រដ្ឋបាលខេត្តបាត់ដំបង រៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋ

AKP បាត់ដំបង ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ –នៅថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាព លោកគ្រូ អ្នកគ្រូ សហភាពសហព័ន្ធយុវជន កម្ពុជា ខេត្ត(ស.ស.យ.ក.) សមាគមក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដោះមីន ស៊ីម៉ាក អញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប៧ឆ្នាំ ព្រះករុណាសម្តេចព្រះបាទនរោត្តម សីហនុ បន្ទាប់ពីព្រះអង្គយាងចូលទិវង្គត កាលពីថ្ងៃទី១៥ តុលា ឆ្នាំ២០១២ ដើម្បីឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាសម្តេចព្រះបាទនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះករុណាព្រះបរមរតនកោដ្ឋ នៅបរិវេណវត្តពោវាល ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បន្ទាប់ពីថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ធ្វើការគោរពវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះសង្ឃជយន្តោ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ព្រមទាំងអ្នកចូលរួមក៏បានប្រគេនសាដ កនិងបច្ច័យដល់ព្រះសង្ឃចំនួន ៩អង្គដើម្បីថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាសម្តេចព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះករុណាព្រះបរមរតនកោដ្ឋ និង ចែកជូនថវិកាមួយចំនួនដល់យាយជី តាជីផងដែរ ។

សូមជម្រាបជូនថា ព្រះករុណាសម្តេចព្រះបាទនរោត្តម សីហនុ ព្រះអង្គប្រសូត្រ នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះអង្គឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១ ព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យបានទាំងស្រុងពីអាណានិគមបារាំងនៅថ្ងៃទី០៩ ខែវិឆ្ឆិកា ឆ្នាំ១៩៤៥ ។ បន្ទាប់មកព្រះអង្គជាព្រះប្រមុខរដ្ឋ ព្រះអង្គមានស្នាមព្រះហស្តធំធេង ឧត្តុង្គឧត្តម កសាងអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

សមិទ្ធផលទាំងនោះរួមមាន សាកលវិទ្យាល័យ មហាវិទ្យាល័យ ជាច្រើនជំនាញ ស្ថានីយទូរទស្សន៍ មន្ទីរពេទ្យមិត្តភាពខ្មែ-រសូវៀត រោងចក្រចម្រាញ់ប្រេងកាត រោងចក្រស្រាបៀរ រោងចក្រដំឡើងត្រាក់ទ័រ និង រថយន្តធំ រោងចក្រស្ករស រោងចក្រវាយនភណ្ឌ រោងចក្រក្រចៅ រោងចក្រស៊ីម៉ង់ត៍ រោងចក្រកែវ រោងចក្រក្តារបន្ទះ រោងចក្រក្រដាស់ រោងចក្រជី រោងចក្រកង់ឡាន រោងចក្រត្រីខប្រអប់ រោងចក្រផលិតជ័រកៅស៊ូ រោងចក្រវារីអគ្គិសនី និង សមិទ្ធផលច្រើនទៀតនៅតាមបណ្តាខេត្ត ក្រុង ស្រុក មានសាលារៀន មន្ទីរពេទ្យ ទំនប់ប្រឡាយ ស្ពានថ្នល់ជាដើម។ ព្រះអង្គបានទទួលរងគ្រោះដោយរដ្ឋប្រហារមិនស្របច្បាប់មួយនៅភ្នំពេញគឺជារដ្ឋប្រហារយោធាដែលមានលោក លន់ នល់ ជាមេក្លោងនៅឆ្នាំ១៩៧០ ។ ព្រះអង្គបានធ្វើព្រះរាជមាតុភូមិនិវត្តន៍មកកាន់រាជធានីភ្នំពេញវិញនៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ ព្រះអង្គបានគង់ជាម្លប់សម្រាប់ប្រជារាស្រ្តរហូតដល់ព្រះអង្គយាងចូលព្រះទិវង្គ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅមន្ទីរពេទ្យមួយក្នុងទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្ម៩០ព្រះវស្សាដោយព្រះជរាពាធ៕

ដោយ ណយ នឿន (ប្រភពៈ រដ្ឋបាលខេត្តបាត់ដំបង)