ជប៉ុន នឹងជួយបង្កើនកូតាកម្មសិក្សាការី និងពលករជំនាញពីកម្ពុជាបន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖អត្ថបទ៖ជួន បូណា ១៤ ១០ ១៩៖

ជប៉ុន នឹងជួយបង្កើនកូតាកម្មសិក្សាការី និងពលករជំនាញពីកម្ពុជាឱ្យកាន់តែច្រើន ដើម្បីចេញទៅធ្វើការនៅប្រទេសជប៉ុនបន្ថែមទៀត។
ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតថ្មីជប៉ុនប្រចាំកម្ពុជា បានបង្ហាញការប្ដេជ្ញាថា ក្នុងអាណត្តិការងារថ្មីនៅកម្ពុជា ឯកឧត្តមនឹងខិតខំជំរុញឱ្យមានទីផ្សារការងារនៅប្រទេសជប៉ុន សម្រាប់កម្មសិក្សាការី និងពលករជំនាញកម្ពុជាឱ្យកាន់តែច្រើន ដើម្បីចេញទៅធ្វើការនៅប្រទេសជប៉ុនលើជំនាញវិជ្ជាជីវៈ និងវិស័យជាច្រើន។
ការប្ដេជ្ញាយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពេលឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។
ឯកឧត្តម បានឱ្យដឹងថា ពលករកម្ពុជាមានភាពឧស្សាហ៍ព្យាយាមចេះអត់ធ្មត់នឹងការងារ ព្រមទាំងមានអត្តចរិតល្អចំពោះអ្នករួមការងារថែមទៀតផង។ លោកបង្ហាញថា ដោយមូលហេតុនេះហើយទើបរដ្ឋាភិបាលជប៉ុន នៅតែបន្តទទួលពលករកម្ពុជាឱ្យទៅធ្វើការនៅក្នុងប្រទេសរបស់ខ្លួន។
ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការប្ដេជ្ញា និងការជំរុញឱ្យមានកិច្ចប្រតិបត្តិការនេះ ខណៈកម្ពុជាក៏មានការពេញចិត្តផងដែរ ចំពោះលក្ខខណ្ឌការងាររបស់និយោជកជប៉ុន ដែលកំពុងបើកក្រុមហ៊ុន រោងចក្រ សហគ្រាសនៅកម្ពុជា ក៏ដូចជាលក្ខខណ្ឌការងារនៅប្រទេសជប៉ុន ដែលបានកែសម្រួលឱ្យកាន់តែងាយស្រួលជាងមុន។
សូមបញ្ជាក់ថា កម្មសិក្សាការីកម្ពុជាដែលបានទៅធ្វើកម្មសិក្សា និងបម្រើការងារនៅប្រទេសជប៉ុន មានចំនួនប្រមាណ ១ម៉ឺន ២ពាន់នាក់។ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩នេះ កម្ពុជាបានបញ្ជូនពលករជំនាញលើកដំបូងទៅបម្រើការនៅជប៉ុនចំនួន ១១នាក់ ក្រោយអនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជា-ជប៉ុន លើការបញ្ជូននិងទទួលពលករជំនាញ ត្រូវបានចុះហត្ថលេខារួចរាល់ផងដែរ៕