រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីគោរពវិញ្ញាណក្ខន្ធ ថ្វាយព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៧ឆ្នាំ

វិទ្យុជាតិកម្ពុជា៖

នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្រុមប្រឹក្សាខេត្ត សមាជិក​ក្រុមប្រឹក្សាខេត្ត​ អភិបាល​ អភិបាលរងខេត្ត ប្រធាន ​អនុប្រធានមន្ទីរ អង្គភាព រដ្ឋបាលក្រុង សង្កាត់ ​មន្ត្រីរាជការ ​កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និស្សិត ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ ​បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ ៧ឆ្នាំ។
ពិធីនេះប្រារព្ធធ្វើនៅវេទិការបុណ្យជាតិ ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
កូនចៅទាំងអស់គ្នា ចូលរួមក្នុងភាពក្រៀមក្រំ ​និងសូម​លំឱនកាយ​វាចាចិត្ត គោរពព្រះវិញ្ញាណក្ខន្ធសម្តេចឪ សម្តេចតា សម្តេចតាទួត​ជាទីគោរព​សក្ការ​​ដ៏​ខ្ពង់​ខ្ពស់បំផុត និងចងចាំជានិច្ច នូវព្រះរាជបូជនីយកិច្ចក្នុងការដឹកនាំទាមទារ​យក​បាន​នូវ​ឯករា​ជ្យ​ជាតិ កិច្ចការពារបូរណភាពទឹកដី និងការភិវឌ្ឍប្រទេសប្រកបដោយ​សុខសន្តិភាព ​ជូន​ជាតិ​ មាតុភូមិកម្ពុជា និងប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេស ប្រកបដោយសេចក្តីសុខថ្លៃថ្នូរ ​ធ្វើ​ឱ្យ​ប្រទេសជាតិ​មាន​ការ​អភិវឌ្ឍរីកចម្រើនជារៀងរហូតមកដល់បច្ចុប្បន្ននេះ ។ ព្រះអង្គបាន​បូជាព្រះកាយពលក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជា ទទួលបាននូវសេរីភាព និងការបង្រួបបង្រួមជាតិតែមួយ ធ្ធ្វើឱ្យប្រទេសកម្ពុជាមានឈ្មោះល្បីល្បាញក្នុងឆាកអន្តរជាតិរហូតដល់សព្វថ្ងៃនេះ ។
ថ្វីបើ ព្រះកាយរបស់ព្រះអង្គរំលាយក្ខន្ធយាងទៅកាន់បរលោកទៅហើយក្តី ប៉ុន្តែ​ព្រះរាជលំអាន ព្រះវីរៈគំរូដ៏ឆ្នើមលើគ្រប់វិស័យរបស់ព្រះអង្គសម្តេចឪ សម្តេចតា ជាអម្ចាស់ទ្រង់ស្ថិតនៅជានិច្ចក្នុងមនសិកា និង​ឆន្ទៈ​​របស់យើងខ្ញុំ ទាំងអស់គ្នាដែលជាកូនចៅ ចៅទួតព្រះអង្គពិតជា​នៅគង់វង្សស្ថិតស្ថេរជា​អមតៈរៀងរហូត ដែលមិនអាចមានថ្ងៃណាបំភ្លេចបានឡើយ ៕