រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយស្ថាប័នជំនាញ ប្រជុំក្រុមការងារបោះបង្គោល តំបន់ប្រើប្រាស់ច្រើនយ៉ាង ព្រែកទឹកសាបក្បាលឆាយ

វិទ្យុជាតិកម្ពុជា​៖​

ឯកឧត្ដម សៀក វណ្ណា អនុរដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ មានប្រសាសន៍ថា ដោយសារតែក្រុមការងារមានបទពិសោធន៍ ចុះទៅដល់គោលដៅនីមួយៗ ចាប់ផ្តើមការងារក្នុងការដាំបង្គោលនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងទឹកសាបក្បាលឆាយ ខេត្តព្រះសីហនុ ដោយធ្វើការបែង ចែកក្រុមការងារជាពីរក្រុម ដើម្បីឱ្យក្រុមការងារនីមួយៗចុះបោះបង្គោលបានលឿន រលូនតាមការគ្រោងទុក ។ កិច្ចប្រជុំពន្លឿនក្រុមការងារបោះបង្គោលតំបន់ប្រើប្រាស់ច្រើនយ៉ាងទឹកសាបក្បាលឆាយ នៅថ្ងៃទី៩ ខែតុលា នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដោយឯកភាពបង្កើតក្រុមការងារជាពីរក្រុម និងមានចៅសង្កាត់រងចូលរួមក្នុងការបោះ បង្គោល ដើម្បីឱ្យក្រុមការងារបច្ចេកទេសរបស់យើង ចាប់ផ្តើមដំណើរការបានលឿន។ ក្រុមការងារនីមួយៗត្រូវមានឡានស្ទូចមួយគ្រឿង ដើម្បីជួយសម្រួល ការងារលើកដាក់បង្គោល។ ឯកឧត្តម សុំឱ្យក្រុមការងារបច្ចេកទេស ស្រង់ក្បាលដីដែលសង់លយចូលដីរដ្ឋ បើដីមិនទាន់ចុះបញ្ជីទេ មិនអនុញ្ញាតឱ្យចុះបញ្ជី បើគាត់មិនរើរបងដែលលយចូលដីរដ្ឋចេញ។ឯកឧត្តម ក៏បានស្នើដល់ក្រុមការងារសម្រង់ឱ្យច្បាស់នូវក្បាលដីដែលលយចូលដីរដ្ឋប៉ុន្មានម៉ែត្រការ៉េ និងធ្វើការជូនដំណឹងឱ្យគាត់រុះរើរបងចេញ ប្រសិនបើគាត់មិនសហការជាមួយក្រុមបច្ចេកទេស គឺអាចឈានទៅលប់បណ្ណគាត់ចេញ ដើម្បីការគ្រប់គ្រង កុំឱ្យមានការបំពានលើដីរដ្ឋបន្តទៀត ។
សូមបញ្ជាក់ថា កិច្ចប្រជុំពន្លឿនក្រុមការងារបោះបង្គោលតំបន់ប្រើប្រាស់ច្រើនយ៉ាងទឹកសាបក្បាលឆាយ មានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុនេះ ក៏មានការអញ្ជើញចូលរួមពីប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី មន្ទីរបរិស្ថាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាលក្រុងព្រះសីហនុ ចៅសង្កាត់លេខ១។