សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយអគ្គនាយកអង្គការ UNIDO

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

ក្នុងឱកាសបំពេញទស្សនកិច្ច នៅប្រទេសហុង គ្រី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Li Yong (លី យ៉ុង) អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO) ។
ក្នុងឱកាសនោះដែរ​ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនអគ្គនាយកអង្គការ UNIDO អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា​ ​ក្នុងការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ក្នុងការគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
លោក លី យ៉ុង បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា លោកពិតជាមានកិត្តិយស ដែលបានជួបសម្តេចតេជោនៅពេលនេះ ដែលជាឱកាសអោយលោកអាចសម្តែងការគោរព និងសម្តែងការគួរសមដល់សម្តេចតេជោនាយករដ្ឋ មន្ត្រី។ លោកបានគូសបញ្ជាក់ថា នៅឆ្នាំ ២០១៧ UNIDO និងកម្ពុជា បានចុះកិច្ចព្រមព្រៀងជា មួយគ្នា និងបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការនូវដំណើរការនេះ ដែលបានវិវត្តន៍ទៅមុខរលូន ជាពិសេសក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យស្បៀង ឧស្សាហកម្ម និងបរិស្ថាន ដែលមានសញ្ញាល្អជាពិសេស សម្រាប់រដ្ឋាភិបាលចិន ជប៉ុន និងស្វីស ដែលមានការគាំទ្រទៅលើគម្រោងទាំងអស់នោះ។
លោកក៏បានគូសបញ្ជាក់ផងដែរថា លោកចង់រាយការណ៍ជូនសម្តេចតេជោថា លោកបានជួបជាមួយអភិបាលនៃទីក្រុងសិនជិន ប្រទេសចិន ហើយទីក្រុងសិនជិន ចង់សហការជាពិសេសជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតគម្រោងថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស។ លោកបានកោតសរសើរ ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគាំទ្រដល់ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា លើគម្រោងផ្សេងៗ ដែលបានសហការជាមួយគ្នា។
លោកបានសុំការណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថា តើអង្គការ UNIDO អាចបន្តជួយអ្វីខ្លះទៀត ដល់ប្រទេសកម្ពុជា។
ក្នុងជំនួបនោះ សម្តេចតេជោក៏បានអរគុណដល់អគ្គនាយកអង្គការ UNIDO ដែលបច្ចុប្បន្នអង្គការនេះ មានដៃគូជាច្រើន រួមទាំងដៃគូនៅប្រទេសកម្ពុជាផងដែរ។ ថ្វីត្បិតអង្គការនេះមានដៃគូច្រើន តែអ្វីដែលសំខាន់ សម្តេចស្នើឲ្យអង្គការនេះ ជួយទៅលើគោលនយោបាយពីរ ដែលរាជ រដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់រួមមាន៖
ទី១) ធ្វើយ៉ាងណាជួយអភិវឌ្ឍន៍គោលនយោ បាយផលិតកម្មអង្ករ ដើម្បីនាំចេញ
ទី២) អនុវត្តន៍គោលនយោបាយឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ហើយអង្គការ UNIDO ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការជួយនេះ។
សម្តេចតេជោក៏បានគូសបញ្ជាក់ដែរថា នៅខេត្តព្រះសីហនុ ដែលជាខេត្តសំខាន់ និងជាខេត្តដែលកំពុងតែត្រូវការការគាំទ្រ ដោយសារតែខេត្តនេះកំពុងឆ្លងការការអភិវឌ្ឍន៍ ជាពិសេសទៅលើវិស័យសេវាផ្សេងៗទៀត ដោយសារកន្លងមកនេះ ខេត្តព្រះសីហនុ បានរងគ្រោះដោយសារគ្រោះទឹកជំនន់ និងមានការអភិវឌ្ឍន៍ដ៏ឆាប់រហ័សផង ធ្វើឲ្យតម្រូវការចាំបាច់ គឺការគ្រប់គ្រងនៃទឹកកខ្វក់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្តព្រះ សីហនុនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា នៅពេលខាងមុខ រាជរដ្ឋាភិបាលកម្ពុជា នៅតែយកចិត្តទុកដាក់ លើតំបន់សេដ្ឋកិច្ចពិសេស ដោយនឹងប្រែក្លាយខេត្តព្រះសីហនុ ឲ្យក្លាយជាខេត្តមួយដ៏សំខាន់ក្នុងការគាំទ្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាផងដែរ ហើយអ្វីដែលយើងកំពុងតែយកចិត្តទុកដាក់ គឺការកសាងផ្លូវឡើង វិញ ដែលនឹងត្រូវចាយថវិកាប្រមាណ ១៥០លានដុល្លារ ដើម្បីធ្វើផ្លូវ និងប្រព័ន្ធលូផងដែរ។ សម្តេចតេជោក៏បានស្នើឲ្យអង្គការ UNIDO បន្តជួយដល់គម្រោងអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចបញ្ជាក់ថា នៅពេលនេះចំនួននៃការសាង សង់ នៅខេត្តព្រះសីហនុ មានការច្រើនឡើងៗ ដូច្នេះតម្រូវការរបស់កម្ពុជា ត្រូវតែផ្តល់អាទិភាពជាពិសេស មិនត្រឹមតែការគ្រប់គ្រងទឹកកខ្វក់ទេ គឺវិស័យអគ្គិសនីផងដែរ ដែលកំពុងមានតម្រូវការកាន់តែច្រើននេះ។
លោកអគ្គនាយកនៃអង្គការUNIDO បានជម្រា បជូនសម្តេចតេជោផងដែរថា លោកពិតជារីក រាយណាស់ ដែលកម្ពុជាកំពុងមានការអភិវឌ្ឍន៍ និងមានផែនការនៃគម្រោងទាំងឡាយ ដែលនេះជាស្ថានភាពដែលប្រទេសកម្ពុជា កំពុងតែមានកំណើនជាច្រើន ហើយតម្រូវការក៏កើនឡើង លើវិស័យអគ្គិសនី ការគ្រប់គ្រងទឹកកខ្វក់ ជាពិសេសការជំរុញនយោបាយឧស្សាហកម្ម ក៏ដូចជាការអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច។ លោកក៏បានបញ្ជាក់ថា លោកគ្រោងធ្វើទស្សកិច្ចនៅកម្ពុជានៅឆ្នាំក្រោយ និងចង់ធ្វើទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស ហើយលោកសន្យានឹងជំរុញឲ្យមានការគាំទ្រពីប្រទេសចិន ពិសេសពីខេត្តសិនជិនតែម្តង ដើម្បីផ្សាភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៍កម្ពុជា៕