ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានរិះគន់កិច្ចប្រជុំ​នៃបណ្តា​ប្រមុខយោធា​ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន

AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ — នៅថ្ងៃចន្ទនេះ ប្រព័ន្ធឃោសនារបស់កូរ៉េខាងជើង បានរិះគន់កិច្ចប្រជុំត្រីភាគីនាពេល​ថ្មីៗ​នេះ​ រវាងប្រធាននៃអគ្គសេនាធិការរួម (JCS) នៃប្រទេសកូរ៉េខាងត្បូង​ សហរដ្ឋអាមេរិក​និងជប៉ុន ដោយអះអាងថា កិច្ចពិភាក្សារបស់ពួកគេ គឺមានចេតនាធ្វើឱ្យកាន់តែមានភាព​តាន​តឹងកើនឡើងនៅឧបទ្វីបកូរ៉េ។

ប្រធាន JCS របស់កូរ៉េខាងត្បូង ឧត្តមសេនីយ៍ Park Han-ki និងសមភាគី​អាម៉េរិក​និងជប៉ុនរបស់លោក គឺឧត្តមសេនីយ៍ Mark Milley និងឧត្តមសេនីយ៍ Koji Yamazaki បាន​ជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោនកាលពីដើមខែនេះ ខណៈដែលលោក Park  និងលោក Yamazaki ស្ថិតនៅរដ្ឋធានីរបស់សហរដ្ឋអាមេរិក ដើម្បីចូលរួមពិធីផ្លាស់ប្តូរមេបញ្ជាការ សម្រាប់លោក Milley ជាប្រធានថ្មី។

DPRK Today ជាគេហទំព័រឃោសនាមួយរបស់កូរ៉េខាងជើងបានអះអាងថា សហរដ្ឋ​អាមេរិក​បានរៀបចំកិច្ចប្រជុំ​នេះ​ ដើម្បីធ្វើឱ្យមានកិច្ចព្រមព្រៀងចែករំលែកយោធា​រវាងកូរ៉េខាង ត្បូង និងជប៉ុន ដើម្បីរឹតបន្តឹង «សម្ព័ន្ធមិត្តយោធាត្រីភាគីដែលលុកលុយ » នៅក្នុងចំណោម​ប្រទេស​ទាំងបីនេះ។

ប្រទេសកូរ៉េខាងត្បូងបានសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀង ដែលត្រូវបានគេស្គាល់ថា ជាកិច្ចព្រមព្រៀងសន្តិសុខព័ត៌មានយោធា (GSOMIA) កាលពីខែសីហាកន្លងទៅ ដើម្បីឆ្លើយ​តបទៅនឹងវិធានការសងសឹកសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនជាប់ៗគ្នា លើពលកម្មដោយបង្ខំក្នុង​សម័យសង្គ្រាម។

អត្ថបទនេះបាននិយាយយ៉ាងអាក្រក់នៅឯប្រទេសកូរ៉េខាងត្បូងពីបទ « រៀបចំផែនការ​សម្ងាត់ » ជាមួយសហរដ្ឋអាមេរិក និងជប៉ុន ដើម្បីប្រឈមជាមួយខាងជើង ដោយហៅការ​ផ្លាស់​ប្តូរនេះថា ជា « សកម្មភាពបង្កហេតុ » ដែលមិនអាចយកជាការបាន។

របាយការណ៍នោះបាននិយាយថា កិច្ចប្រជុំបានបង្ហាញពីអត្តសញ្ញាណអាក្រក់របស់​អាជ្ញាធរកូរ៉េ- ខាងត្បូង ដែលឆ្កួតលីលា ចំពោះការប្រឈមមុខគ្នាខាងជើង-ខាងត្បូង និងការ​លុក​លុយ​ប្រឆាំងនឹងកូរ៉េ-    ខាងជើង  ។

ព័ត៌មានលម្អិតនៃកិច្ចប្រជុំត្រីភាគីមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈទេ ប៉ុន្តែប្រធាន​បទ​សំខាន់នៃការពិភាក្សានេះ ទំនងជាការសម្រេចចិត្តរបស់កូរ៉េខាងត្បូងក្នុងការដកខ្លួន​ចេញ​ពី GSOMIA។

ប្រទេសកូរ៉េខាងជើងបានអំពាវនាវជាយូរមកហើយ ឱ្យបញ្ឈប់កិច្ចព្រមព្រៀងនេះ ដោយបានរិះគន់វាថា ជាការបោះជំហានទៅមុខមួយ សម្រាប់ជប៉ុនក្នុងការធ្វើសមាហរណកម្ម​ឧបទ្វីបកូរ៉េឡើងវិញ៕

(ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)