កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងជលផលរបស់អាស៊ាន ជួយដល់ប្រទេសប្រ៊ុយណេក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច

AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩​  — រដ្ឋមន្ត្រីក្រសួងធនធាន និងទេសចរណ៍របស់ប្រទេសប្រ៊ុយណេ លោក Haji Ali បាននិយាយថា កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងជលផល ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន នឹងជួយដល់ប្រទេសប្រ៊ុយណេក្នុងការពង្រីកសេដ្ឋកិច្ច និងពង្រឹងកិច្ចខិតខំប្រឹងប្រែងធ្វើពិពិធកម្មរបស់ខ្លួន។

លោករដ្ឋមន្ត្រីបានធ្វើការកត់សម្គាល់ដូចនេះនៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៃកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងជលផលអាស៊ាន ៤១ (SOM-41st AMAF) នៅក្នុងរាជធានី Bandar Seri Begawan ។

លោក Haji Ali បាននិយាយថា កិច្ចសហប្រតិបត្តិការស្ថិតនៅក្រោម AMAF គឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសប្រ៊ុយណេ ដោយលោកបាននិយាយបន្ថែមថា ក្រៅពីការបើកឱកាសដើម្បីអភិវឌ្ឍន៍   វិស័យកសិកម្ម ជលផល និងព្រៃឈើរបស់ប្រទេសប្រ៊ុយណេ កិច្ចសហប្រតិបត្តិការនេះក៏នឹងជួយដល់ប្រទេសនេះក្នុងការស្វែងរកចក្ខុវិស័យរបស់ខ្លួនក្នុងការពន្លឿនកំណើនទិន្នផលនៅក្នុងវិស័យទាំងនេះ នឹងរួមចំណែកដល់កំណើន នឹងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ប្រទេសនេះឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យប៊្រុយណេឆ្នាំ ២០៣៥ ផងដែរ។

លោកបាននិយាយថា កត្តាសំខាន់មួយទៀតដើម្បីសម្រេចបាន នឹងបន្តនូវកំណើនយ៉ាងឆាប់រហ័សនៅក្នុងវិស័យកសិកម្ម ជលផល និងព្រៃឈើ សម្រាប់ប្រទេសប្រ៊ុយណេ គឺការជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងបច្ចេកទេសទំនើប។

លោកបានបញ្ជាក់ថា កត្តានេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើនផលិតភាពរបស់វិស័យ នឹងលើកកម្ពស់ការប្រកួតប្រជែងអន្តរជាតិនៅក្នុងវិស័យនេះ។

បន្ទាប់ពីកិច្ចប្រជុំ SOM-41st AMAF ប្រទេសប្រ៊ុយណេក៏នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ AMAF លើកទី ៤១ កិច្ចប្រជុំ AMAF បូកបី លើកទី១៩ (ចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ) ដែលនឹងធ្វើនៅថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ​២០១៩ នេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)