អ៊ីរ៉ង់ថា យោធាស៊ីរី ត្រូវតែផ្តល់សន្តិសុខនៅក្នុងព្រំដែនភាគខាងជើងជាមួយតួកគី

AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ — ទីភ្នាក់ងារព័ត៌មាន IRNA ផ្លូវការរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រូហានី ( Hassan Rouhani  ) បាននិយាយពីថ្ងៃពុធ នេះថា យោធាស៊ីរី ត្រូវតែផ្តល់កិច្ចការពារសន្តិសុខនៅក្នុងព្រំដែន ដែលរួមមានទាំងនៅក្នុងព្រំដែនភាគខាងជើង របស់ស៊ីរីជាមួយតួកគីផង​ ។

លោក រូហានី បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃពុធនេះថា  ប្រទេសតួកគីមានកង្វល់អំពីសន្តិសុខព្រំដែនភាគខាងត្បូងរបស់ខ្លួនជាមួយស៊ីរី ហើយកង្វល់របស់ពួកគេ​គេត្រូវតែទទួលស្គាល់ ។

លោកបាននិយាយថា យើងបានប្រកាសរឿងនេះយ៉ាងច្បាស់ហើយថា មធ្យោបាយដ៏ត្រឹមត្រូវ ដើម្បីបង្កើតសន្តិសុខ ក្នុងព្រំដែនភាគខាងជើង របស់ស៊ីរី​នឹងនៅក្នុងព្រំដែនភាគខាងត្បូងតួកគី អាចធ្វើទៅបានតែជាមួយវត្តមានយោធាស៊ីរីប៉ុណ្ណោះ ។

លោកបានកត់សម្គាល់ថា យើងត្រូវតែផ្តល់ឱ្យនូវដីទាំងអស់សម្រាប់វត្តមានយោធាស៊ីរី នៅក្នុងតំបន់ទាំងនេះ , ប្រទេសទាំងអស់ ដទៃទៀតត្រូវតែជួយ, ពួកអាម៉េរិកត្រូវតែចាកចេញពីតំបន់នេះ ហើយពួកឃឺដត្រូវតែឈរនៅខាងភាគីយោធាស៊ីរី  ។

ក្រសួងការពារប្រទេសអ៊ីរ៉ង់បាននិយាយពីថ្ងៃអង្គារថា សាធារណៈរដ្ឋអ៊ិស្លាមនេះ ប្រឆាំងជំទាស់នឹងប្រតិបត្តិការយោធាណាមួយ ដែលអាចមានធ្វើឡើង  ដោយប្រទេសតួកគីក្នុងប្រទេសស៊ីរី​ ។

ក្រសួងនេះបាននិយាយថា បន្ទាប់ពី ស.រ.អា សម្រេចដកកងកម្លាំងរបស់ខ្លួនចេញពីប្រទេសស៊ីរី, អ៊ីរ៉ង់ កំពុងតាមមើលនូវព័ត៌មានដែលធ្វើឱ្យមានកង្វល់ អំពីការចូលដែលអាចមាននៃកងកម្លាំងតួកគីនៅក្នុងប្រទេសស៊ីរី​ ។

ប្រទេសតួកគីកំពុងរៀបចំបើកធ្វើប្រតិបត្តិការយោធាមួយប្រឆាំងនឹងពួកសកម្មប្រយុទ្ធឃឺដ ក្នុងប្រទេសស៊ីរីភាគខាងជើង បន្ទាប់ពីការសម្រេចចិត្តធ្វើឡើងដោយ រដ្ឋការរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដើម្បីចាកចេញពីរដ្ឋអារ៉ាប់នេះ​​ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )