វគ្គបណ្តុះបណ្តាលមន្រ្តីព័ត៌មានអាជីពរបស់វិទ្យុជាតិកម្ពុជាបានបញ្ចប់ដោយជោគជ័យ

វិទ្យុជាតិដោយ ៖ លោក អ៊ឹម ភិរក្សនារីរតនៈ

ភ្នំពេញ ៖ វគ្គបណ្តុះបណ្តាលមន្រ្តីព័ត៌មានអាជីពរបស់វិទ្យុជាតិកម្ពុជាបានបញ្ចប់ដោយជោគជ័យ ដោយទទួលបាន​ចំណេះ​ដឹងជាច្រើនលើជំនាញសសេរព័ត៌មាន ទាន់ហេតុការណ៍ Hot News និងបទយកការណ៍ ដើម្បីផលិតព័ត៌​មានត្រឹមត្រូវតាមវិជ្ជាជីវៈឆ្លើយតបទៅតម្រូវការអ្នកអាននិងអ្នកស្ដាប់ ។

 

ឯកឧត្តម ពេជ្រ ប៊ុនរ៉ា ទីប្រឹក្សាក្រសួងព័ត៌មាន មានប្រសាសន៍ថា វគ្គសិក្សានេះបានបង្រៀនដល់មន្រ្តី​ផ្នែកព័ត៌មានរបស់វិទ្យុជាតិកម្ពុជាពីរបៀបការសសេរព័ត៌មាន និងទ្រឹស្តីក្នុងការផលិតព័ត៌មាន​ដែលមាន​លក្ខណៈខ្លីខ្លឹម និងធ្វើឱ្យអ្នកស្តាប់ងាយយល់ និងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ។  

 

ឯកឧត្តមបានបន្តថា ក្រៅពីសិក្សាទ្រឹស្តី សិក្ខាមទាំងអស់បានចុះទៅអនុវត្តជាក់ស្តែងក្នុងការចុះ​យកព័ត៌​មានដោយផ្ទាល់​ដែលសម្រេចបានជោគជ័យដើម្បីយកទៅបំរើដល់ការផ្សាយ​ព័ត៌មានប្រចាំ​ថ្ងៃរបស់វិទ្យុជាតិកម្ពុជា​ស្របតាមវិជ្ជាជីវៈ និងឆ្លើយតបទៅនឹងគោលនយោបាយរាជរដ្ឋាភិបាលផងដែរ ។

 

សំឡេង៖       «យើងបានរៀននេះគឺភាគច្រើនគឺទ្រឹស្ដីទេ ចឹងយកអានឹងទៅអនុវត្តនិងបន្ថែមទៀត​ដើម្បីឲ្យសមត្ថភាពរបស់យើងកាន់តែពេញលេញ បានន័យថាកាលពីមុនយើងចេះតែទ្រឹស្តីអនុវត្តន៍អត់សូវបាន សង្ឃឹមថាយកទ្រឹស្តីទៅអនុវត្តសកម្មភាពជាក់ស្តែងនិងឲ្យសមត្ថភាពរបស់យើងកាន់តែវិវឌ្ឍន៍ទៅៗ ដែលធ្វើឲ្យអត្ថបទរបស់យើងមានគុណភាពដែលឆ្លើយតបទៅនឹងតម្រូវការអ្នកស្តាប់ ធ្វើឱ្យព័ត៌មានរបស់យើងមានគុណភាព មានគ្រប់ជ្រុងជ្រោយ លឿន ទុកចិត្តបាន ឆ្លើយតបទៅហ្នឹងតម្រូវការរបស់អ្នកស្ដាប់« ។

 

មន្ត្រីព័ត៌មាន នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដែលជាសិក្ខាមនៃ វគ្គបណ្តុះបណ្តាលនេះបានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះបានផ្តល់ចំណេះដឹងជាច្រើនដល់រូបលោកក៏ជាមន្រ្តីព័ត៌មានដ៏ទៃទៀត ដើម្បីជាទុនក្នុងការ​សរសេរព័ត៌មានឲ្យកាន់តែមានគុណភាព ជាប្រយោជន៍ក្នុងការផ្តល់ព័ត៌មាន ដល់សាធារណជនឲ្យបានគ្រប់ជ្រុង​ជ្រោយ ដែលជួយបង្កើនដល់ការធ្វើសេចក្តីសម្រេចចិត្តរបស់ប្រជាពលរដ្ឋ។

 

គួររំលឹកដែរថា វគ្គបណ្ដុះបណ្ដាលសសេរព័ត៌មានអ្នកសារព័ត៌មានអាជីពរបស់វិទ្យុជាតិកម្ពុជា នេះមានចំនួន១៦នាក់ ដែលសិក្សាមានរយៈពេល២ខែដោយចាប់ផ្តើមពីថ្ងៃទី១២ ខែសីហាដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ប្រកបដោយជោគជ័យ ៕