ប្រតិភូបរិស្ថានអាស៊ានចាប់អារម្មណ៍សាលាមេត្រីបរិស្ថាននៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសនៅក្នុងស្រុកពួកខេត្តសៀមរាប

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី ០៩ ១០ ២០១៩៖

ប្រតិភូបរិស្ថានអាស៊ានចាប់អារម្មណ៍សាលាមេត្រីបរិស្ថាននៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ក្នុងស្រុកពួក ខេត្តសៀមរាប អនុវត្តការចូលរួមថែរក្សា អនាម័យនិងបរិស្ថានបានយ៉ាងល្អប្រសើរ។
ការចាប់អារម្មណ៍ក្នុងដំណើរទស្សនកិច្ចស្វែងយល់សាលាមេត្រីបរិស្ថានអាស៊ាននៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួកនេះ កាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសមកចូលរួមកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលធ្វើឡើងនៅខេត្តសៀមរាប ពីថ្ងៃទី៧-១០ ខែតុលា ឆ្នាំ២០១៩នេះ ដើម្បីរៀនសូត្រនូវបទពិសោធន៍នៃការរៀបចំ និងអនុវត្តជាសាលាមេត្រីបរិស្ថាននៅកម្ពុជា ពិសេសចំពោះការងារគ្រប់គ្រងបរិស្ថានរបស់កម្ពុជា។
បើតាមការឲ្យដឹងពីលោក អាន លឹមខេង នាយកសាលាមេត្រីបរិស្ថាននៃវិទ្យាល័យពួក បានបញ្ជាក់ថា វិទ្យាល័យគំរូនេះ បានអនុវត្តការបញ្ជ្រាបការអប់រំបរិស្ថានក្នងថ្នាក់ ឬក្រៅថ្នាក់ តាមរយៈរួមគ្នាថែរក្សាអនាម័យ បរិស្ថាន ការញែកសំរាមដាច់ដោយឡែកពីគ្នា ការបង្កើតជាសួនជីវៈចម្រុះ និងការដាំបន្លែ ដើមឈើ ជួយបង្កើតនូវទម្លាប់ ឬឥរិយាបទវិជ្ជមានចំពោះបរិស្ថានផ្សារភ្ជាប់ពីសិស្សានុសិស្សនៅសាលារៀន និងទៅសហគមន៍។ លោកថ្លែងថា «ការចូលរួមពីសហគមន៍ គឺវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកែប្រែពីសាលា រៀនធម្មតាមួយទៅជាសាលាមេត្រីបរិស្ថាននោះ។ សហគមន៍ចូលរួម ទើបសាលារៀនខ្លាំង សាលារៀនខ្លាំង ទើបផលិតបានធនធានល្អសម្រាប់សង្គមជាតិ»។
ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថានកម្ពុជា ដែលដឹកនាំប្រតិភូបរិស្ថានអាស៊ានទៅទស្សនកិច្ចនៅសាលាមេត្រីបរិស្ថានអាស៊ាននេះ បានលើកទឹកចិត្តឲ្យមានការប្តេជ្ញាចិត្ត និងការអនុវត្តការប្រតិបត្តិបរិស្ថានគ្រប់ស្ថាប័នសិក្សា និងលើកទឹកចិត្តឲ្យសហគមន៍មានការយកចិត្តទុកដាក់លើអនាម័យបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ។
សូមបញ្ជាក់ថា វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក បានទទួលជ័យលាភីសាលាមេត្រីបរិស្ថាន ដែលផ្តល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងបរិស្ថាន ក្នុងឆ្នាំ២០១៧ បន្ទាប់ពីបានយកចិត្តទុកដាក់ខ្ពស់ចំពោះបរិស្ថាន ផ្តល់គុណតម្លៃ និងការថែរក្សាបរិស្ថាន៕