រដ្ឋបាលរាជធានីដាំដើមឈើប្រណិតៗជាង៣០០ដើមនៅបរិវេណខាងលិចគល់ស្ពានជ្រោយចង្វារ ដើម្បីកែលម្អសោភ័ណភាពនៅទីនោះអោយកាន់តែស្រស់ស្អាត

វិទ្យុជាតិកម្ពុជាអត្ថបទ៖ ហុក សុខរិន ១៤ ១០ ១៩៖

រដ្ឋបាលរាជធានីដាំដើមឈើកម្រប្រណិតៗជាង៣០០ដើមនៅបរិវេណខាងលិចគល់ស្ពានជ្រោយចង្វារ ដើម្បីកែលម្អសោភ័ណភាពនៅទីនោះអោយកាន់តែមានភាពបៃតងស្រស់ស្អាតផង និង ថែរក្សាគុណភាពបរិស្ថាននៅក្នុងទីក្រុងផង។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
ថ្លែងក្នុងពិធីដាំដើមឈើប្រណិតនៅគល់ស្ពានជ្រោយចង្វារនាព្រឹកថ្ងៃទី១៤ ខែតុលានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំដល់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ភ្នំពេញ និងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទរាជធានីភ្នំពេញត្រូវថែរក្សាដើមឈើទំាងអស់ នេះអោយរីកលូតលាស់បានល្អ ដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិ។
ឯកឧត្តមអភិបាលរាធានីភ្នំពេញបានអៈអាងថា ដើមឈើប្រណិតៗទំាងនេះមិនត្រឹមតែជាម្លប់សម្រាប់ ប្រជាពលរដ្ឋនិងសិស្សានុសិស្សបានជ្រកលេងកម្សាន្តប៉ុណ្ណោះទេ ថែមទំាងសម្រាប់អោយមនុស្សជំនាន់ក្រោយបានស្គាល់ពីប្រភេទឈើកម្ររបស់កម្ពុជាថែមទៀតផង។
ឯកឧត្តមបានអៈអាងថា ការរួមគ្នាដាំដើមឈើនាពេលនេះក្នុងគោលបំណងសំខាន់ដើម្បីជួយថែរក្សាបរិស្ថាននៅជុំវិញរាជធានីភ្នំពេញនេះឲ្យកាន់តែមានភាពបៃតងស្រស់ស្អាត ពិសេសជួយកាត់បន្ថយការបម្រែបម្រួលអាកាសធាតុនៅលើភពផែនដី ហើយជួយកម្ចាត់ជាតិពុលនានា នៅ ក្នុងរាជធានីភ្នំពេញផងដែរ។
ឯកឧត្តមអភិបាលរាធានីភ្នំពេញក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ មន្រ្តីរាជការ និងស្ថាប័នពាក់ព័ន្ធទំាងអស់ត្រូវរួមគ្នាថែរក្សាការពារដើមឈើនៅតាម ភូមិដ្ឋាន សាលារៀន វត្តអារ៉ាម តាមសួនច្បារ និងផ្លូវសាធារណៈអោយបានល្អ ព្រោះដើមឈើមាន គុណប្រយោជន៍យ៉ាងខ្លំាងសម្រាប់បរិស្ថាន និងមនុស្សជាតិ។ សម្លេង«
យុវសិស្ស លី នីហ្សា ជាសិស្សនៃវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានីវត្តភ្នំបានបង្ហាញអារម្មណ៍ សប្បាយរីករាយ ដែលអាជ្ញាធររាជធានីភ្នំពេញបានដាំប្រភេទឈើប្រណិតល្អៗនៅក្បែរទីតំាង សាលារាជរបស់ខ្លួននេះ ថាបានជួយអោយគុណភាពបរិស្ថាននៅតំបន់នេះកាន់តែស្រស់ស្អាត ហើយមានខ្យល់អាកាសល្អបរិសុទ្ធទៀតផង។
សូមបញ្ជាក់ថា ដើមឈើប្រណិតល្អៗដែលអាជ្ញាធររាជធានីភ្នំពេញបានដំានៅត្រើយខាង លិចនៃបរិវេណគល់ស្ពានជ្រោយចង្វារនេះ មានដើមឈើចំនួន៣០២ដើម ក្នុងនោះ ដើមធ្នងចំនួន ២០០ដើម ក្រញូង៣៦ ដើម និងគគី ចំនួន៦៦ដើម។ គួរំលឹកផងដែរថា មកដល់ពេលនេះ នៅរាជ ធានីភ្នំពេញមានដើមឈើទំាងតូចទំាងធំរហូតដល់ជិត៥ម៉ឺនដើមហើយ ដោយដើមឈើទំាងនោះ បានរីកលូតលាស់ល្អ ផ្តល់ម្លប់ត្រឈឹងត្រឈី និងបង្កើតបានជាសោភ័ណភាពយ៉ាងស្រស់ស្អាត សម្រាប់សរាជធានីភ្នំពេញ៕