ធម្មយាត្រា ៥ដែនដី នៃប្រទេសតាមដងន្លេមេគង្គ នឹងចាប់ផ្តើមនារសៀលនេះ នៅខេត្តឈៀងរ៉ៃ ប្រទេសថៃ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ — « ធម្មយាត្រា ៥ដែនដី ក្នុងតំបន់អាងទន្លេមេគង្គ » រួមមាន ប្រទេសថៃ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ក្រោមម្លប់ឆត្រមេត្តាធម៌ « ពុទ្ធសាសនៈការទូត នាំសន្តិភាពមកកាន់ពិភពលោក » នឹងប្រារព្ធចាប់ផ្តើមដំណើរការ នារសៀលថ្ងៃអង្គារ ២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅខេត្តឈៀងរ៉ៃ រាជាណាចក្រថៃឡង់ដ៏។និមន្ត និងអញ្ជើញចូលរួម ក្នុងពិធីបើកធម្មយាត្រានៅរសៀលនេះរួមមាន ព្រះសង្ឃជាន់ខ្ពស់តំណាងប្រទេសទាំង៥  និងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកជំទាវ ព្រមទាំងប្រតិភូអមដំណើរជាពុទ្ធបរិស័ទផងដែរ។

ក្នុងបទឧទ្ទេសសនាមប្រគេនទូលថ្វាយ និងជម្រាបដល់អង្គប្រជុំ គណៈកម្មការរៀបចំ បានបង្ហាញថា ក្នុងធម្មយាត្រាដ៏ធំ និងសំខាន់នៅឆ្នាំ២០១៩នេះ មានការយាង និមន្តរាជាគណៈសង្ឃ សង្ឃនាយក ពីប្រទេសទាំង៥ ក្នុងនោះមាន សម្តេចព្រះឧត្តមវង្សាកិត្តិបណ្ឌិត មួង រ៉ា លេខាថេរសភា ព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ព្រះហ្ល័កកែវ មហាសុមេធាធិបតី សិមព្រហ្មម៉ា អនុប្រធានសង្ឃឡាវ សម្តេចព្រះមហាធីរ៉ាចារ្យ ក្រមការមហាថេរសហគមន៍ ព្រះចៅអធិការវត្ត យានណាវ៉ាថៃ Baddanta Sandimar Bivumsa (Aggamata Ponditta, Aggamaha Saddhamma Jottikadaja) លេខាធិការក្រមការសង្ឃ សហភាពមីយ៉ាន់ម៉ា និង Most Venerable Thuch Thien Tam អធិបតីរងសភាសង្ឃ វៀតណាម ។ដោយឡែក ព្រះថេរានុថេរៈ ព្រះសង្ឃខ្មែរយើងមាន ១៤អង្គ និមន្តមកចូលរួមពិធីបើកធម្មយាត្រា រួមនឹងអាចារ្យ ០២ រូបផងដែរ ។

ដោយ ផែន រតនៈ