អាស៊ានពិនិត្យលើកិច្ចព្រមព្រៀងស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី ០៩ ១០ ២០១៩៖


រដ្ឋមន្រ្តីបរិស្ថានអាស៊ាន បានបើកកិច្ចប្រជុំពិនិត្យលើភាគី សន្និសីទកិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន ដើម្បីឈានទៅសហការរួមគ្នាលើការគ្រប់គ្រងការបំពុលដោយផ្សែងអ័ព្ទ ដែលកើតចេញពីទន្ទ្រានដីព្រៃ និងការដុតព្រៃ។
កិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន នៅលើទឹកដីខេត្តសៀមរាបព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ប្រព្រឹត្តទៅក្រោមការដឹកនាំដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងមាន ការចូលរួម ពីរដ្ឋមន្ត្រីបរិស្ថាននៃសមាគមអាស៊ាន និងប្រតិភូ អគ្គលេខាធិការអាស៊ាន ជាច្រើន នាក់។ កិច្ច ប្រជុំ បានផ្តោតទៅលើកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ានលើកទី១៥នៃភាគីសន្និសិតកិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន។
ឯកឧត្តម សាយ សំអាល់ បានស្វាគមន៍យ៉ាងចំពោះកិច្ចខិតខំរួមគ្នាគ្រប់គ្រង ការបំពុលដោយផ្សែងអ័ព្ទ កើតចេញពីទន្ទ្រានដីព្រៃ និងការដុតព្រៃ ខណៈបញ្ហានេះត្រូវបានប្រទេសអាស៊ានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការគ្រប់គ្រងផ្សែងអ័ព្ទឆ្លងដែន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០២ ហើយចូលជាផ្លូវការនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៣។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនៅថ្ងៃនេះ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងជួបពិភាក្សាតាមកម្មវិធីដែលបានគ្រោងទុកដូចជា ការពិនិត្យនិងគម្រោងផែនការគ្រប់គ្រងស្ថានភាព អាកាសធាតិ និងផ្សែងអ័ព្ទឆ្លងដែន ។ ជាមួយគ្នានេះអង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាលើឯកសារទាក់ទងទៅនឹងស្ថានភាពភ្លើងឆេះព្រៃ និងផ្សែងអ័ព្ទ និងផែនការសកម្មភាពរបស់ប្រទេសជាសមាជិកអាស៊ាន ការធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងលើការគ្រប់គ្រងផ្សែងអ័ព្ទឆ្លងដែនក្នុងក្របខណ្ឌជាតិ និងតំបន់ ផែនទីបង្ហាញផ្លូវនៃកិច្ចសហប្រតិបត្តិការ ដើម្បីគ្រប់គ្រងផ្សែងអ័ព្ទឆ្លងដែន ការស្វែងរកមូលនិធិ ដើម្បីគ្រប់ផ្សែងអ័ព្ទឆ្លងដែនរបស់អាស៊ាន ការធ្វើបច្ចុប្បន្នភាពនូវការបង្កើតមជ្ឍមណ្ឌលគ្រប់គ្រងផ្សែងអ័ព្ទឆ្លងដែន ការពិនិត្យរបាយការណ៍នៃកិច្ចប្រជុំក្រុមការងារអាស៊ានលើកទី៤ស្តីពីដីមមោក កម្មវិធីកិច្ចសហប្រតិបត្តិការជាមួយដៃគូ ការបង្កើតការិយាល័យធ្វើការសម្រាប់គណៈកម្មាធិការប្រតិបត្តិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ។
រដ្ឋមន្រ្តីបរិស្ថានអាស៊ាន កាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩នេះ ក៏បានអនុម័តលើឯកសារគោលនយោបាយសំខាន់ៗចំនួន៣ ដែលពាក់ព័ន្ធទៅនឹងសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុនៅកិច្ចប្រជុំកំពូលលើកទី២៥នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(COP25-UNFCCC), សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអាស៊ានស្តីពីបរិស្ថាន និងឯកសារទទួលយកសំណើសុំដាក់បញ្ចូលឧទ្យានជាតិចំនួន៥ ក្នុងនោះរបស់ប្រទេសថៃចំនួន២ ឧទ្យានជាតិរបស់វៀតណាមចំនួន២ និងឧទ្យានជាតិរបស់ប្រទេសមីយ៉ាន់ម៉ាចំនួន១ ជាឧទ្យានបេតិកភណ្ឌអាស៊ាន ដើម្បីធានាការពារដល់ធនធានបរិស្ថាន និងជីវៈចម្រុះ៕