ក្រសួងបរិស្ថានកសាងដំរីរណារយន្ត និមិត្តរូបនៃការបង្ក្រាបបទល្មើសដើម្បីអភិរក្សជីវៈចម្រុះឱ្យបានគង់វង្ស

វិទ្យុជាតិកម្ពុជា​៖​  វ៉ាង ភក្តី ១៤ ១០ ២០១៖

 រូបសំណាកសត្វដំរីកសាងឡើងដោយប្រើប្រាស់រណារយន្តដែលជាវត្ថុតាងប្រមូលបានពីបទល្មើសធនធាន
ធម្មជាតិ បានសាងសង់រួចរាល់ជាស្ថាពរ ហើយគ្រោងនឹងយកទៅដាក់តាំងបង្ហាញជាសាធារណៈនៅសួនឧទ្យានសែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរីនៅក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៩នេះ។
រូបសំណាកសត្វដំរី ដែលធ្វើពីវត្ថុតាងរណារយន្តមានទំហំដូចខាងក្រោម ៖ ទី១) កម្ពស់ ២,៨០ ម៉ែត្រ (គិតពីបាតជើងដល់ចុងប្រមោយខាងលើ) ទី២-បណ្ដោយប្រវែង ៣,១០ ម៉ែត្រ (គិតពីក្បាលដល់ជើងក្រោយ) ទី៣)-ទទឹងចន្លោះពី ០,៩០ ម៉ែត្រ ទៅ ១ ម៉ែត្រ (គិតពីទំហំតួខ្លួន)ហើយបានប្រើប្រាស់វត្ថុតាងរណារយន្តសរុប៣០០ គ្រឿងក្នុងនោះមានម៉ាស៊ីនរណារយន្ត និងផ្លែរណារយន្ត ព្រមទាំងគ្រឿងម៉ូតូប្រព្រឹត្តបទល្មើស។
ឯកឧត្តមបានថ្លែងថា៖ «រូបសំណាកសត្វដំរីសាងសង់ឡើងនៅក្នុងគោលបំណងបង្ហាញដល់សាធារណជនឲ្យបានឃើញពីវត្ថុតាងរណារយន្តដែលត្រូវបានសមត្ថកិច្ចជំនាញចាប់ឃាត់ ដកហូត និងប្រមូលយកមករក្សាទុកនៅតាមបណ្ដាស្នាក់ការដែនជម្រកសត្វព្រៃទាំង ៥ តំបន់ ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី។ ជាងនេះទៅទៀត ក៏ចង់បង្ហាញប្រាប់ថា រណារយន្ត គឺជាមធ្យោបាយប្រព្រឹត្តបទល្មើសកាប់រុករានដីព្រៃរបស់រដ្ឋ និងក្នុងន័យបញ្ឈប់នូវការប្រើប្រាស់រណារយន្តដែលនាំឲ្យមានការបំផ្លិញបំផ្លាញធនធានធម្មជាតិ ហើយងាកមកចាប់អារម្មណ៍សត្វដំរីដែក ១ ក្បាលដែលធ្វើពីវត្ថុតាងរណារយន្តនិងចង់ពញ្ញាក់ស្មារតីរ បស់ប្រជាពលរដ្ឋឲ្យចូលរួមសកម្មភាពការ
ពារ និងអភិរក្សហ្វូងសត្វដំរីរស់ក្នុងគោលដៅបង្កើនប្រាក់ចំណូលពីវិស័យទេសចរណ៍នៅក្នុងខេត្តមណ្ឌលគិរី»។
រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានរៀបចំដំឡើងរូបចម្លាក់សត្វដំរីធ្វើពីវត្ថុតាងរណារយន្តនេះឡើងជាមួយនឹងជាងនៅក្នុងខេត្តកំពង់ស្ពឺ ដោយប្រើរយៈពេលចំនួន ៧ ខែ និងដោយមានការចូលរួមគាំទ្រថវិកាពីសប្បុរសជន និងអង្គការដៃគូអភិវឌ្ឍន៍នានា ដើម្បីចូលរួមក្នុងសកម្មភាពនៃការរៀបចំ និងដំឡើងរូបចម្លាក់សត្វដំរីដែលធ្វើពីវត្ថុតាងរណារយន្តមួយនេះ។ រូបសំណាកសត្វដំរីនេះនឹងត្រូវដឹកបញ្ជូនទៅខេត្តមណ្ឌលគិរីក្នុងពេលវេលាសមស្រប។
តាមការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានសត្វដំរីព្រៃចំនួនប្រមាណជាង ៥០០ ក្បាលដែលកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា នៅក្នុងនោះតាមការសិក្សា សត្វដំរីព្រៃនៅក្នុងដែនជម្រកសត្វព្រៃទាំង ៥ នៅក្នុងខេត្តមណ្ឌលគិរីទាំងមូល មានប្រមាណជាង ៣៧៥ ក្បាល នៅតំបន់ជួរភ្នំក្រវ៉ាញមានដំរីចំនួនប្រមាណជិត ២០០ ក្បាល និងផ្សេងទៀតបាននិងកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិនានារបស់ប្រទេសកម្ពុជា។ ប្រព័ន្ធតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ មានទំហំផ្ទៃដីចំនួន ៧,៥ លានហិកតា ស្មើប្រមាណ ៤១% នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជាដែលកំពុងតែត្រូវបានការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា យោងតាមការសិក្សា ចំនួនសត្វដំរីព្រៃនៅកម្ពុជាក៏ដូចជា នៅប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍មានការធ្លាក់ចុះច្រើននៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ ចុងក្រោមនេះដោយសារតែការបរបាញ់ខុសច្បាប់ ការបំផ្លាញជម្រកសត្វដំរី និងជម្លោះរវាងដំរី និងមនុស្ស ខណៈស្រែចម្ការរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនដាំ នៅជាប់នឹងតំបន់ការពារធម្មជាតិ ហើយពេលខ្លះដំរីមកស៊ីដំណាំ។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ចំណែកសត្វដំរីស្រុកដែលចិញ្ចឹមដោយអ្នកស្រុកមានចំនួនប្រមាណ ៧០ ក្បាល។ ចំនួនសត្វដំរី ស្រុកពិតជាមានការថយចុះដោយសារតែមិនមានការបន្តពូជបែបធម្មជាតិ និងដំរីខ្លះមានវ័យចាស់ និងបានស្លាប់ជាបន្តបន្ទាប់។ បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ ដើម្បីការពារនិងអភិរក្សសត្វដំរីឱ្យបានគង់វង្សនៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយអង្គការដៃគូនានារៀបចំផែនការអភិរក្ស និងការពារសត្វដំរីនៅកម្ពុជា រៀបចំផែនការយុទ្ធសាស្ត្រក្នុងការអភិរក្សសត្វដំរីដោយពង្រឹងប្រសិទ្ធភាពការពារនិងគ្រប់គ្រងធនធានធម្មជាតិ ដែលជាទីជម្រកនិងកន្លែងផ្តល់ចំណីដល់សត្វដំរី និងការ ពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងជនល្មើស ការហាមឃាត់ការបរបាញ់សត្វព្រៃ ដើរប្រមូលអន្ទាក់ដែលព្រានព្រៃដាក់នៅក្នុងព្រៃ និងការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលប្រកបរបរដាំដាំនៅតាមចម្ការនានាក្បែរតំបន់ការ ពារធម្មជាតិកុំប្រើប្រាស់សារធាតុគីមី ឬបាញ់សត្វដំរីដែលចូលស៊ីដំណាំរបស់ខ្លួន៕