ក្រុមសិក្ខាកាមស្រ្តីថ្នាក់ដឹកនាំ និង គណៈគ្រប់គ្រងជាស្រ្តី សាលាភូមិន្ទ​ រដ្ឋបាលណែនាំដល់ស្រ្តីជាប់ឃុំ​កុំឲ្យអស់សង្ឃឹម

វិទ្យុជាតិកម្ពុជាអត្ថបទ៖ កង មុន្នីរ៉ា ១១ ១០ ១៩៖

ក្រុមសិក្ខាកាមស្រ្តីថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងជាស្រ្តី ក្រុមទី២វេនព្រឹក នៃវគ្គបណ្តុះ​បណ្តាលនៅ​សាលាភូមិន្ទរដ្ឋបាលប្រមាណជិត៤០នាក់ បានរួមគ្នាធ្វើសកម្មភាពការងារសង្គម ក្រោម​​​​​ប្រធានបទ​ស្តីពី« ពន្លឺ នៃក្តីសង្ឃឹម និង មនុស្សធម៌» តាមរយៈការចុះសួរសុខទុក្ខដល់ស្ត្រី​ជាប់​ឃុំឃាំង និង បាន​នាំយកអំណោយមួយចំនួនចែកជូនដល់ស្រ្តីមានផ្ទៃពោះ ស្ត្រីមានកូនតូចជាប់​ជាមួយ និងស្រ្តីចាស់​ជរា​ចំនួន៩០នាក់ នៅមណ្ឌលអប់រំកែប្រែទី២រាជធានីភ្នំពេញ។ អ្នកយក​ពត៌មាន​យើងបាន​​រាយ​​ការណ៍​​ឲ្យដឹងថា ការធ្វើសកម្មភាពរបស់ក្រុមស្រី្តជាថ្នាក់ដឹកនាំនេះ បានធ្វើ​ទ្បើងក្នុងគោលបំណងលើកទឹកចិត្ត និង ផ្តល់ក្តីសង្ឃឹមសម្រាប់ជីវិតពួកគាត់។

ក្នុងដំណើរចុះសួរសុខទុក្ខស្រ្តីជាប់ឃុំឃាំង និង ការចែកអំណោយ ជូនស្រ្តីមានផ្ទៃពោះ ស្ត្រី​មានកូនតូចជាប់ជាមួយនិងស្រ្តីចាស់ជរានៅមណ្ឌលអប់រំកែប្រែទី២(ម.២) សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ លោកស្រី ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និង វិទ្យាសាស្រ្តសង្គម នៃ រាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ក្រុមសិក្ខាកាមស្រ្តីជាថ្នាក់ដឹកនាំទំាងអស់បានផ្តល់​ដំបូន្មាន​​ទៅកាន់ស្រ្តីទាំងនោះ ត្រូវអត់ធ្មត់ និង ខិតខំលត់ដំខ្លួនដើម្បីកសាងខ្លួនទៅជាមនុស្សល្អ នៅពេលត្រទ្បប់ទៅកាន់សហគមន៍របស់ខ្លួនវិញ។ លោកស្រីបន្ថែមថា រាជរដ្ឋាភិបាលនៅតែយក​ចិត្តទុក្ខដាក់ចំពោះអ្នកទំាងអស់គ្នា ដូច្នេះសូមកុំអស់​សង្ឃឹម ព្រោះក្រុមគ្រួសារអ្នកកំពុងរង់ចាំអ្នក សង្គមក៏ត្រូវការអ្នក។
​ តាមរយៈនេះ ខ្ញុំក៏បានប្រាប់ទៅស្រ្តីដែលមានផ្ទៃពោះ ស្រ្តីដែលមានកូនតូចជាប់​ទៅ​​ជាមួយ​ ហើយនឹងចាស់ជរា ដែលជាពិរុទ្ធជនហ្នឹងអ្វីដែលជាការសង្ឃឹមនឹងគឺថា នៅក្រោមម្លប់នៃការ​គ្រប់គ្រងរបស់រាជរដ្ឋាភិបាលយើងគឺថា យើងមានគោលការណ៍បន្ធូរបន្ថយទោស១ឆ្នាំដល់ទៅ៣ដង ហើយកន្លែងនេះ ថ្វីត្បិតថាគាត់ជាប់ឃុំមែន ប៉ុន្តែជាក់ស្តែងគ្មានការធ្វើទារុណកម្មអ្វីទេ គឺជាកន្លែង​ដែល​គាត់ត្រូវមកដុះខាត់គំនិត ដើម្បីធ្វើអ្វីដែលជាអំពើល្អ នៅក្នុងសង្គម ហើយខ្ញុំក៏បាន​ប្រាប់ទៅ​ពួកគាត់ដែរថា ក្រុម​គ្រួសារគាត់រង់ចាំគាត់ ប្រមុខរាជរដ្ឋាភិបាលរង់ចាំគាត់ ដើម្បីពួតដៃគ្នា​កសាង​ប្រទេស​យើងទាំង​អស់​គ្នា ហើយប្រមុខរាជរដ្ឋាភិបាលក៏បានមានប្រសាសន៍ហើយថា គាត់មិនទុក​អ្នក​ណាម្នាក់ចោលទេ គឺយើងរួមគ្នាកសាងប្រទេសបន្តទៅទៀត។

