អគារសិក្សា ១ខ្នង នៅសាលាបឋមសិក្សា ហ៊ុន ណេង ភូមិទ័ព ក្នុងឃុំសូភាស ស្រុកស្ទឹងត្រង់បានសម្ពោធដាក់ឱ្យប្រើប្រាស់

វិទ្យុជាតិកម្ពុជា៖ដោយលោកចិន សារ៉ាត ខេត្តកំពង់ចាម

អគារសិក្សា ១ខ្នង ស្មើនឹង ៦បន្ទប់ រួមជាមួយនឹងសមិទ្ធផល ជាច្រើនទៀត ស្ថិតនៅសាលាបឋមសិក្សា ហ៊ុន ណេង ភូមិទ័ព ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បាន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍ នៃរដ្ឋសភា ប្រធានគណៈកម្មការមហាផ្ទៃការពារជាតិ មុខងារសាធារណៈ នៃរដ្ឋសភា និងជាតំណាងរាស្ត្រកំពង់ចាម កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នេះ ។
ឯកឧត្ដម ហ៊ុន ណេង លើកឡើងថា កន្លងមក ឯកឧត្ដម តែងបានចូលរួមបដិភាគ ជាមួយអង្គការស្ពានកម្ពុជា ហូឡង់ ដោយបានកសាងនូវសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមទាំងអគារសិក្សា ដើម្បី ចូលរួមចំណែកក្នុងវិស័យអប់រំ សិក្សាធិការ ផងដែរ ។ ឯកឧត្ដម បានរំលឹកថា កាលពីអតីតកាល នៅទូទាំងស្រុកស្ទឹងត្រង់ មាន អនុវិទ្យាល័យចំនួន១តែប៉ុណ្ណោះ ហើយកូនចៅរបស់ប្រជាពលរដ្ឋ តែងធ្វើដំណើរចាកឆ្ងាយពីលំនៅដ្ឋាន ដើម្បី មកប្រលង និងស្នាក់នៅបណ្ដោះអាសន្ន ក្នុងការបន្តការសិក្សា នៅទីនោះ ។ ឯកឧត្ដម ហ៊ុន ណេង បានលើកឡើងថា ដើម្បី ឆ្លើយតបទៅនឹង ការលំបាកទាំងអស់នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ឲ្យមានអគារបឋមសិក្សាដល់ភូមិ និងអនុវិទ្យាល័យដល់ឃុំ សម្រួលដល់កូនចៅ របស់ប្រជាពលរដ្ឋ ទទួលបានការសិក្សារៀនសូត្រ ។ ដូច្នេះ ជាការឆ្លើយតបទៅនឹងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស គឺទាមទារឲ្យមនុស្សម្នាក់ៗ ត្រូវមានចំណេះដឹង និងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បី រួមចំណែកអភិវឌ្ឍប្រទេសជាតិ ។ ឯកឧត្ដមបន្តថា ពេលនេះយើងមានសាលារៀនហើយ ដូច្នេះសូមឲ្យក្មួយៗ ខិតខំសិក្សារៀនសូត្រឲ្យបានពូកែ ក្លាយជា កូនល្អ សិស្សល្អ និងជាពលរដ្ឋល្អ សម្រាប់សង្គមជាតិ នាពេលអនាគត ។ ក្រៅពីនោះ មាតាបិតា ឬអាណាព្យាបាលសិស្ស ក៏ត្រូវជំរុញដល់កូនចៅ ទៅសិក្សារៀនសូត្រ ផងដែរ ។ ឯកឧត្ដម បានអំពាវនាវ ទៅដល់អាជ្ញាធរ និងសមត្ថិ ក្នុងមូលដ្ឋាន យកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាព តាមរយៈ ការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បី ភាពសុខសាន្ត របស់ប្រជាពលរដ្ឋ ផងដែរ ។
លោក ហ្រ្វីត វ៉េតខាំ តំណាងអង្គការស្ពានហូឡង់ និងជាតំណាងម្ចាស់ជំនួយ លើក ឡើងថា អគារសិក្សាថ្មីនេះ គឺបានមកពីជំនួយពីអង្គការ SSCR និងអង្គការ វ៉ាយខន់សិន ដើម្បី ជួយទៅដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស ប្រជាពលរដ្ឋក្រីក្រ ក្នុងតំបន់នេះផ្ទាល់ តែម្ដង ។ ជាមួយគ្នានោះដែរ ការកើតនូវអគារនេះឡើង ក៏ដោយសារការចូលរួមចំណែកបដិភាគ ពីប្រជាពលរដ្ឋ ក្នុងតំបន់ តាមរយៈ អង្គការស្ពានកម្ពុជា ហូឡង់ ផងដែរ។ ជាក់ស្ដែង ក្រៅពីអគារសិក្សាថ្មីនេះ អង្គការស្ពាន ក៏បានកសាងនូវអគារសិក្សា ជាង ១០០ខ្នង មកហើយ នៅតាមតំបន់ផ្សេងៗទៀត នៃប្រទេសកម្ពុជា ។
លោក ទុន ណេត អភិបាល ស្រុកស្ទឹងត្រង់ គូសបញ្ជាក់ថា នៅទូទាំងស្រុក មានសាលាសរុប ចំនួន ១០៩កន្លែង អគារសិក្សា ១៤៤ខ្នង ស្មើនឹង ៧១៦បន្ទប់ ថ្នាក់រៀនចំនួន ៧៧៤ថ្នាក់ សិស្សចំនួន ២៩.៣៨០នាក់ ។ ដោយឡែក សាលាបឋមសិក្សា ហ៊ុន ណេង ភូមិទ័ពនេះ បានសាងសង់ឡើង ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ។ ប៉ុន្តែ ដោយសារកំណើនប្រជាពលរដ្ឋ និងការរីកចំរើនលើវិស័យអប់រំ ព្រមទាំង កំណើនសិស្សានុសិស្សជារៀងរាល់ថ្ងៃ ជាពិសេស ស្ថានភាពអគារសិក្សាមានសភាពចាស់ទ្រុឌទ្រោម ទើបគណៈកម្មការគ្រប់គ្រង និងថែទាំសាលា ក៏បានស្នើសុំរាជរដ្ឋាភិបាល កសាងអគារ ១ខ្នង នេះឡើង ដោយចំណាយថវិកាអស់ចំនួន ៤៦.៩៧៧ដុល្លារ ក្នុងនោះថវិកា របស់ឯកឧត្ដម ហ៊ុន ណេង និងលោកជំទាវ ចំនួន ២១.៥០០ដុល្លារ ផងដែរ ៕