ឯកអគ្គរាជទូតជប៉ុនសន្យាខិតខំជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា

វិទ្យុជាតិកម្ពុជា៖  លោក វ៉ាងភក្តី

ភ្នំពេញ: ឯកអគ្គរាជទូតជប៉ុន សន្យាខិតខំជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា សំដៅជួយឲ្យសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរកាន់តែល្អប្រសើរឡើងថែមទៀត។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ទើបតែងតាំងថ្មី ប្រចំានៅកម្ពុជា បានបញ្ជាក់ថា ក្នុងអាណត្តិបេសកកម្មនៅកម្ពុជា ឯកឧត្តមនឹងខិតខំជំរុញវិស័យពាណិជ្ជកម្មរវាងកម្ពុជានិងជប៉ុនឲ្យកាន់តែកើនឡើង។ ជាមួយគ្នានេះ ក៏សន្យាខិតខំជំរុញទំនាក់ទំនាក់រដ្ឋសភាប្រទេសទំាងពីរឲ្យរឹងមាំថែមទៀតផងដែរ។

ការបញ្ជាក់ជំហរនេះ ធ្វើឡើងក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ។

ឯកឧត្តម មានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុន មានមោទនភាពដែលបានចូលរួមចំណែកស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍជាមួយប្រជាជនកម្ពុជា។ ជាមួយគ្នានេះ ក៏បានសង្កេតឃើញកំណើនសេដ្ឋកិច្ចកម្ពុជាខ្ពស់ ដែលជំរុញឲ្យអ្នកវិយោគទុនជប៉ុនជាច្រើន មានបំណងមកបណ្តាក់ទុកនៅកម្ពុជា ស្របពេល រដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ទិដ្ឋាការពិសេសដល់ពលករខ្មែរ និងមន្ត្រីកម្មសិក្សា ដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុន។
សម្តេចពញាចក្រី ហេង សំរិន មានប្រសាសន៍តបវិញថា ជោគជ័យទាំងឡាយដែលកម្ពុជា និងជប៉ុន សម្រេចបានមកនេះ មិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹងប្រែងរបស់ ឯកអគ្គរាជទូតជប៉ុនគ្រប់រូប ដែលបានអនុវត្តន៍ការងារយ៉ាងសកម្ម និងហ្មត់ចត់ជាមួយកម្ពុជាបាននោះឡើយ។ សម្តេចពញាចក្រី បានថ្លែងអំណរដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមស្វែងរកសុខសន្តិភាព និងការបង្រួបបង្រួមជាតិ ដើម្បីស្តារ និងកសាងប្រទេសឡើងវិញ និងនៅតែបន្តជួយកម្ពុជារហូតសព្វថ្ងៃ។

សម្តេច ហេង សំរិន បានស្នើដល់ភាគីជប៉ុនជួយបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់ប្រជាជនកម្ពុជាបន្ថែម ខណៈរដ្ឋសភាត្រៀមខ្លួនជាសេ្រចក្នុងការធ្វើកិច្ចសហប្រតិបត្តិការគ្រប់យ៉ាងជាមួយ ភាគីជប៉ុន៕