មន្រ្តីកងទ័ពអាកាសកំពូលៗ មកពីប្រទេសចំនួន១០ នឹងធ្វើទស្សនកិច្ច​នៅប្រទេសកូរ៉េខាងត្បូងនៅសប្តាហ៍នេះ

AKP ភ្នំពេញ  ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ — ការិយាល័យរបស់លោកបាននិយាយនៅថ្ងៃចន្ទនេះថា​ ប្រមុខកងទ័ពអាកាសកូរ៉េ​ខាង​ត្បូង​ត្រូវជួបប្រជុំជាមួយសមភាគីរបស់លោក មកពីបណ្តាប្រទេសចំនួន១០ រួមទាំងសហរដ្ឋ​អាមេរិកនៅទីក្រុងសេអ៊ូលនាសប្តាហ៍នេះ នៅខាងក្រៅពិព័រណ៍អវកាស និងការការពារជាតិ​ទ្រង់ទ្រាយធំមួយ។

តាមការិយាល័យរបស់គាត់បានឱ្យដឹងថា នាយសេនាធិការកងទ័ពអាកាស​ឧត្តម​សេនីយ៍ វ៉ុន អ៊ិន- ជូល (Won In-choul) នឹងជួបប្រជុំមួយទល់មួយ ជាមួយមេបញ្ជាការកងទ័ព​អាកាសប៉ាស៊ីហ្វិកអាម៉េរិកឧត្តមសេនីយ៍ Charles Q. Brown និងបណ្តាប្រធានកងទ័ព​អាកាស ៩នាក់ផ្សេងទៀត មកពីប្រទេសនានាមានដូចជា៖ ម៉ាឡេស៊ី​ប្រេស៊ីល និង ប៉េរូ ចន្លោះ​ពី​ថ្ងៃចន្ទដល់ថ្ងៃពុធ។

មេបញ្ជាការយោធា នឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមពិព័រណ៌​អវកាស និងការពារជាតិអន្តរជាតិទីក្រុងសេអ៊ូល (ADEX) ដែលគ្រោងនឹងប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែតុលា នៅឯអាកាសយានដ្ឋានសេអ៊ូល ក្នុងទីក្រុងស៊ុងណាម​ (Seongnam) នៅខាងត្បូងទីក្រុងសេអ៊ូល។

ក្រសួងការពារជាតិបាននិយាយថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ នឹងប្រមូលផ្តុំនូវបណ្តា​ក្រុម​ហ៊ុនការពារជាតិប្រមាណ ៤៣០ មកពី ៣៤ ប្រទេស សម្រាប់ព្រឹត្តិការណ៍ដ៏ធំបំផុតមិនធ្លាប់​មាននេះ។

កងទ័ពអាកាសបាននិយាយថា កិច្ចប្រជុំនេះនឹងធ្វើជាកន្លែងមួយ ដើម្បីពិភាក្សាពី​មធ្យោបាយ​នានា ដើម្បីជំរុញកិច្ចផ្លាស់ប្តូរខាងយោធា និងកិច្ចសហប្រតិបត្តិការទ្វេភាគីដោយ​បន្ថែមថា លោក វ៉ុន ក៏នឹងផ្សព្វផ្សាយផងដែរនូវប្រព័ន្ធបណ្តុះបណ្តាលយន្តហោះ នឹងការហោះ​ហើរ​ទំនើបរបស់កូរ៉េខាងត្បូងដល់សមភាគីរបស់លោក។

តាមកងទ័ពអាកាសបានឱ្យដឹងថា ក្នុងអំឡុងពេលជួបពិភាក្សា ជាមួយមេបញ្ជាការកង​ទ័ពអាកាស ប៉ាស៊ីហ្វិកសហរដ្ឋ​អាមេរិកនៅថ្ងៃពុធ លោក វ៉ុន នឹងចែករំលែកទស្សនៈគ្នា ស្តីពី​ស្ថាន​ភាពចុងក្រោយនៅឧបទ្វីប​កូរ៉េ និងបញ្ហាសំខាន់ៗដទៃទៀតដែលមានការយកចិត្ត​ទុក​ដាក់​ទៅវិញទៅមក មានដូចជា​ការធ្វើសមយុទ្ធរួមកូរ៉េខាង​ត្បូង-សហរដ្ឋអាមេរិក និងវិធីសាស្រ្ត​នានា ដើម្បីបង្កើនកិច្ច​សហប្រតិ​បត្តិការសន្តិសុខរបស់ពួកគេនៅក្នុងវិស័យអវកាស និងអ៊ិនធឺរ​ណែត។

កងទ័ពអាកាសបាននិយាយថា ប្រទេសចិនគ្រោងនឹងបញ្ជូនមន្រ្តីកងទ័ពអាកាសផ្កាយ ២ទៅចូលរួមព្រឹត្តិការណ៍នៅសប្តាហ៍នេះ​ដែរ ​ខណៈពេលដែលមិនមានមន្រ្តីជប៉ុនឬរុស្ស៊ីចូល​រួម​ទេ៕

(ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)