ឯកឧត្តម យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល និង ជារដ្ឋលេខាធិការ​ក្រសួង​មុខងារ​សារធារណៈ បានមាន​ប្រសាសន៍ថា បងប្អូនកូនក្មួយត្រូវខិតខំកែប្រែខ្លួន ហើយត្រូវ​យកចិត្ត​ទុកដាក់​សិក្សា​រៀនសូត្រពីជំនាញនីមួយៗឱ្យបានច្បាស់លាស់ តាមកម្មវិធីបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​របស់​មណ្ឌល និង ត្រូវចេះថែទាំសុខភាព និងធ្វើអនាម័យកន្លែងស្នាក់នៅឱ្យបានល្អ អ្នក​គ្រប់​គ្នាក៏ជា​មនុស្សល្អដែរ ដរាបណាអ្នកចេះកែខ្លួន។ ឯកឧត្តម មានប្រសាសន៍បន្តថា សកម្មភាព​ចុះការងារ​សង្គម ដែល​សិក្ខាកាមបានរៀបចំទ្បើងក្រោមប្រធានបទ« ពន្លឺ នៃក្តីសង្ឃឹម និង មនុស្សធម៌»​​ នេះ​ពិតជា​ល្អ ដែលជាប្រយោជន៍ដល់សង្គមជាតិ។
អញ្ចឹង​អ្នកទាំងអស់នេះ ក៏ត្រូវទទួលបានការយកចិត្តទុកដាក់ ហើយត្រូវទទួល​ការលើក​ទឹកចិត្ត អញ្ចឹងសកម្មភាពសង្គមនេះ ជាការមួយបង្ហាញពីការយកចិត្តទុកដាក់ពីសិក្ខា​កាម​យើង ហើយជាការផ្តល់ការគាំទ្រដល់គាត់ ឱ្យគាត់មានទឹកចិត្ត ហើយគាត់អាចបន្តនូវការ​រស់នៅ និង ការខិតខំប្រឹងប្រែងកែលំអរខ្លួនធ្វើសមាហរណកម្មចូលទៅក្នុងសហគមន៍នៅពេលក្រោយ។

សូមបញ្ជាក់ថា ក្នុងសកម្មភាពចុះសួរសុខទុក្ខជនជាប់ឃុំ ស្ត្រីមានផ្ទៃពោះ ស្រ្តីមានកូនតូចនៅ​ជាប់ជាមួយ និង ស្រ្តីចាស់ជរា ចំនួន៩០នាក់ នៅមណ្ឌលអប់រំកែប្រែទី២នាពេលនោះ ក្រុមសិក្ខាកាម​ស្រ្តីថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងជាស្រ្តី បាននាំយកអំណោយមួយចំនួនចែកជូនពួក​គាត់ដោយ​ម្នាក់ៗទទួលបាន កន្សែងពោះគោចំនួន១ ម្សៅសាប៊ូបោកសម្លៀកបំពាក់១កញ្ចប់ សាប៊ូកក់​សក់​១ដប សាប៊ូដុះខ្លួន១ដុំ ច្រាស១ ថ្នាំដុះធ្មេញ១ អាវ១ ខោ១ នំ និង ទឹកបរិសុទ្ធ។ ជាមួយគ្នានេះ រាជបណ្ឌិតសភាកម្ពុជា ក៏បានផ្តល់ជូនទឹកដោះគោស្រស់៨០លីត្រដល់ពួកគាត់ផងដែរ៕