សម្ដេចតេជោហ៊ុនសែន៖ កម្ពុជាចាត់ទុកទឹកជា មាសស ដែលជាកម្លាំងចលករយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

ថ្លែងសន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំកំពូលស្ដីពីទឹកលើកទី៣ក្រោមប្រធានបទការទប់ស្កាត់វិបត្តិទឹកដែលប្រារពបើកនៅទីក្រុងប៊ុយដាបេសប្រទេសហុងគ្រីនាថ្ងៃទី 15 ខែតុលាឆ្នាំ 2019 នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាបានចាត់ទុកទឹកជា”មាសស” ដែលជាកម្លាំងចលករយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋជាតិប្រកបដោយចីរភាព។សម្ដេចបានបញ្ជាក់ថា ទឹកជាប្រភពទ្រទ្រង់ដ៏សំខាន់មិនអាចខ្វះបានសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកសិកម្មជីវៈចម្រុះជលផលនាវាចរណ៍វារីអគ្គិសនីអេកូទេសចរណ៍វប្បធម៌អប់រំនិងវិស័យជាច្រើនទៀតទាំងក្នុងអតីតកាល បច្ចុប្បន្នកាល និង ទៅអនាគត។
សម្ដេចតេជោបានមានប្រសាសន៍ថា លទ្ធភាពទឹកដែលមាឌក្នុងប្រទេសនីមួយៗ អាស្រ័យទៅលើលក្ខខណ្ឌភូមិសាស្រ្តនិងអាកាសធាតុដែលមានការផ្លាស់ប្ដូរតាមរដូវកាលនិងតាមឆ្នាំ។ទន្ទឹមនេះ ការចាត់ចែងរៀបចំនៅអាងស្តុកទឹកនៅតាមតំបន់ ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធទឹកនិងការគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាព ក៏ជាប្រការចាំបាច់ផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់សារៈសំខាន់ជាយុទ្ធសាស្ត្រនៃទឹកនិងបានយកចិត្តទុកដាក់ផ្តល់អាទិភាពខ្ពស់ដល់វិស័យធនធានទឹក។ជាងនេះទៀត កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណជាដំណាក់ កាលដំណាក់កាលតាមនីតិកាលនៃរដ្ឋសភាដោយផ្ដល់អាទិភាពលើវិស័យសំខាន់ៗចំនួន 4 រួមមាន មនុស្ស ទឹក ភ្លើង និងថ្នល់ ។ដោយឡែកលើវិស័យធនធានទឹកយើងបានបង្កើតនូវច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹកនៅឆ្នាំ 2007 និងបានដាក់ចេញនូវគោលនយោបាយព្រមទាំងកម្មវិធីការងារច្បាស់លាស់សម្រាប់ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានទឹកប្រកបដោយប្រសិទ្ធ ភាពនិងចីរភាព។ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានបង្កើតឡើងនូវគណៈកម្មាធិការគ្រប់គ្រងអាងទន្លេនិងស្ទឹង ក្នុងគោលបំណងធានាដល់ការគ្រប់គ្រងការអភិរក្សនិងការអភិវឌ្ឍធនធាន ទឹកបម្រើដល់គ្រប់វិស័យឲ្យបានប្រកបដោយប្រសិទ្ធភាពនិងចីរភាព។បន្ថែមលើនេះ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងភាពជាដៃគូទាំងក្នុងក្របខណ្ឌតំបន់និងអន្តរជាតិនៅក្នុងសកម្មភាពគ្រប់គ្រងធនធានទឹកនិងបរិស្ថានក៏ដូចជាក្នុងការទប់ស្កាត់វិបត្តិទឹកផងដែរ។ ជាការពិតទោះបីកម្ពុជាបច្ចុប្បន្នស្ថិតក្នុងចំណោមប្រទេសមានចំណូលមធ្យមកម្រិតទាប