នៅយប់ថ្ងៃទី១៤ ខែតុលានេះ អាជ្ញាធររាជធានីប្រកាសបិទមិនអោយធ្វើចរាចរណ៍បណ្តោះ អាសន្នពីស្ពានព្រះមុន្នីវង្សចាស់ ឆ្ពោះទៅទិសមហាវិថីព្រះមុន្នីវង្ស

វិទ្យុជាតិកម្ពុជា៖ យី វិច្ឆិកា ១៤ ១០ ២០១៩៖

នៅយប់ថ្ងៃទី១៤ ខែតុលានេះ អាជ្ញាធររាជធានីប្រកាសបិទមិនអោយធ្វើចរាចរណ៍បណ្តោះ អាសន្នពីស្ពានព្រះមុន្នីវង្សចាស់ ឆ្ពោះទៅទិសមហាវិថីព្រះមុន្នីវង្ស ដើម្បីធានាសុវត្ថិភាពការដ្ឋាន ស្ថាបនាស្ពានអាកាសក្បាលថ្នល់។
យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា ដើម្បីធានាសុវត្ថិភាពការដ្ឋានស្ថាបនាស្ពានអាកាសក្បាលថ្នល់ថ្មី ចាប់ពីវេលាម៉ោង ២១:០០យប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ដល់ម៉ោង ៥:០០ទៀបភ្លឺថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ អាជ្ញាធរតម្រូវ បិទផ្លូវមិនឱ្យធ្វើចរាចរចុះពីស្ពានព្រះមុន្នីវង្សចាស់ ឆ្ពោះទៅទិសមហាវិថីព្រះមុន្នីវង្សឡើយ។
ការសម្រេចបិទចរាចរណ៍នេះ ដោយសារតែការដ្ឋានសាងសង់ស្ពានអាកាសក្បាលថ្នល់បន្ថែម ត្រូវការចាក់បេតុងតួស្ពាន(Box Girder) ដំណាក់កាលទី១ អាស្រ័យដូច្នេះសូមសាធារណជនមេត្តាជ្រាប និងមេត្តាយោគយល់អធ្យាស្រ័យ ដោយសេចក្តីអនុគ្រោះ។
ជាមួយគ្នានេះដែរមន្ទីរសាធារណការរាជធានីភ្នំពេញបានអៈអាងថា ចំពោះចរាចរពីស្ពានព្រះមុនី្នវង្សចាស់បត់ស្តាំមកមហាវិថីព្រះនរោត្តម ចរាចរពីមហាវិថីព្រះមុនី្នវង្សទៅស្ពានព្រះមុនីវង្សថ្មី និងចរាចរទៅមកលើស្ពានអាកាសក្បាលថ្នល់ នឹងអនុញ្ញាត្តអោយធ្វើចរាចរជាធម្មតា។
សូមបញ្ជាក់ថា ស្ពានអាកាសថ្មីបន្ថែម ពីលើស្ពានដែលមានស្រាប់នៅតំបន់ក្បាលថ្នល់នេះ ត្រូវភ្ជាប់ជាមួយចំណុចផ្លូវប្រសព្វផ្លូវ៦០ម៉ែត្រ ផ្លូវព្រះមុនីវង្ស និងផ្លូវ២៧១មានព្រំប្រទល់ ជាប់ខណ្ឌមានជ័យ និងខណ្ឌចំការចំការមន ៕