ប្រមុខរាជរដ្ឋាភិបាល អញ្ជើញចូលរួមប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០នៃការបង្កើត ធនាគារជាតិនៃកម្ពុជា (១០ តុលា ១៩៧៩-១០ តុលា ២០១៩)

AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ –ឥស្សរជនជាន់ខ្ពស់ជាសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរាជរដ្ឋាភិបាល ថ្នា​ក់​ដឹកនាំគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អង្គទូត តំណាងអង្គការជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ និ​ងមន្ត្រីធនាគារជាតិនៃកម្ពុជាប្រមាណ ៦០០នាក់ បានមកជួបជុំគ្នានៅសាលសន្និសីទ​ចតុ​មុ​ខ​ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុ​លា​ ឆ្នាំ២០១៩នេះ ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជា (១០ តុ​លា​ ១៩៧៩-១០ តុលា ២០១៩) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហា សេនាបតី​តេ​​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ដែរថា ធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩​៥​៤ បន្ទាប់ពីទទួលបានឯករាជ្យពីអាណានិគមបារាំង។ ក្នុងចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ធ​នា​គារ​ជាតិនៃកម្ពុជា ត្រូវបានបិទទ្វារដោយសាររបបកម្ពុជាប្រជាធិបតេយ្យ។ អគារស្នាក់ការ​ត្រូវ​​បានកម្ទេច រូបិយវត្ថុជាតិត្រូវបានឈប់ប្រើប្រាស់ ហើយប្រព័ន្ធធនាគារត្រូវបានលុបបំបាត់​ចោ​ល​​ទាំងស្រុង។ ធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងវិញនៅថ្ងៃទី១០ ខែតុលា ឆ្នាំ​១៩​៧​៩​​ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំ។ ក្រោយពេលបង្កើត​ឡើង​វិ​ញ​ ធនាគារជាតិនៃកម្ពុជា ត្រូវបានស្តារចេញពីចំណុចសូន្យ និងបានឆ្លងកាត់នូវដំ​ណាក់​កា​ល​អភិ​វឌ្ឍន៍ជាច្រើនដោយជោគជ័យ ហើយមកទល់បច្ចុប្បន្នធនាគារជាតិនៃកម្ពុជា បាន ពង្រឹង​ខ្លួ​ន​​ជាលំដាប់ ជាមួយនឹងសាខារាជធានី-ខេត្តចំនួន១៩ នៅទូទាំងប្រទេស ដើម្បីធានា ឱ្យបាន​នូវ​ប្រ​ព័​ន្ធរូបិយវត្ថុ និងធានាគារប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្ត។

ទន្ទឹមនេះវិស័យធនាគារ​បា​ន​អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាពិសេសក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ និងបាន​រួម​ចំ​ណែក​យ៉ាងសកម្មក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច និង កាត់បន្ថយភាពក្រីក្រ។ ការធ្វើទំនើប​ក​ម្ម​​ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ជាពិសេសប្រព័ន្ធទូទាត់ សងប្រាក់ ក៏ត្រូវបានយកចិត្តទុកដាក់​ជា​ប្រ​ចាំ ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការ ពង្រឹង ប្រសិទ្ធភាព និងសុវត្ថិភាពនៃការទូទាត់។ ចា​ប់ពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន ប្រព័ន្ធធនាគារត្រូវ បានពង្រឹង និងធ្វើទំនើប​ភាវូបនីយកម្មជា​លំ​ដា​ប់។ កម្ពុជា ក៏បានក្លាយជាប្រទេសមួយក្នុង ចំណោមប្រទេសដែល​មានកំណើនសេដ្ឋកិច្ច​ខ្លាំ​ង​ជាងគេផងដែរនៅលើពិភពលោក៕

ដោយ ជឹម ណារី