរួមដទៃទៀតក្នុងការផ្លាស់ប្តូរទីតាំង និងទីកន្លែង​ប្រជុំ។

ការសម្រេចចិត្តនេះ អនុវត្តន៍តែចំពោះការិយាល័យរដ្ឋាភិបាលប៉ុណ្ណោះ។ គណៈរដ្ឋមន្រ្តី​បានទុកការឈប់សម្រាកនេះដល់សហគ្រាសរដ្ឋ ធនាគារ អាជីវកម្មឯកជន និងធនាគារថៃ ធ្វើការសម្រេចចិត្តដោយខ្លួនឯងថា តើត្រូវធ្វើតាមឬអត់?

នៅពេលមុននេះ ក្រសួងការបរទេសបាននិយាយថា ប្រទេសថៃបានត្រៀមខ្លួនធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នឹងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី២-៤ ខែវិច្ឆិកា។

ព្រឹត្តិការណ៍នេះ នឹងមានការចូលរួមពីមេដឹកនាំមកពីប្រទេសជាសមាជិកអាស៊ានចំនួន ១០ និងអ្នកចូលរួមមកពីប្រទេសចិន សាធារណរដ្ឋកូរ៉េ ជប៉ុន សហរដ្ឋអាមេរិក អូស្រ្តាលី នូវែលសេឡង់ ឥណ្ឌា និងអង្គការសហប្រជាជាតិ។

បណ្តាមន្ត្រី និងអ្នកយកព័ត៌មានប្រមាណជា ៣០០០នាក់ ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ៕

(ប្រភព VNA: បកប្រែដោយលោក មាស សំអុល)