រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញឱ្យអ្នកសារព័ត៌មានបន្ដពង្រឹងគុណភាពព័ត៍មានបន្ថែមទៀត

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា១៣ ១០ ១៩

MC៖រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញឱ្យអ្នកសារព័ត៌មានបន្ដពង្រឹងគុណភាពព័ត៍មានបន្ថែមទៀត ដើម្បីចូលរួមក្នុងការលើកកម្ពស់វិស័យសារព័ត៍មាននៅកម្ពុជា អោយឈានទាន់សម័យបច្ចេកវិទ្យាឌីជីថល។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំឱ្យ អ្នកសារព័ត៍មាននៅគ្រប់ស្ថាប័នរដ្ឋ និងឯកជន ត្រូវខិតខំបង្កើនសមត្ថភាព និងចំណេះដឹងខាងផ្នែកព័ត៍មានវិទ្យាបន្ថែមទៀត ដើម្បីធ្វើឱ្យការងាររបស់ខ្លួនអាចប្រព្រឹត្តទៅមានភាពប្រសើរ និងមានគុណភាពស្របតាមបរិបទនៃភាពជឿនលឿនរបស់សកលលោក។
ក្នុងពិធីបិទសមាជ លើកទី២ របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា កាលពីរសៀលថ្ងៃទី ១២ ខែតុលា ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ការពង្រឹងសមត្ថភាព និងផ្នែកព័ត៍មានវិទ្យានេះ បន្ទាប់ពីតួនាទីរបស់អ្នកសារព័ត៍មាននៅក្នុងសង្គមប្រជាធិបតេយ្យគឺមានសារសំខាន់ណាស់ ដើម្បីចូលរួមផ្សព្វផ្សាយក្នុងបុព្វហេតុការពារផលប្រយោជន៍ជាតិ និងកិត្តិយសជាតិ។
លោក​ ហ៊ុយ វណ្ណៈ ដែលទើបជាប់ជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជានៅអាណត្ដិទី២ បានប្តេជ្ញា បន្ត ខិតខំប្រឹងប្រែង បន្ថែមទៀតក្នុងការដឹកនាំសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ដើម្បីធ្វើអោយវិស័យសារព័ត៌មាននៅកម្ពុជាឆ្ពោះទៅការរីកចំរើនថ្មីៗបន្ថែម ទៀត។
ជាមួយគ្នានេះ លោក បានសម្រេចបង្កើតជាមជ្ឈមណ្ឌលព័ត៍មានវិទ្យាមួយ ដើម្បីជាមូលដ្ឋានក្នុងការចាប់យក បច្ចេកវិទ្យាទៅអភិវឌ្ឍន៍សារព័ត៍មាននៅកម្ពុជា។
សូមបញ្ជាក់ថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា (ស.ស.ស.ក) ត្រូវបាន ប្រកាសទទួលស្គាល់ដោយក្រសួងព័ត៍មាននៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ និងមានសមាជិក សមាជិការ ជាគ្រួសារអ្នក សារព័ត៌មានកំពុងបម្រើការងារនៅអង្គភាពផ្សព្វផ្សាយជាង ៣០ស្ថាប័ន។ ការរួមគ្នាបង្កើតសហព័ន្ធនេះឡើង ក្នុងគោលបំណងជំរុញនិងពង្រឹងវិស័យព័ត៌មាននៅកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀត និងជាពិសេសការពារ និងបំរើផលប្រយោជន៍អ្នកសារព័ត៌មាន៕