ពិធីបដិសណ្ឋារកិច្ចផ្លូវការ នៃដំណើរទស្សនកិច្ចសម្តេចតេជោនាយករដ្ឋមន្រ្តី នៅទីក្រុងប្រាក សាធារណរដ្ឋឆែក

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ ជៀង​ យ៉ា​រ៉េត​៖


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​គណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុង​ប្រាក សាធារណរដ្ឋឆែកហើយ នៅព្រឹកថ្ងៃទី១៤ ខែតុលានេះ។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការដែល ធ្វើឡើងនៅវិមានបុរាណ Kramarova ក្នុងទីក្រុងប្រាក វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ទាក់បំផុត ពីសំណាក់សមភាគីនាយករដ្ឋមន្រ្តីឆែក ឯកឧត្តម Andrej Babis និងថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលឆែកជាច្រើនរូប​ទៀត។
នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអមដំណើរ​ដោយផ្ទាល់ ពីសមភាគីនាយករដ្ឋមន្រ្តីឆែក បានអញ្ជើញធ្វើដំណើរកាត់កម្រាលព្រំក្រហម ប្រារព្វពិធីផ្លូវការនៅចំពោះមុខកងកិត្តិយស និងកងត្រែ ទ័ពនៃសាធារណរដ្ឋឆែក។ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋមន្រ្តីឆែក បានអញ្ជើញគោរពទង់ជាតិនៃប្រទេសទាំងពីរព្រះ រាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែក ។
បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល​អមដំណើរដោយផ្ទាល់ពីសមភាគីនាយករដ្ឋមន្រ្តីឆែក ឯកឧត្តម Andrej Babis អញ្ជើញធ្វើគារវកិច្ចស្វាគមន៍ពីសំណាក់ឯកឧត្តម លោក ជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលឆែក និងឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិ យាកាសស្និទ្ធស្នាលរាក់ទាក់បំផុត។
បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមក សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋ មន្រ្តីឆែក អញ្ជើញធ្វើជំនួបពិភាក្សាចង្អៀត និងធ្វើជំនួបកំពូលទ្វេភាគី រួមទាំងពិធីទទួលទានអាហារ ការងារថ្ងៃត្រង់ ក្នុងបរិយាកាសស្និទ្ធស្នាលនិងរ៉ាក់ទាក់បំផុត។ ក្នុងជំនួបកំពូលទ្វេភាគីគ្នានោះ ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ឆែក បានធ្វើការពិភាក្សាគ្នាដោយឆ្លុះបញ្ចាំ ងពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធ និងមានជាយូរណាស់មកហើយ ដែលបានផ្តួចផ្តើមដោយមេដឹកនាំ នៃប្រទេសទាំងពីរ។ ក្នុងជំនួបកំពូលនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបំពេញព្រះរាជតួនាទីយ៉ាង​សំ​ខាន់ ក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហការយ៉ាងកក់ ក្តៅរបស់ប្រជាជន នៃប្រទេសទាំង​ពីរ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងនូវអំណរ​គុណយ៉ាងជ្រាលជ្រៅចំពោះជំនួយ ដែលមិនអាចកាត់ថ្លៃបានរបស់រដ្ឋាភិបាល និងប្រជាជន នៃសាធា រណរដ្ឋឆែក ដែលបានផ្តល់ដល់កម្ពុជាក្នុងគ្រាលំបាកបំផុត បន្ទាប់ពីការរំដោះប្រទេសក្នុងឆ្នាំ១៩៧៩​។ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានធ្វើការពិនិត្យឡើងវិញដោយក្តីពេញចិត្ត ចំពោះការអភិវឌ្ឍ នៃទំនាក់ទំនងកម្ពុជា-ឆែក និងវឌ្ឍនភាពដែលបានធ្វើក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីជាផល ប្រយោជន៍រួម សម្រាប់ប្រជាជននៃប្រទេសទាំង ពីរ និងបានប្តេជ្ញាចិត្តពង្រឹងចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនយោ បាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិ បាល និងកសិកម្ម។ ក្នុងជំនួបកំពូលនោះដែរ មេដឹកនាំទាំងពីរបានផ្លាស់ប្តូរយោបល់ និងឯក ភាពគ្នាលើការលើកកម្ពស់ កិច្ច សហប្រតិបត្តិការលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយក ចិត្តទុកដាក់ទៅវិញទៅមក។ ជាងនេះទៅទៀត មេដឹកនាំទាំងពីរបានទទួលស្គាល់ពីសារសំខាន់ នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ពហុភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសន្តិភាព និងសមាហរណកម្មពិភពលោក ដើម្បីជាប្រយោជ ន៍ដល់ការអភិវឌ្ឍពិភពលោក។ មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាជំរុញទំនាក់ទំនងនៅគ្រប់ កម្រិត រួមទាំងផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ខ្ពស់ និងកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការ​បរ​ទេស នៃប្រទេសទាំងពីរ សំដៅស្វែងរកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក​។ ក្នុងជំនួបកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឆែក ចំពោះការបង្វែរបំណុលទៅជាជំនួយអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា ពិសេសការបន្តគាំទ្រពីសំណាក់ រដ្ឋាភិបាលនិងប្រជាជនឆែក ក្នុងការបន្តគាំទ្រផ្តល់ជំនួយក្នុងវិស័យអប់រំ សុខាភិបាល និងអភិវឌ្ឍន៍​ជនបទ ក្រោមកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍។ ក្នុងជំនួបកំពូលនោះដែរ ភាគីទាំងពីរបានឯកភាពគ្នា រៀបចំផែនការរួមដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេស ទាំងពីរ នៅឆ្នាំ២០២១។
ឯកឧត្តមនាយករដ្ឋមន្រ្តីឆែក Andrej Babis បានសំដែងនូវការកោតសរ​សើរយ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ចំពោះសន្តិភាពនិងស្ថិរភាព ក្រោមការដឹកនាំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព។ ឯកឧត្តមនាយករដ្ឋមន្រ្តីបានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ប្រទេសកម្ពុជា​នឹងសម្រេចគោលដៅទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

បន្ទាប់មកប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ អញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើ ឯកសារសំខាន់ៗចំនួនពីរ ក្នុងនោះទី១ អនុស្សរណះនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិ បត្តិការ រវាងក្រសួងសុខាភិបាលកម្ពុជា និងទីភ្នាក់ងារអនុវត្តគម្រោងសុខាភិបាលឆែក VAMED និងទី២អនុស្សរណះនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មឆែក។ ការចុះហត្ថលេខានៃអនុស្សរណះទាំងពីរនេះ គឺជាការបង្អុលបង្ហាញពីបំណង ប្រាថ្នារបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ក្នុងការ ពង្រីកចំណងមិត្តភាព និងបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍នៃ ប្រជាជនទាំងពីរ។
សូមបញ្ជាក់ដែរថា នៅក្នុងជំនួបគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានគោ​រពអញ្ជើញឯកឧត្តមនាយករដ្ឋមន្រ្តីឆែក Andrej Babis មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា តាម​ពេលដ៏សមស្រប។ ឯកឧត្តមនាយករដ្ឋមន្រ្តីបានទទួល យកនូវការអញ្ជើញដោយសេចក្តីរីករាយ និង បានថ្លែងនូវអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះការអញ្ជើញនេះ។
បន្ទាប់មកប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ អញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា ស្តីពីលទ្ធ​ផលនៃជំនួបកំពូលរបស់មេដឹកនាំទាំងពីរ។