ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងព័ត៌មានបានគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត ១៥ ខែតុលា ឆ្នាំ ២០១៩

ភ្នំពេញ៖ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងព័ត៌មានបានអញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋនៅទីស្តីការក្រសួងព័ត៌មានដើម្បី​ជា​ការ​តបស្នង​ចំពោះ​ព្រះមហាករុណាទិគុណ​ ​និង​ព្រហ្មវិហារ​ធម៌​ដ៏​ថ្លៃថ្លា​ឧត្តុង្គ​ឧត្តម​ ​វិសេសវិសាល​របស់​ព្រះអង្គ​ ​ដែល​បាន​លះបង់​ព្រះ​កាយពល​ ​ព្រះ​បញ្ញាញាណជូនជាតិមាតុភូមិ​។​

ក្នុងឱកាសគម្រប់ខួប ៧ឆ្នាំ នៃការសោយទិវង្គត របស់ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ លោក គង់សេរី រ័ត្នអនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជាដែលបានចូលរួមក្នុងពិធីនេះបានប្រាប់វិទ្យុជាតិកម្ពុជាថា រូបលោក ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនៅតែគោរពដឹងគុណចំពោះ      សម្តេចដឪ សម្តេចតា សម្តេចតាទូត ដែលបានលះបង់គ្រប់បែបយ៉ាងជាពិសេសការទាមទារឯករាជ្យពីបារាំងជូនជាតិមាតុភូមិ ។

នៅ​ឆ្នាំ២០១៩នេះ​ ​គ្រប់​ក្រសួង​ ​ស្ថាប័នរដ្ឋ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​ដាក់​តាំង​ព្រះ​បរម​ឆាយាល័ក្ខណ៍​ ​ព្រះ​បរម​រតន​កោដ្ឋ​ ​និង​តុបតែង​លម្អ​ទង់ជាតិ​ ​ទង់សាសនា​ ​ទង់​ព្រះមហាក្សត្រ​ ​ទង់​ក្អែប​ ​បដា​ ​ពាក្យស្លោក​ ​ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ទ្រង់​។​

សូមរម្លឹកថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ បានយាងចូលព្រះទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដោយរោគាពាធ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នៅមន្ទីរពេទ្យនាទីក្រុងប៉េកាំង ប្រទេសចិន។ ក្រោយការយាងចូលទិវង្គតរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥  តុលា រៀងរាល់ឆ្នាំ ជាថ្ងៃគោរពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាវីរក្សត្រ។ ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ ថ្នាក់ដឹកនាំក្រសួង  មន្ទីរ ខេត្ត ក្រុង មន្ត្រីរាជការ ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ បានអញ្ជើញនាំគ្នាយកកម្រងផ្កា ថ្វាយគោរពសក្ការៈ ចំពោះព្រះបរមរូប៕