អង្គការ ILO គាំទ្រដល់បេឡាជាតិសន្តិសុខសង្គមវៀតណាម ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស

AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩​ — កាលពីពេលថ្មីៗនេះ អគ្គនាយករងនៃបេឡាជាតិសន្តិសុខសង្គមវៀតណាម (VSS) លោក Dao Viet Anh បានជួបប្រជុំជាមួយគណៈប្រតិភូមកពីអង្គការពលកម្មអន្តរជាតិ (ILO) ដែលដឹកនាំដោយលោក Nuno Cunha អ្នកឯកទេសជាន់ខ្ពស់នៃកិច្ចការពារសង្គមនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោក Cunha បាននិយាយថា ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២០ អង្គការ ILO នឹងផ្តល់ជំនួយបច្ចេកទេសដល់ប្រទេសវៀតណាម និងបញ្ជូនអ្នកជំនាញមកកាន់ប្រទេសនេះ ដើម្បីវាយតម្លៃសមត្ថភាពរបស់ខ្លួន និងរៀបចំគម្រោងពេញលេញមួយ។

លោកបាននិយាយថា បន្ទាប់មកអង្គការ ILO នឹងផ្តល់ការវាយតម្លៃ និងទិន្នន័យជាក់លាក់សម្រាប់ការកសាងគំរូវាយតម្លៃហិរញ្ញវត្ថុនាពេលអនាគត។

មន្ត្រីដដែលរូបនេះបាននិយាយបន្ថែមទៀតថា អង្គការ ILO នឹងភ្ជាប់មជ្ឈមណ្ឌលបណ្តុះបណ្តាល របស់ VSS ជាមួយស្ថាប័នផ្សេងៗទៀតនៅជុំវិញពិភពលោក ខណៈដែលនឹងអញ្ជើញមន្រ្តីរបស់ VSS ទៅចូលរួមវគ្គបណ្តុះបណ្តាលរបស់អង្គការ ILO ផងដែរ។

លោក Simon Brimblecombe អ្នកជំនាញវាយតម្លៃហិរញ្ញវត្ថុរបស់អង្គការ ILO បានធ្វើការកត់សម្គាល់ថា អង្គភាព VSS កំពុងប្រឈមមុខនឹងការលំបាកមួយចំនួនក្នុងការផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដូច្នេះ អង្គការ ILO នឹងជួយដល់អង្គភាព VSS ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។

ដោយបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងសំណើររបស់អង្គការ ILO អគ្គនាយករងអង្គភាព VSS លោក Anh បានសម្តែងក្តីសង្ឃឹមថា នាពេលអនាគតអង្គការ ILO នឹងបន្តជួយដល់អង្គភាព VSS ក្នុងការកសាងគំរូវាយតម្លៃហិរញ្ញវត្ថុដែលគ្រប់គ្រង និងដំណើរការដោយអង្គភាព VSS ផ្ទាល់។

លោកបាននិយាយបន្ថែមថា ទន្ទឹមនឹងនេះដែរ អង្គភាព VSS ត្រូវការការគាំទ្រពីអង្គការ ILO ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយនិរន្តរភាព និងតុល្យភាព៕

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)