តែយើងបានខិតខំប្រមូលគ្រប់ប្រភពទុនទាំងក្នុងនិងក្រៅប្រទេសដើម្បីបម្រើដល់ការអភិវឌ្ឍន៍និងចូលរួមក្នុងកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយដៃគូអភិវឌ្ឍស្ថាប័នផ្ដល់ហិរញ្ញវត្ថុនិងយន្តការតំបន់និងអន្តរជាតិ ។ដូចជាគណៈកម្មការទន្លេមេគង្គ(MRC ) កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC)មហាអនុតំបន់មេគង្គ(GMS)កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុនមេគង្គកូរ៉េ-មេគង្គ-គង្គា គំនិតផ្តួចផ្តើមមេគង្គក្រោម(LMI) អង្គការស្បៀងអាហារពិភពលោក (fao )កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជា ជាតិ (undp) អង្គការឧតុនិយមពិភពលោក (WMO) គណៈ:កម្មការអន្តរជាតិសម្រាប់ការស្រោចស្រពនិងការដោះទឹក(ICID) បណ្ដាញអន្តរជាតិស្ដីពីទឹកនិងប្រព័ន្ធអេកូឡូស៊ីនៅក្នុងស្រែ (INWEPF)ការិយាល័យទឹកអន្តរជាតិ, វិទ្យា ស្ថានគ្រប់គ្រងទឹកអន្តរជាតិ( i w m i) សមាឋគមទឹកអន្តរជាតិនិងអង្គការដៃគូទឹកពិភពលោក (GWP)។
សម្ដេចតេជោហ៊ុនសែនបានបញ្ជាក់ថា កម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមការពារនិងទប់ស្កាត់វិបត្តិទឹកតាមរយៈការអនុវត្តផែនការយុទ្ធ សាស្ត្រនិងសកម្មភាពសំខាន់ៗដូចជា ទី 1 បន្តពង្រឹងការអនុវត្តច្បាប់លិខិតបទដ្ឋានគតិយុត្តគោលនយោបាយផែនការមេស្តីពីការគ្រប់គ្រងធនធានទឹកឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ទី 2 បង្កើតនិងពង្រឹងយន្តការគ្រប់គ្រងធនធានទឹកតាមអាងទន្លេស្ទឹងទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិឲ្យរៀបចំនិងអនុវត្តផែនការគ្រប់គ្រងធនធានទឹកនិងអាងទន្លេរួមមានការគ្រប់គ្រងធនធានទឹកបម្រើឱ្យគ្រប់វិស័យពាក់ព័ន្ធប្រកប ដោយតុល្យភាពនិងសមធម៌ , ការរៀបចំផែនទីស្ដីពីជំនន់និងទឹកក្រោមដី,ការកសាងអាងស្តុក ទឹក,ទំនប់ការពារទឹកជំនន់,ការពារទឹកប្រៃ,ប្រព័ន្ធដោះទឹកនិងឈានជាបណ្ដើរៗក្នុងការធ្វើទំនើប កម្មគ្រប់ជ្រុងជ្រោយ។ទី 3 កសាងមូលដ្ឋានបច្ចេកទេសធនធានមនុស្សនិងឈានទៅបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យដែលប្រមូលផ្ដុំទាំងទឹក ទាំងអាកាសធាតុ ដើម្បីវិភាគធ្វើអាជីវកម្មនិងផ្សព្វផ្សាយបម្រើដល់គ្រប់វិស័យពាក់ព័ន្ធទាំងកម្រិតជាតិនិងអន្តរជាតិ ជាពិសេសបម្រើការគ្រប់ គ្រងនិងការអភិវឌ្ឍធនធានទឹក ការបន្តវាយតម្លៃសក្តានុពលធនធានទឹកនិងតម្រូវការទឹកទាំងបរិមាណនិងគុណភាពដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍ។ ទី 4 ជំរុញនិងលើកទឹកចិត្តដល់វិស័យឯកជនឲ្យចូលរួមក្នុងការអភិវឌ្ឍវិស័យធនធាន ទឹកព្រមទាំងបង្កើនថវិកាជាតិនិងកៀរគរជំនួយពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនិងប្រទេសជាដៃគូដើម្បីអភិវឌ្ឍវិស័យធនធានទឹកធានាដល់តម្រូវ ការទឹកក្នុងគ្រប់វិស័យពាក់ព័ន្ធប្រកបដោយប្រសិទ្ធភាពនិងចីរភាព។