ក្រុមប្រតិបត្តិករទេសចរណ៍ជាង​១០០នាក់នៅ​ខេត្តសៀមរាបគ្រោងធ្វើដំណើរកម្សាន្តដោយប្រើប្រាស់រថយន្តផ្ទាល់ខ្លួនជាច្រើនគ្រឿងទៅកាន់ខេត្តចំនួន៣របស់ថៃនៅចុងខែតុលានេះ

AKP សៀមរាប ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ -នៅ​ក្នុងសន្និសីទសារព័ត៌មាននៅខេត្តសៀមរាប កាលពីរសៀលថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី​០៨ ខែ​តុលា ឆ្នាំ២០១៩ លោក ហ៊្វីលិប កៅ ប្រធាន​សមាគមក្លិបទេសចរណ៍ខេត្តសៀមរាប​ បានមាន​ប្រសាសន៍ថា ដោយយោងទៅតាម​សេចក្តីជូនដំណឹងរបស់​ក្រសួងទេសចរណ៍ ដែល​អាចឱ្យភ្ញៀវទេសចរនៅប្រទេសជិតខាងអាច​មក​កម្សាន្តនៅខេត្តសៀមរាបតាមរយៈប្រើប្រាស់រថយន្តផ្ទាល់ខ្លួនបាននោះ ក្រុមប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប រួមជាមួយទីភ្នាក់ងារទេសចរណ៍កម្ពុជា អាជ្ញាធរខេត្តសៀមរាប បានរៀបចំកម្មវិធីធ្វើដំណើរកម្សាន្តដោយប្រើប្រាស់រថយន្តផ្ទាល់ខ្លួនជាច្រើនគ្រឿងទៅកាន់ខេត្តចំនួន៣របស់ថៃ ចាប់ពីថ្ងៃទី២៣ ដល់២៦ ខែតុលា ឆ្នាំ២០១៩នេះ ដែលមានខេត្តឈុនបូរី នគរាជសីមា និងខេត្តបូរីរ៉ាំ ដោយប្រើប្រាស់រយៈពេល៣ថ្ងៃ។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីពង្រឹងទំនាក់ទំនងលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ និងចង់បង្ហាញទៅភ្ញៀវទេសចរនៃប្រទេសជិតខាង ដែលនិយមចូលចិត្តធ្វើដំណើរកម្សាន្តតាមរយៈរថយន្តផ្ទាល់ខ្លួន គឺអាចធ្វើដំណើរមកកម្សាន្តនៅខេត្តសៀមរាប​បាន​ដោយងាយស្រួល។

លោក ហ៊្វីលិប កៅ បាន​​បញ្ជាក់ថា នៅ​ក្នុងដំណើរកម្សាន្តទៅកាន់ខេត្តចំនួន ៣របស់ប្រទេសថៃនេះ សមាគមក្លិបទេសចរណ៍ខេត្តសៀមរាប នឹងនាំយកនូវទិដ្ឋភាព និងទេសភាពរមណីយដ្ឋានទេសចរណ៍ដែលមាននៅក្នុងខេត្តសៀមរាប​ជាច្រើន ទៅធ្វើបទបង្ហាញដល់ក្រុមប្រតិបត្តិករទេសចរណ៍របស់ថៃ ហើយគ្រោងចុះកិច្ចព្រមព្រៀងជាមួយដៃទំនាក់ទំនងលើវិស័យទេសចរណ៍មួយចំនួនផងដែរ។

លោក ហ៊្វីលិប កៅ បានអំពាវនាវឱ្យប្រតិបត្តិករទេសចរណ៍ចូលរួមនៅក្នុងកម្មវិធីនេះឱ្យបានច្រើន ព្រោះថា នេះជាលើទី១ដែលសមាគមក្លិបទេសចរណ៍ខេត្តសៀមរាបសហការជា មួយអាជ្ញាធរខេត្តរៀបចំកម្មវិធីនេះឡើង ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរនៃប្រទេសជិតខាង ដែលនិយមចូលចិត្តធ្វើដំណើរកម្សាន្តតាមរយៈរថយន្តផ្ទាល់ខ្លួនឱ្យធ្វើដំណើរមកកម្សាន្តនៅខេត្តសៀមរាបឱ្យបានច្រើន។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរ​ទេសចរណ៍ខេត្តសៀមរាប បាន​មាន​ប្រសាសន៍ថា មន្ទីរទេសចរណ៍ក៏ដូចជាអាជ្ញាធរខេត្តសៀមរាប មាន​ការ​គាំទ្រយ៉ាង​ពេញ​ទំហឹងចំពោះ​កម្មវិធីនេះ។លោកបាន​ចាត់ទុកសកម្មភាព​នេះ ជាការផ្សព្វផ្សាយរួមគ្នារវាងផ្នែកឯកជន និងរដ្ឋជា

មួយភាគីពាក់ព័ន្ធនៃខេត្តទាំង​បីរបស់ប្រទេសថៃ។ លោកបន្តថា កន្លងមកក្រសួងទេសចរណ៍បាន​ធ្វើកម្មវិធីបែបនេះច្រើនហើយ ប៉ុន្តែធ្វើក្នុងកម្រិតថ្នាក់ជាតិ តែពេលនេះយើងធ្វើកម្រិតខេត្តនិងខេត្តនៅជាប់ព្រំដែន ហើយសកម្មភាពនេះនឹងធ្វើឱ្យទំនាក់ទំនងលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ជាពិសេសខេត្តនៅជាប់ព្រំដែនកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា ក្រសួងទេសចរណ៍កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ បានចេញសេចក្តីជូនដំណឹងមួយក្នុងគោលបំណងដើម្បីសម្រួលការធ្វើដំណើរ និងកាត់បន្ថយរបាំងមិនចាំបាច់ ជូនភ្ញៀវទេសចរអន្តរជាតិដែលចូលមកទស្សនាកម្ពុជា ដោយក្រសួងទេសចរ ណ៍ បានសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការសម្រួលបែបបទនៃការធ្វើដំណើរមួយចំនួនដូចជា អំពីបែបបទចូល-ចេញតាមច្រកទ្វារព្រំដែនអន្តរជាតិ ភ្ញៀវទេសចរដែលបើកបរដោយខ្លួនឯង(Self Driving Tours)មានបំណងចូលមកទស្សនាក្នុងប្រទេសកម្ពុជាដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួននាំចូលបណ្តោះអាសន្ន និងចេញទៅវិញតាមច្រកទ្វារព្រំដែនអន្តរជាតិនានាទូទាំងប្រទេស អាចបំពេញប្រតិ វេទន៍គយសង្ខេប សម្រាប់មធ្យោបាយធ្វើដំណើរចូល-ចេញបណ្តោះអាសន្នរបស់ភ្ញៀវទេសចរជាមួយមន្រ្តីគយច្រកទ្វារតែម្តង។ ភ្ញៀវទេសចរមិនចាំបាច់បង់ប្រាក់និមុត្តិធានា (Deposit) និងថ្លៃធានារ៉ាប់រងឡើយជាដើម៕

ដោយ ឃុត សៅ